បណ្តាញសកម្មជនការពារព្រៃឈើមួយនៅក្នុងតំបន់ព្រៃឡង់បានអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលបទចោទ ប្រកាន់លើសមាជិកមួយរូបដែលត្រូវចោទពីបទប៉ុនប៉ងមនុស្សឃាតកាលពីឆ្នាំមុនដោយសារភាពសកម្មក្នុងការឃ្លាំមើលនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ចេញផ្សាយនៅសប្តាហ៍នេះ។
សកម្មជនសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់គឺលោក ចាន់ ធឿន អាយុ៣៥ឆ្នាំនិងជាឪពុកកូនពីរនាក់បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋខាងលើក្រោយមានការប្តឹងផ្តល់ពីបុរសម្នាក់ឈ្មោះ ប៉ាក យ៉ាងគួដែលជាកូនរបស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំនិងដែលត្រូវបណ្តាញសហគមន៍ព្រៃឡង់ចោទថាជា«ជនល្មើសកាប់ឈើ»។
សេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ចុះថ្ងៃទី២២ ខែកញ្ញា បានលើកឡើងតាមន័យដើមថា៖ «ជនល្មើស(ប៉ាក យ៉ាងគួ) បានបន្តប្តឹងសមាជិកបណ្តាញសហគមន៍ព្រៃឡង់ព្រោះគាត់បានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ពួកគេពីបទប៉ុនប៉ងមនុស្សឃាត។ នេះពិតជាសកម្មភាពនៃការបំបាក់ស្មារតីដោយមានការស្អប់ខ្ពើមចំពោះគាត់និងសកម្មជនដទៃទៀត»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «លោក ចាន់ ធឿន គឺជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនព្រៃឡង់ដែលត្រូវបានតែងតាំងជាតំណាងបណ្តាញសហគមន៍ព្រៃឡង់ដើម្បីឃ្លាំមើលមើលពីស្ថានភាពបទល្មើសចេញពីសហគមន៍ព្រៃឈើនិងតំបន់ព្រៃឡង់។ លោកចាន់ ធឿន ត្រូវបានភៀសខ្លួនចេញពីស្រុកកំណើតដោយសារតែព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួននិងបណ្តឹងពីជនល្មើស(ប៉ាក យ៉ាងគួ)»។
លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំបានថ្លែងការពារសេចក្តីកា្លហានរបស់សកម្មជនការពារព្រៃឈើលោកចាន់ ធឿនដែលលោកអះអាងថាមិនបានធ្វើសកម្មភាពប៉ុនប៉ងធ្វើឃាតបុគ្គលណាមួយនោះទេ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនិងមន្ត្រីតុលាការពិចារណាទម្លាក់ចោលបទចោទលើលោកចាន់ ធឿនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារសម្បត្តិធម្មជាតិនៅតំបន់ព្រៃឡង់។
លោកថ្លែងថា៖ «ចាន់ធឿន គឺជាមនុស្សសកម្មនៅក្នុងសកម្មភាពនៃការល្បាតព្រៃ។ អីចឹងគឺតុលាការហាក់ដូចជាចោទផ្ទុយទៅលើសកម្មភាពរបស់សកម្មជន។អ្នកដែលការពារវាទៅជាខុសច្បាប់ហើយអ្នកដែលប្រព្រឹត្តបទល្មើសវាទៅជាត្រូវច្បាប់ទៅវិញ»។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក ខេង ខូ អាយុ៤៩ឆ្នាំដែលចូលរួមធ្វើសេចក្តីថ្លែងការណ៍ទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់លើលោកចាន់ ធឿន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា សកម្មជនការពារព្រៃឡង់ក្នុងខេត្តកំពង់ធំរូបនោះមិនបានធ្វើសកម្មភាពឧក្រិដ្ឋដូចការចោទប្រកាន់របស់បុគ្គលឈ្មោះយ៉ាងគួដែលសមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំចោទថាជាជនល្មើសរកស៊ីឈើខុសច្បាប់។
លោកថ្លែងសំដៅដល់ការងាររបស់លោក ចាន់ ធឿន យ៉ាងដូច្នេះ៖ «គាត់ទៅគាត់ដើរព្រៃ គាត់មកវិញក៏ឃើញបទល្មើសគាត់ថត ដល់ពេលគាត់ថតទៅក្រុមបទល្មើសនោះឃើញសកម្មភាពថតគាត់ដកហូតទូរស័ព្ទហើយមកលុបសកម្មភាពរូបថតគេចេញហើយក៏ឆក់យកខ្វែវគេពីចង្កេះហើយចោទគេថា គេលួចធ្វើអត្តឃាត។ ហើយខ្លួនគាត់តែម្នាក់ឯងរួចគ្នាគាត់បទល្មើសម៉ាគោយន្តហើយ យើងហ៊ានអត់យើងយកការពិចារណាមកវិភាគមើលវាអត់ត្រូវទេការចោទប្រកាន់ គឺខុសហើយ»។
តាមសេចក្តីថ្លែងការណ៍របស់ខ្លួនបណ្តាញសហគមន៍ព្រៃឡង់រៀបរាប់ឡើងវិញអំពីហេតុការណ៍ដែលបានកើតឡើងចំពោះលោកចាន់ ធឿនថា កាលពីរសៀលថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២០នៅចន្លោះម៉ោង៣ដល់ម៉ោង៣.៤០នាទីនៅចំណុចភូមិត្រពាំងត្រឡាចឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំស្ថិតក្បែរតំបន់ព្រៃឡង់។ នៅពេលលោក ចាន់ ធឿនកំពុងធ្វើដំណើរមកពីល្បាតព្រៃជាមួយសមាជិកសហគមន៍ព្រៃឈើហុងជំទិតគាត់បានប្រទះឃើញគោយន្តដឹកឈើមួយគ្រឿងមានគ្នា២នាក់គាត់ក៏បានលើកទូរស័ព្ទថតរូបក៏ត្រូវបានជនល្មើសមកប្រទាញយកទូរស័ព្ទតែមិនបានសម្រេច។
សេចក្តីថ្លែងការណ៍ដដែលរៀបរាប់បន្តថាបន្តិចក្រោយមកពួកគេបានស្ទុះមកមានកាំបិតស្នៀតភ្ជង់គំរាមចាន់ ធឿនហើយបានយកទូរស័ព្ទទៅលុបរូបថតរាល់សកម្មភាពដឹកជញ្ជូនឈើចោលនិងបានយកទូរស័ព្ទពីចាន់ ធឿន ដែលជាជនរងគ្រោះដោយប្រើពាក្យ «អញគុំទុកយូរហើយ»។
បណ្តាញសហគមន៍ព្រៃឡង់បានថ្លែងថា៖«យើងខ្ញុំទាំងអស់គ្នាជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ដែលបាន និងកំពុងធ្វើការងារការពារព្រៃឈើនិងធនធានធម្មជាតិអស់រយៈពេលជាងពីរទសវត្សរ៍នៅក្នុងតំបន់ព្រៃឡង់សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាទម្លាក់បទចោទប្រកាន់និងបន្តស៊ើបអង្កេតដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដែលកំពុងរង់ចាំយុត្តិធម៌អស់រយៈពេលមួយឆ្នាំមកហើយ»។
បណ្តាញសហគមន៍លើកឡើងបន្ថែមថា៖ «យើងខ្ញុំបណ្តាញសហគមន៍ព្រៃឡង់មានការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់យើងខ្ញុំខណៈមានការបំភិតបំភ័យនិងការគំរាមកំហែងដល់អាយុជីវិតរបស់យើងខ្ញុំដូចជាការប៉ុនប៉ងធ្វើឃាតដោយអ្នកកាប់ឈើខុសច្បាប់និងអ្នកដែលគាំទ្រពួកគេ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីភាគីលោកប៉ាក យ៉ាងគួ ដើម្បីឆ្លើយតបទៅនឹងការថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់បាននៅឡើយទេ។
ចំណែកឯលោកសុក ហៃអភិបាលរងខេត្តកំពង់ធំនិងជាអ្នកនាំពាក្យបានបដិសេធមិនផ្តល់ការអធិប្បាយដោយបានបង្វែរសំណួរទៅតុលាការខេត្ត។
លោកបញ្ជាក់ថា៖ «អីចឹងលោកឯងសួរទៅស្ថាប័នតុលាការទៅព្រោះរឿងវាមួយឆ្នាំជាងទៅហើយ»។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំលោកសាយ វាសនា បញ្ជាក់ថាតុលាការខេត្តមិនទាន់បានឃើញសំណុំរឿងរបស់លោកចាន់ ធឿន នៅឡើយទេ និងមិនដឹងថាតើដំណើររឿងចោទប្រកាន់គ្នារវាងលោកចាន់ធឿន និងបុរសឈ្មោះប៉ាកយ៉ាងគួ បានកើតឡើងយ៉ាងដូចម្តេចនោះដែរ។
អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ធំលោក សុខ រដ្ឋា និយាយថាការិយាល័យលោកមិនទាន់បានការស្នើសុំពឹងពាក់សេវាច្បាប់ពីបណ្តាញសហគមន៍ព្រៃឡង់ទេប៉ុន្តែលោកថាតុលាការគួរមានការអង្កេតរកឃើញខុសត្រូវពាក់ព័ន្ធនឹងការចោទប្រកាន់រវាងភាគីសកម្មជននិងបុគ្គលដែលគេចោទថាប្រព្រឹត្តបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នោះ។
លោកថ្លែងថា៖ «កាលណាបើសិនជាអ្នកអនុវត្តច្បាប់គាត់ពិតជាប្រកាន់គោលការណ៍នីតិរដ្ឋដោយហ្មត់ចត់ ដោយពិតប្រាកដមែននោះអីចឹងគួរតែរកយុត្តិធម៌ឲ្យភាគីទាំងសងខាងទៅ»។
មន្ត្រីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោកសាន់ ម៉ាឡាក៏ចង់ឃើញតុលាការជម្រះរឿងក្តីលោក ចាន់ ធឿន ដោយត្រឹមត្រូវនិងឥតលម្អៀងដើម្បីលើកទឹកចិត្តដល់សកម្មជនព្រៃឈើផ្សេងទៀតឲ្យបន្តកត់ត្រាទុកសកម្មភាពខុសច្បាប់ដែលនាំឲ្យហិនហោចសម្បត្តិព្រៃឈើដែលនៅសេសសល់ក្នុងប្រទេស៕