ក្រុមអតីតសហសេវិករបស់លោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា.បាននិយាយថា លោកគួរដកខ្លួនលោកចេញពីការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកាំង ហើយលោកគួរតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់នៅក្រោយលោកប្រធានាធិបតី Donald Trump បានដកលោក James Comey នាយកការិយាល័យ FBI ចេញពីតំណែងជាបន្ទាន់កាលពីថ្ងៃអង្គារ។
លោក Doug Gansler អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Maryland ដែលបានគាំទ្រការជ្រើសរើសលោក Rosenstein ឱ្យកាន់តំណែងលេខ២ក្នុងក្រសួងយុត្តិធ៌មអាមេរិកាំងបាននិយាយថា «តើលោក Rosenstein អាចធ្វើការងារដោយមិនលម្អៀងនៅក្នុងការស៊ើបអង្កេតនេះឬទេ? ប្រហែលលោកអាចធ្វើបាន។ ក៏ប៉ុន្តែនៅពេលនេះភាពគួរឱ្យជឿទុកចិត្តបានបានបាត់បង់ទៅហើយ ហើយខ្ញុំមិនយល់ថាក្រសួងយុត្តធម៌អាចធ្វើការស៊ើបអង្កេតនេះបានដោយមិនជួលទីប្រឹក្សាខាងច្បាប់ពីខាងក្រៅទេ»។
លោក Rory Little អតីតជំនួយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា.ដែលបានស្គាល់លោក Rosenstein ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក និងដែលបានគាំទ្រការតែងតាំងលោកដែរនោះបាននិយាយថា លោក Rosenstein «ទំនង» ជាតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់។
លោក Little បានថ្លែងថា «ប្រសិនបើលោក Rosenstein តែងតាំងរដ្ឋអាជ្ញាម្នាក់ឱ្យធ្វើការស៊ើបអង្កេតនេះ លោកអាចបញ្ចៀសមិនឱ្យមានការរិះគន់ដល់ខ្លួនលោក និងដល់ក្រសួងយុត្តិធម៌ផងដែរ៕