កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា សមាជិកគណបក្សសាធារណរដ្ឋនឹងមិនរៀបចំសន្និបាតជាតិរបស់គណបក្សនៅក្នុងឆ្នាំនេះនៅរដ្ឋ North Carolina នោះទេ ដោយសារតែអភិបាលរដ្ឋមិនព្រមដកចេញនូវបម្រាមដែលហាមឃាត់ការរៀបចំព្រឹត្តិការណ៍ធំៗ ដែលបានដាក់ក្នុងគោលបំណងរារាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
មនុស្សប្រហែល ១ ម៉ឺន ៩ ពាន់នាក់ ដែលរួមមានទាំងប្រតិភូ និងមន្ត្រីគណបក្សផងដែរ ដំបូងត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋនៅមជ្ឈមណ្ឌល Spectrum Center ក្នុងទីក្រុង Charlotte រដ្ឋ North Carolina នៅចុងខែសីហាខាងមុខ ដើម្បីតែងតាំងលោកប្រធានាធិបតី Trump ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
កន្លងមក លោក Trump និងមន្ត្រីគណបក្សសាធារណរដ្ឋ ចង់ឲ្យអភិបាលរដ្ឋ North Carolina លោក Roy Cooper ខាងគណបក្សប្រជាធិបតេយ្យ អនុញ្ញាតឲ្យគណបក្សសាធារណរដ្ឋរៀបចំសន្និបាតគណបក្សឲ្យបានពេញលេញដូចធ្វើឡើងជាទូទៅ ដោយមានប្រតិភូចូលរួមពាសពេញទីលាន ដើរដោយសេរីដោយមិនបាច់ពាក់ម៉ាស់។
ប៉ុន្តែ កាលពីថ្ងៃអង្គារម្សិលមិញ លោកអភិបាលរដ្ឋ Cooper បានបដិសេធចំពោះការស្នើនេះ ដោយនិយាយថា «ការរៀបចំសន្និបាតដោយមានអ្នកចូលរួមតិចតួច រក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ គឺចាំបាច់បំផុត» ដោយហេតុថា អាជ្ញាធរនៅមិនទាន់ច្បាស់អំពីស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅឡើយទេ នៅពេលដែលសន្និបាតនេះចង់ចាប់ផ្ដើមនៅខែសីហាខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា មន្ត្រីគណបក្សសាធារណរដ្ឋនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Nashville រដ្ឋ Tennessee ដែលស្ថិតនៅចម្ងាយជាង ៦០០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Charlotte រដ្ឋ North Carolina ក្នុងគោលបំណងស្វែងរកកន្លែងថ្មីដើម្បីរៀបចំសន្និបាតរបស់គណបក្ស។ ទីក្រុងមួយចំនួនទៀតដែលគណបក្សសាធារណរដ្ឋកំពុងពិចារណាគឺទីក្រុង Jacksonville និងទីក្រុង Orlando នៃរដ្ឋ Florida ទីក្រុង Las Vegas នៃរដ្ឋ Nevada និងទីក្រុងមួយចំនួនទៀតនៃរដ្ឋ Georgia៕