អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ការពារគម្រោងព្រែកជីកហ្វូណនតេជោថាសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ មិនមែនជួយសម្រួលដល់កងទ័ពជើងទឹកចិនដូចការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនឡើយ។
លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលើកឡើងបែបនេះក្រោយមានការផ្សព្វផ្សាយថា គម្រោងព្រែកជីកនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីកកំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។
លោក ហ៊ុន សែន បានបង្ហោះសារជាអក្សរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ថា៖«ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ»។
ប្រធានព្រឹទ្ធសភារូបនេះបន្ថែមថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងថា ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖«យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ កាសែត The Straitstimes ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយដោយដាក់ចំណងជើងថា៖ «វៀតណាមបារម្ភថា គម្រោងព្រែកជីកនៅកម្ពុជាអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន»។
ក្នុងអត្ថបទនោះបានដកស្រង់ការរៀបរាប់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកគឺជាគម្រោង «មុខពីរ» ដែលទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិនយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាមផងដែរ។
អត្ថបទដដែលក៏បានស្រង់សម្តីអ្នកស្រាវជ្រាវវៀតណាមក្នុងន័យដើមថា៖ «ការចាក់សោព្រែកជីកហ្វូណនតេជោ អាចបង្កើតជម្រៅទឹកចាំបាច់សម្រាប់នាវាយោធាចូលពីឈូងសមុទ្រថៃ ឬពីមូលដ្ឋានទ័ពជើងទឹករាម ហើយធ្វើដំណើរចូលជ្រៅទៅក្នុងប្រទេសកម្ពុជា ហើយចូលទៅជិតព្រំដែន (កម្ពុជា-វៀតណាម)»។
គម្រោងផ្លូវនាវាចរណ៍ ហៅថា «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងដែលមានតម្លៃប្រមាណជា ១៧០០ លានដុល្លារអាមេរិក ដែលគម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន។ គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅវៀតណាម កាលពីពេលកន្លងទៅ នាយករដ្ឋមន្ត្រីរូបនេះបានបំភ្លឺទៅនឹងការព្រួយបារម្ភរបស់វៀតណាមថា៖ «គម្រោងនេះមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់របបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀតនោះទេ។ ទន្ទឹមនេះ រក្សាបាននូវស្ថិរភាព បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ»។
អ្នកតាមដានភូមិសាស្រ្តនយោបាយក្នុងតំបន់ លោក សេង វណ្ណលី ប្រាប់វីអូអេថា ការប្រតិកម្មរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានភាពគ្រប់ជ្រុងជ្រោយ និងថាកម្ពុជានៅមិនទាន់មានផ្លូវសម្រាប់ដឹកជញ្ជូនផ្លូវទឹក ដែលអាចចល័តទំនិញនៅតាមសមុទ្របាននៅឡើយទេ។
អ្នកវិភាគរូបនេះបន្ថែមថា បើទោះរដ្ឋាភិបាលកម្ពុជាធ្លាប់ស្រាយបំភ្លឺបញ្ហានេះទៅកាន់រដ្ឋាភិបាលវៀតណាមហើយក្តី ក៏វៀតណាមនៅមិនទាន់អស់ចិត្តដែរ ដោយប្រើប្រាស់ស្ថាប័នស្រាវជ្រាវខ្លួនដើម្បីធ្វើការសន្និដ្ឋានលើគម្រោងព្រែកជីកហ្វូនណនតេជោថានឹងសម្រួលដល់កងទ័ពចិន។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការប្រើប្រាស់ស្ថាប័នស្រាវជ្រាវដើម្បីចោទប្រកាន់កម្ពុជាពីគម្រោងព្រែកជីកហ្វូណននេះក្នុងគោលដៅដើម្បីបង្អាក់គម្រោងហ្នឹង ហើយដើម្បីបង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានតំបន់ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិឱ្យកាន់តែច្រើនដើម្បីធ្វើម៉េចឱ្យកម្ពុជាមិនអាចបន្តគម្រោងព្រែកជីកហ្វូណននេះបាន»។
អ្នកវិភាគនយោបាយអន្តរជាតិ លោក រ៉ឹម សុខវី លើកឡើងថា ក្នុងសំណេររបស់លោក ហ៊ុន សែន គឺហាក់ចង់សំដៅទៅអាមេរិកជាជាងវៀតណាម និងថាលោក ហ៊ុន សែន ប្រហែលជាជឿថាអាមេរិកជាអ្នកនៅពីក្រោយរឿងនេះ។
អ្នកវិភាគរូបនេះបន្ថែមថា សេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន កំពុងព្យាយាមសម្របសម្រួលទាំងចិន និងវៀតណាមថា ការចូលរួមរបស់ចិននៅកម្ពុជា មិនមែនជាកង្វល់សម្រាប់វៀតណាមនោះទេ។
លោកបញ្ជាក់ជាអក្សរតាមប្រព័ន្ធតេលេក្រាមថា៖ «ខ្ញុំគិតថាសេចក្តីថ្លែងការណ៍របស់គាត់កើតចេញពីការមានទំនាក់ទំនងជាយូរមកហើយ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចិន និងវៀតណាម ខណៈដែលគាត់ជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ ហើយចិននិងវៀតណាមបានរួមចំណែកច្រើនក្នុងតួនាទីរបស់គាត់»។
បើតាមលោក រ៉ឹម សុខវី រដ្ឋាភិបាលកម្ពុជានឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីការពារគម្រោងនេះមិនឲ្យបរាជ័យដែលលោកថា គម្រោងនេះអាចរួមចំណែកយ៉ាងសំខាន់ដល់មុខមាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់អំណាចបានជិតមួយឆ្នាំ៕