លោក Hunter Biden កូន​ប្រុស​ប្រធានាធិបតី​ត្រូវបាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទឧក្រិដ្ឋ​ទាំង​បី​នៅក្នុង​សំណុំ​រឿង​ទិញ​អាវុធ

លោក Hunter Biden ចាកចេញពី​តុលាការ​ព្រហ្មទណ្ឌ នៅទីក្រុង Wilmington រដ្ឋ Delaware សហរដ្ឋអាមេរិក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

លោក Hunter Biden ​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​ទាំង​បី​ ទាក់ទិន​នឹង​ការទិញ​កាំភ្លើង​ខ្លី​ក្នុង​ឆ្នាំ​ ២០១៨​ ដោយ​រដ្ឋ​អាជ្ញា​បាន​ចោទ​ថា ​កូនប្រុស​របស់​លោក​ប្រធានាធិបតី​បាន​កុហក​លើ​ពាក្យ​សុំ​ទិញ​កាំភ្លើង ​ដោយ​និយាយ​ថា​ លោក​មិនបាន​ប្រើប្រាស់​សារធាតុញៀនខុស​ច្បាប់​ ឬ​ញៀនថ្នាំ​នោះ​ទេ។

ក្រុម​គណៈ​វិនិច្ឆ័យបាន​រកឃើញ​ថា ​លោក​ Hunter Biden ​មាន​ពិរុទ្ធ​ពី​បទកុហក​អ្នកលក់​កាំភ្លើង​ដែល​មាន​អាជ្ញាបណ្ណ​សហព័ន្ធ ​ដោយ​បាន​ធ្វើការ​អះអាង​មិន​ពិត​លើ​ពាក្យ​សុំទិញ​ដោយ​និយាយ​ថា លោក​មិនមែន​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ​ហើយ​បាន​កាន់កាប់​កាំភ្លើង​នោះ​ដោយ​ខុសច្បាប់​រយៈពេល ១១ ​ថ្ងៃ។

លោក​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ​២៥​ ឆ្នាំ​នៅពេល​ដែល​អ្នកស្រី​ចៅក្រម Maryellen Noreika ​សម្រេច​ទោសទណ្ឌ​ ប៉ុន្តែ​ជនល្មើស​លើក​ដំបូង​មិន​ទទួល​បានទោស​ ជិតដល់​កម្រិត​អតិបរមា​ទេ​ ហើយ​គេ​មិនច្បាស់​ទេ​ថា​តើ​អ្នកស្រី​នឹង​សម្រេច​ដាក់​ពន្ធនាគារ​ឬ​យ៉ាងណា។

ឥឡូវនេះ​ លោក​Hunter Biden ​និង​បេក្ខជន​ប្រធានាធិបតី​សន្មត់​មកពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ Donald Trump ​ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក​ប្រធានាធិបតី Joe Biden​ ត្រូវ​បាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ដោយ​គណៈវិនិច្ឆ័យ​អាមេរិកាំង​ក្នុង​ឆ្នាំបោះឆ្នោត​មួយ​ដែល​ផ្តោត​ជាច្រើន​លើ​ការកាត់ក្តីជាជាង​អំពី​យុទ្ធនាការ​ឃោសនា​និង​ការប្រមូលផ្តុំ​មហាជន។

លោក Joe Biden ​បានជៀសវាង​ពី​សាលសវនាការ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​ Delaware​ ជា​កន្លែង​ដែល​កូនប្រុស​របស់​លោក​ត្រូវ​បាន​កាត់ទោស ​ហើយ​លោក​បាន​និយាយ​តិចតួច​អំពី​ករណី​នេះ។​ ការណ៍​នេះ​ដោយសារ​លោក​ប្រយ័ត្នប្រយែង​ក្នុង​ការបង្កើត​ចំណាប់​អារម្មណ៍​អំពី​ការជ្រៀតជ្រែក​ក្នុង​រឿង​ព្រហ្មទណ្ឌ​ដែល​ប្តឹង​ដោយ​ក្រសួងយុត្តិធម៌​របស់​លោក​ផ្ទាល់។

ប៉ុន្តែ​សម្ព័ន្ធមិត្ត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការកាត់ក្តី ​និង​ ការកាត់ទោស​នេះ​ទៅ​លើ​លោក​ប្រធានាធិបតី​ ដែល​តែងតែ​ព្រួយបារម្ភ​ជាយូរ​មកហើយ​នឹង​សុខភាព​កូនប្រុស​តែមួយ​គត់​របស់​លោក​ដែល​នៅ​រស់ ​និង​ការជៀស​ឲ្យ​ឆ្ងាយ​ពី​សារធាតុ​ស្រវឹង៕