ផ្សារព្រែកជ្រៃដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្លាប់តែកុះករដោយសកម្មភាពលក់ដូរ និងមានយានជំនិះតូចធំ ធ្វើដំណើរទៅមកកាត់តាមទីប្រជុំជន ដែលភ្ជាប់ពីតំបន់ចម្ការដូង ទៅកាន់រង្វង់មូលនារីត្រកងកួរស្រូវ នៅផ្លូវជាតិលេខ ២។
ប៉ុន្តែ ចាប់តាំងពីព្រលប់ថ្ងៃពុធមក ទីផ្សារនេះបានក្លាយជាទីទួលសុវត្ថិភាព ដែលមានកងទ័ពជើងទឹកនិងកងទ័ពជើងគោកនៅប្រមូលផ្ដុំជាមួយនឹងអូប័ររបស់ពួកគេ បន្ទាប់ពីទឹកដែលហូរហៀរចេញពីស្ទឹងព្រែកត្នោត ដែលនៅក្បែរខាងមកចាប់ផ្ដើមពន្លិចផ្លូវជាតិលេខ ២១៧។
ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ កំណាត់ផ្លូវប្រមាណ ២ គីឡូម៉ែត្រ ពីផ្សារព្រែកជ្រៃ ដល់រង្វង់មូលនារីត្រកងកួរស្រូវ អាចធ្វើដំណើរបានដោយទូកប៉ុណ្ណោះ។
សំណង់បុរីលំនៅដ្ឋាននានា ដែលនៅទាបជាងផ្លូវនេះ រងការលិចលង់យ៉ាងដំណំ។ ពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសចេញតាមទូកដឹកទាំងមនុស្ស ដឹកទាំងអីវ៉ាន់ មកកាន់ផ្សារព្រែកជ្រៃ ដែលនៅខ្ពស់ជាងទឹកនៅឡើយ។
លោក ស៊ឺន វណ្ណៈ ទើបនឹងបានមកដល់ផ្សារព្រែកជ្រៃ នារសៀលថ្ងៃព្រហស្បតិ៍ ជាមួយក្រុមសង្គ្រោះដែលបានជិះទូកទៅជញ្ជូនអីវ៉ាន់មួយចំនួនពីផ្ទះរបស់លោក ក្នុងបុរីវីអាយភី។
«អត់ដឹងទេ។ អត់ដែលដឹងថាលិចដល់ប៉ុណ្ណឹងទេ។ មកនៅពីរឆ្នាំហើយ មិនដែលជួបទេបង ទើបតែឆ្នាំនេះទេ ហើយយើងក៏មិនជឿថា ទឹកនោះវាឡើងលឿនដល់ប៉ុណ្ណឹងដែរ។ យើងអត់ជឿតែម្ដង ព្រោះកាលពីម្សិលមិញ ពេលថ្ងៃទឹកនៅមុខផ្ទះ ពួកខ្ញុំទឹកនៅអត់ទាន់លិចផ្លូវផង....អត់មានទឹកតែម្ដង ។គ្រាន់តែរយៈពេលពីរម៉ោង ទឹកឡើងចូលជិតមួយម៉ែត្រដល់ម៉ោង ១១ និងម៉ោង ១២ ថ្ងៃនោះ ទឹកចូលមកដល់ត្រឹមភ្លៅ»។
បុរសវ័យ ៣២ ឆ្នាំរូបនេះ បានបន្ថែមថា៖ «សោកស្ដាយដែរបង! យើងខូចខាតអីវ៉ាន់ច្រើនដែរ។ អីវ៉ាន់ខ្លះយើងជញ្ជូនឡើងអត់រួច..ជញ្ជូនឡើងអត់បាន។ អ៊ីចឹងដូចជាតុទូណាធំៗ ដែលយើងលើកឡើងអត់បាន ត្រូវទុកនៅក្រោមហ្នឹង។ អ៊ីចឹងវាលិចអស់ហើយខូចខាតច្រើន…សម្ភារៈមួយចំនួន»។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រសួងឲ្យដឹងថា កម្ពស់ទឹកនៅសំណង់ទ្វារទឹកទំនប់អាង ៧ មករា មានកម្រិតកម្ពស់ទឹកនៅតែបន្តកើនឡើង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សង្កាត់ចំនួន ៥ ក្នុងខណ្ឌដង្កោ កំពុងត្រូវបានលិចលង់ ហើយអាជ្ញាធរកំពុងតែជួយសង្រ្គោះប្រជាពលរដ្ឋ។
«អ្វីដែលសំខាន់ គឺយើងគិតគូរពីអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលរងផលប៉ះពាល់ហ្នឹង។ មានន័យថា ត្រូវធានាឲ្យគាត់មិនស្ថិតនៅទីតាំងជន់លិច ហើយបានមកនៅទីទួលសុវត្ថិភាព»។
លោក ម៉េត មាសភក្ដី និយាយថា លោកមិនទាន់អាចបញ្ជាក់ទិន្នន័យថា តើប្រជាពលរដ្ឋប៉ុន្មានគ្រួសារត្រូវបានជម្លៀស ហើយផ្ទះប៉ុន្មានខ្នងត្រូវបានលិចលង់នោះទេ។
«ប្រជាពលរដ្ឋរបស់យើងដែលនៅខណ្ឌផ្សេង ឬក៏នៅសង្កាត់ផ្សេង ដែលមិនមែននៅក្នុងសង្កាត់ទាំង ៥ នេះ ដែលធ្លាប់បានជូនជាព័ត៌មានមួយថ្ងៃពីរថ្ងៃ (មុន) ហ្នឹង កុំមានការព្រួយបារម្ភអីខ្លាំងពេក។ គ្រាន់តែអ្នកនៅក្បែរហ្នឹងអូខេ ប្រឹងស្ដាប់យកចិត្តទុកដាក់នូវព័ត៌មាន ដែលអាជ្ញាធរផ្សាយជូន»។
សម្រាប់ពលរដ្ឋដែលរងការលិចលង់បានឲ្យដឹងថា ពួកគេចូលមករស់នៅតាមបណ្ដោយផ្លូវលេខ ២១៧ នេះ ដ្បិតពួកគេមើលឃើញពីសក្ដានុពលសេដ្ឋកិច្ច ដែលលូតលាស់លឿននៃតំបន់ប៉ែកអាគ្នេយ៍រាជធានីភ្នំពេញនេះ។
លោក ស៊ឺន វណ្ណៈ ដែលប្រកបរបរជាបុគ្គលិកផ្នែកលក់រស់នៅបុរីវីអាយភី បានទិញដីឡូតិ៍ពីគម្រោងមួយក្នុងបុរីនេះ កាលពីឆ្នាំ ២០១៨ និងបានសាងសង់លំនៅដ្ឋានលើដីនោះក្នុងបុរីខាងលើ ដើម្បីរស់នៅជាមួយភរិយាកូនម្នាក់និងឪពុកម្ដាយ។
«ដំបូងឃើញថា គម្រោងបុរីអីទិញលក់អ៊ីចឹងទៅណា៎។ យើងមើលទៅអាចរស់នៅបាន។ តំបន់នេះវាជិតផ្សារជិតអី…មានផ្សារមានអីមានរោងចក្រអី យើងអាចនៅបាន។ តែយើងមិននឹកស្មានថា វាលិចជន់លិចមក…វាលិចដល់កម្រិតនេះអត់ដែលជួប»។
នៅខាងមុខផ្សារព្រែកជ្រៃ លោក ឃ្លោក វណ្ណា កំពុងឈរជាមួយនឹងភរិយារបស់លោក នៅនឹងម៉ូតូដែលយកចេញពីផ្ទះរបស់លោកក្នុងបុរីវីអាយភីទាន់ពេលវេលាមិនទឹកលិច។
បុរសវ័យ៥១ឆ្នាំថា រូបលោកភរិយាព្រមទាំងកូនៗត្រូវចាកចោលទូរទឹកកកទូរទស្សន៍និងម៉ាស៊ីនបោកគក់ខោអាវ ដែលនៅត្រាំទឹកជម្រៅត្រឹមជង្គង់លិចចូលជាន់ខាងក្រោមផ្ទះល្វែងរបស់លោក ក្នុងបុរីវីអាយភីនោះ ដែលលោកបានចូលមករស់នៅ កាលពីឆ្នាំ ២០១៩។
«ឃើញថា កន្លែងនេះរាងស្រឡះមិននឹកថាទឹកលិច មិននឹកថាទឹកលិចដល់ថ្នាក់ហ្នឹង។ គេថា នៅម្ដុំនេះក៏វាមិនដែលទឹកលិចដល់ថ្នាក់ហ្នឹងដែរ។ ដល់ពេលមកបានមួយឆ្នាំ ទឹកលិចដល់អ៊ីចឹង ដូចស្រងាកចិត្តដែរ»។
អង្គុយជ្រកភ្លៀងនៅក្នុងហាងលក់ទូរស័ព្ទមួយ ក្នុងតូបជួរមុខផ្សារព្រែកជ្រៃ អ្នកស្រី សោម ស្រីពៅ ពាក់ម៉ាស់ជិតមុខនិយាយលះៗ ប្រណាំងនឹងសន្ធឹកភ្លៀងធ្លាក់ថា អ្នកស្រីមកអង្គុយរង់ចាំយកម៉ូតូមួយគ្រឿង ដែលនៅនឹងជាងជួសជុលក្រោយពីម៉ូតូនោះត្រាំទឹកអស់មួយយប់កន្លងមក ក្នុងគេហដ្ឋានអ្នកស្រី ក្នុងបុរីសាន់ស៊ីមិច។
កម្មការិនីរោងចក្រកាត់ដេរ វ័យ ២៦ ឆ្នាំរូបនេះ បានទិញផ្ទះក្នុងបុរីនេះ កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៣៨០០០ ដុល្លារ។
«តំបន់នេះវាអភិវឌ្ឍណាបង! វាសម្បូរបុរីអីច្រើអ៊ីចឹង។ តំបន់វាអភិវឌ្ឍ…ពេញចិត្តហើយណាមួយពីផ្លូវជាតិទៅផ្ទះខ្ញុំនោះ វាជិតផងបានស្រឡាញ់ហ្នឹងនោះ ហើយនឹកស្មានអត់ដល់ថា វាមានទឹកជំនន់អ៊ីចឹងទេ...ស្ដាយបង! តែមិនដឹងធ្វើម៉េចទេហួសហើយ»។
អ្នកស្រី សោម ស្រីពៅ លើកឡើងថា អាជ្ញាធរហាក់មិនបានជូនដំណឹងទុកមុនថា នឹងមានករណីលិចលង់នោះទេ ដែលនាំឱ្យអ្នកស្រីមិនអាចយកអីវ៉ាន់ចេញទាន់ពេលវេលា។
«អត់ទេ អត់អើពើតែម្ដង និយាយរួម។ ពេលមានអាសន្ន ពួកខ្ញុំរើចេញខ្លួនឯង អត់មានអើពើ អត់មានអ្នកសួរនាំអ្វីទេ ហើយប្រធានភូមិផ្ទះអត់ឆ្ងាយទេ នៅទល់មុខហ្នឹងឯង។ គាត់អត់មានអើពើទេ»។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងមួយ ដោយលើកឡើងថា ដោយសារព្យុះត្រូពិកបន្តបោកបក់ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ដូច្នេះវាអាចនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនផងដែរ។ នៅតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។
បើតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ១៥ ខែតុលានេះ មនុស្ស ១៣ នាក់បានស្លាប់ ដោយសារទឹកជំនន់ ក្នុងនោះមានក្មេង ៥ នាក់។ ជំនន់នេះបានប៉ះពាល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណ ២០ ម៉ឺននាក់ ដែលក្នុងនោះមាន ១២០០០ នាក់ ត្រូវជម្លៀសចេញពីគេហដ្ឋាន៕