សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ព្រះវិហារ​បន្ត​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ព្រៃ​ព្រះ​រកា

រូបឯកសារ៖ ទិដ្ឋភាពនៃការកាប់ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះ​វិហារ។ (រូបថតដោយសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​ )

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ ក្នុង​ខេត្ត​ព្រះវិហារ​ បាន​អះអាង​ថា​ ពួកគេ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​កើន​ឡើង​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ​ ក្នុង​ស្រុក​ត្បែង​មាន​ជ័យ​ ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ចេះ​តែកើន​ឡើង។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ខែ​សីហា ​ពួក​គេ​បាន​ចុះ​អង្កេត​ ក៏ដូច​ជា​ធ្វើ​បច្ចុប្បន្ន​ភាព​ចំនួន​ពីរ​លើក ​ដែល​លើក​ទី​មួយ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី​២​ ខែ​សីហា​ និង​លើក​ទីពីរ ​ចាប់​ពី​ថ្ងៃទី​២៤ ​ដល់​២៧​ ខែ​សីហា​ ឆ្នាំ​២០២២។​ ពួកគេ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន​២៤៩​ករណី ​ក្នុង​នោះ​ប្រទះ​ឃើញ​ក្តារ​បន្ទះ​បន្សល់​ទុក​ចោល​ចំនួន ​២៨៦​សន្លឹក ​ឈើ​តាប់​ចំនួន​៣១៣​សន្លឹក ​រទេះ​ក្របី​កំពុង​ដឹក​ឈើ​ចំនួន​៣​គ្រឿង ​និង​គោ​យន្ត​ចំនួន​២​គ្រឿង​ផង​ដែរ។ ​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ប្រជា​សហគមន៍​បាន​បញ្ជាក់​ថា​ ឈើ​ដែល​ត្រូវ​បាន​កាប់​ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​ទាល ​ពពេល ​គគីរ ​ត្រាច​ ដួងចែម ​ស្ទៀង ត្រសេក​ និងក្រឡាញ់។ ​សហគមន៍​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«ការ​មិន​អើ​ពើ​ដោះ​ស្រាយ ​និងទុក​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​បន្ត​កើត​ឡើង​នេះ ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​គម្រប​ព្រៃ​ឈើ​ឲ្យ​បាន​៦០​ភាគ​រយ​ត្រឹម​ឆ្នាំ​២០២៩ ​ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃ​ឈើ​ជាតិ ​ដែល​ដាក់​ឲ្យ​អនុវត្ត​ពីឆ្នាំ​២០១០​ដល់​២០២៩»​នោះ​ទេ។​

លោក ​ថាប់ សុខឃីម ​សមាជិក​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​នៅ​ពេល​ដែល​ក្រុម​របស់​លោក​ចុះ​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ព្រៃ​ព្រះ​រកា ​លោក​បាន​ពើប​ប្រទះ​ពួក​ក្រុម​មនុស្ស​ដែល​កំពុង​តែ​ដឹក​ឈើ​ចេញ​ពីព្រៃ​នោះ​ ដោយ​ប្រើប្រាស់​យាន​យន្ត ​ដូច​ជា​គោយន្ត ​និង​រទេះ​ក្របី​ជា​ដើម។​ លោក​បន្ត​ថា​ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ភាគ​ច្រើន​ជា​ពល​រដ្ឋ​សាមញ្ញ​ ដែល​ពួក​គេ​កាប់​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ធំៗ។ ​

លោក ​ថាប់ សុខឃីម​ ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​អស់ ​ដែល​មិន​អាច​សល់​ដល់​អ្ន​ក​ជំនាន់​ក្រោយ។​

លោក​ថ្លែង​ថា៖​ «អ្នក​កាប់​បំផ្លាញ​ ឈើ​ធំៗ​វា​អស់​ហើយ ​នៅ​សល់​តែ​ប្រភេទ​ដើម​ឈើ​តូចៗ។ ​ហើយ​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ​ទៅ​ វា​អាច​នឹង​បាត់​បង់​ព្រៃ​ព្រះ​រកា​ហ្នឹង»។​

លោក​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​យក​ចិត្តទុក​ដាក់​ និង​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស។​

បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ​ចុះ​ថ្ងៃ​ទី​៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ដែល​មាន​ទំហំ​ជាង​៩​ម៉ឺន​ហិកតា​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​តំបន់​ដែល​ត្រូវ​គ្រប់គ្រង ​ការពារ ​និង​អភិរក្ស​ជីវៈ​ចម្រុះ ​និង​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ សុង ចាន់សុជាតិ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ និង​លោក ​គីម រិទ្ធី ​អភិបាល​ខេត្ត​ព្រះវិហារ​បាន​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​ទូរសព្ទ​មិន​មាន​អ្នក​លើក។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធ​ផល​សម្រេច​បាន​រយៈ​ពេល​៥​ឆ្នាំ​របស់​ក្រសួង​បរិស្ថាន​ កាល​ពី​សប្តាហ៍​មុន ​លោក​ នេត្រ ភក្រ្តា​ អ្ន​ក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បាន​អះអាង​ថា​ ព្រៃ​អភិរក្ស​នៅ​កម្ពុជា​មាន​ការ​កើនឡើង ​ហើយ​បទ​ល្មើស​ធំៗ​លែង​មាន​ទៀត​ហើយ​គឺ​មាន​តែ​បទ​ល្មើស​តូចៗ​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «ក្រសួង​បរិស្ថាន​ សូម​ប្រកាស​ថា​ បច្ចុប្បន្ន​នេះ​បទ​ល្មើស​ព្រៃ​ឈើ​ខ្នាត​ធំ​លែង​កើត​មាន​ទៀត​ហើយ។ ​យើង​នៅ​មាន​បទ​ល្មើស​ព្រៃឈើ​ខ្នាត​តូច​ ដែល​យើង​កំពុង​តែ​បន្ត​ទប់​ស្កាត់ ​និង​បង្ក្រាប​ ដោយ​នៅ​ក្នុង​នោះ​យើង​អនុវត្ត​នូវ​វិធាន​ការ​សេដ្ឋ​កិច្ច​ផង ​និង​វិធាន​ការ​អនុវត្ត​ច្បាប់​ផង»។​

បើ​តាម​លោក ​នេត្រ ភក្រ្តា ​គម្រប​ព្រៃ​ឈើ​សរុប​នៅ​កម្ពុជា​មាន​ប្រមាណ​៤៧%។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បន្ត​កើន​ឡើង​បទ​ល្មើ​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ​បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ការ​ពារ​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន​ក៏​ដោយ។​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​ ជា​ពិសេស​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ឱ្យ​បាន​ខ្លាំង​ក្លា​នៅ​ក្នុង​តំបន់​អភិ​រក្ស​ដែល​បាន​ការពារ​ដោយ​អនុក្រឹត្យ​ក៏ដូច​ជា​ព្រះ​រាជក្រឹត្យ។ ​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​ភូមិ​ប្រមេរុ ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ចំពោះ​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន ​និង​អង្គការ​សង្គម​ស៊ីវិល ​នៅ​ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ ​ហើយ​ធានា​ថា ​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ឡើយ។ ​ពួក​គេ​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ​និង​មាន​យន្តការ​តាម​ដាន​ និង​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូល​ដ្ឋាន៕