តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​អ្នក​ភូមិ​ ៨​ នាក់​​ទៀត​ក្នុង​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុនចិន

រូបឯកសារ៖ ច្រកចូលទៅរោងចក្រផលិតស្ករអំពៅ Rui Feng ត្រូវបានបិទទាំងស្រុងក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ពុធ ​បាន​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​កួយ ​៨​ នាក់ទៀត​ក្នុង​ឃុំ​ប្រមេ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​សរុប ​១៦​ នាក់បាន​រួច​ផុត​ពី​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នោះ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ព័ត៌មានក្នុង​ស្រុក។​

សារ​ព័ត៌មាន​វីអូឌី​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៨​ ខែ​កក្កដា​ ដោយ​ដកស្រង់​សម្តី ​តំណាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​នោះ ដែល​និយាយ​ថា​ ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​នោះ​ធ្វើ​ឡើង​ ក្រោយ​ពីអ្នក​ភូមិ​ទាំង ​៨ ​នាក់ត្រូវ​បាន​កោះ​ហៅ​កាល​ពី​ខែ​មុន​ ឲ្យ​ចូល​ខ្លួន​ក្នុងសវនាការ​ជំនុំ​ជម្រះ​ពី​បទ ​«ចាប់​ឃុំ​ឃាំង​ និង​បង្ខាំង​ដោយ​ខុស​ច្បាប់» ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ឡាន​ហ្វេង និង​ក្រុមហ៊ុន​រ៉ូយហ្វេង។​

ការ​សម្រេច​ទម្លាក់​ចោល​បទចោទ​ប្រឆាំង​នឹង​អ្នក​ភូមិ​ក្នុង​ទំនាស់​ដី​ធ្លី​នេះ​កើត​ឡើង​តែ​មួយ​សប្តាហ៍​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ ៣ ​គឺ​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់ ​ឲ្យ​កាត់ឆ្វៀល​ដី​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស​ តំបន់​សត្វព្រៃ ​និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ។

កាលពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ​ឆ្នាំ​២០២0 ​លោក​ ហ៊ុន សែន​ ក៏​បាន​បញ្ជា​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ឲ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដក​ហូត​ដី​ពី​លោក ​សង ថន នៅ​ក្នុង​ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ​ខេត្ត​បាត់ដំបង។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។​

ក្នុង​ករណី​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​ប្រមេ ខេត្ត​ព្រះវិហារ ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១៥​ មក តុលាការ​ខេត្ត​នេះ​បាន​ចោទ​ប្រកាន់​មនុស្ស​ ១៦ ​នាក់​រួម​ទាំង​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​ ៨ នាក់​នោះ​ផង ក្រោយ​ពី​អ្នក​ភូមិបាន​នាំ​គ្នា​ទៅ​រារាំង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចិន​ទាំង​ពីរ មិន​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ឃុំ​នោះ។

នៅ​ដើម​ឆ្នាំ​២០២០​ នេះ តុលាការ​ខេត្ត​ព្រះវិហារ បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ប្រឆាំង​មនុស្ស​ ៨ ​នាក់​រួច​ហើយ​ក្នុង​សំណុំ​រឿង​នេះ ក្រោយ​ពី​បាន​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត៕