ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសតួកគីនិងស៊ីរីនៅថ្ងៃអង្គារនេះបានធ្វើការស្វែងរកអ្នករស់រានមានជីវិតដែលកប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានកើតឡើងនៅតំបន់នោះកាលពីថ្ងៃចន្ទនិងធ្វើឱ្យមនុស្សជាង ៥.០០០ នាក់ស្លាប់។
ក្នុងពេលមួយយប់ក្រោយមកដែលធាតុអាកាសបានធ្លាក់ជិតដល់សូន្យអង្សារសេ រលករញ្ជួយដីជាង ២០ ទៀតដែលមានកម្រិត ៤ រ៉ិចទ័រ ឬខ្ពស់ជាងនេះបានកើតឡើងនៅថ្ងៃអង្គារនេះនៅតំបន់តាមបណ្ដោយព្រំដែនរវាងប្រទេសតួកគីនិងស៊ីរី។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហាញការគាំទ្រចំពោះប្រជាពលរដ្ឋនៃប្រទេសតួកគីនិងស៊ីរី «នៅក្នុងស្ថានការណ៍នៃភាពសោកសៅដែលមិនអាចថ្លែងបាននេះ» និងបាននិយាយថា តួលេខស្លាប់និងរបួសមិនបានបង្ហាញឱ្យឃើញអំពី «ភាពសោកសៅនិងការបាត់បង់ដែលក្រុមគ្រួសារនីមួយៗជួបប្រទះនៅពេលនេះនោះទេ ដែលពួកគេបានបាត់បង់ម្ដាយ ឪពុក កូនស្រី កូនប្រុសនៅក្រោមគំនរអគារបាក់បែក ឬក៏អ្នកដែលមិនដឹងថាតើមនុស្សជាទីស្រឡាញ់របស់ខ្លួននៅរស់ឬក៏ស្លាប់នោះឡើយ»។
លោក Tedros បានថ្លែងនៅក្នុងការប្រជុំមួយរបស់អង្គការសុខភាពពិភពលោកនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា អង្គការសុខភាពពិភពលោកនឹងបញ្ជូនយន្តហោះពិសេសដឹកបរិក្ខារពេទ្យទៅកាន់ប្រទេសទាំងពីរ និងថា អង្គការនេះនឹងធ្វើការដើម្បីគាំទ្រដល់ការរើបឡើងវិញនិងការកសាងឡើងវិញរបស់ប្រទេសទាំងពីរ។
លោកនិយាយដូច្នេះថា៖ «នេះគឺជាពេលដែលយើងត្រូវតែរួបរួមសាមគ្គីគ្នាជាមនុស្សជាតិតែមួយ ដើម្បីជួយសង្គ្រោះជីវិតនិងសម្រាលការឈឺចាប់របស់អ្នកដែលបានរងគ្រោះយ៉ាងច្រើនស្រាប់រួចទៅហើយ»។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបន្ទាន់របស់ប្រទេសតួកគីបានបញ្ជាក់ថា ខ្លួនបានធ្វើប្រតិបត្តិការតាមផ្លូវគោកនិងផ្លូវអាកាសដើម្បីបញ្ជូនគ្រឿងបរិក្ខារនានានិងក្រុមសង្គ្រោះបន្ទាន់ទៅកាន់តំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះ។ កិច្ចប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រកាន់តែច្រើនឡើងដោយរដ្ឋាភិបាលនានានិងទីភ្នាក់ងារផ្ដល់ជំនួយផ្សេងៗដែលបានបញ្ជូនក្រុមការងារនិងធនធានទៅកាន់តំបន់រងគ្រោះ៕
VOA ភាសាតួកគីនិង VOA ភាសាសូម៉ាលីរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP AFP និង Reuters។