កំណើនអត្រាភាពក្រីក្រនេះបានធ្វើឱ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
របាយការណ៍ដែលចេញផ្សាយកាលពីដើមខែមីនាដែលមានចំណងជើងថា «ការវាស់ស្ទង់លើភាពក្រីក្រ និងវិសមភាពនៅក្នុងប្រទេសថៃ ឬជាភាសាអង់គ្លេសថា Taking the Pulse of Poverty and Inequality in Thailand» សរសេរថា អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃបានកើនឡើងពី៧,២% ទៅដល់៩,៨% នៅចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ដោយមានមនុស្សជិត២លាននាក់ផ្សេងទៀតត្រូវបានចាត់ទុកថាជាអ្នកក្រ។
វិសមភាព ដែលត្រូវវាស់ស្ទង់តាមរយៈការចំណាយក្នុងគ្រួសារ ក៏បានកើនឡើងយ៉ាងខ្លាំងដែរនៅក្នុងឆ្នាំ២០១៦ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ហើយក៏ធ្លាក់ចុះវិញបន្តិចម្តងៗចាប់តាំងពីពេលនោះមក។
អ្នកវិភាគមើលឃើញទំនាក់ទំនងដោយផ្ទាល់រវាងតួលេខទាំងនេះ និងលទ្ធផលនៃការបោះឆ្នោតសកលកាលពីឆ្នាំមុន ដែលជាការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ Prayut Chan-ocha ដែលឥឡូវនេះគឺជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ។
គណបក្ស Pheu Thai ដែលជាគណបក្សមានទំនាក់ទំនងជាមួយនឹងអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra បានឈ្នះសំឡេងឆ្នោតច្រើនបំផុតទី២ និងមានចំនួនកៅអីច្រើនបំផុតនៅក្នុងរដ្ឋសភា ដែលមានការគាំទ្រពីខេត្តក្រីក្របំផុតមួយចំនួនរបស់ថៃនៅភាគខាងជើង និងឦសានប្រទេស។
ព្រឹទ្ធសភា និងគណកម្មការបោះឆ្នោតដែលតែងតាំងដោយយោធាចុងក្រោយបញ្ចប់ការប្រកួតប្រជែងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលគាំទ្រលោក Prayut ប៉ុន្តែចំនួននេះបង្ហាញពីការមិនពេញចិត្តជាយូរមកហើយក្នុងចំណោមអ្នកក្រនៅក្នុងប្រទេសនេះ។
លោក Paul Chambers ដែលជាអ្នកវិភាគនយោបាយ និងសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃបាននិយាយថា «ការធ្លាក់ចុះប្រាក់ចំណូលគឺជាកត្តាដ៏សំខាន់នៅក្នុងការបង្ហាញភាពខ្លាំងរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩។ នេះជាមូលហេតុដែលគណបក្ស Pheu Thai ទទួលបានលទ្ធផលល្អ ជាពិសេសដោយសារតែកសិករនៅជនបទ និងអ្នកនៅទីក្រុងបន្តគាំទ្រភាពល្បីល្បាញរបស់លោក Thaksin»។
លោក Thaksin បានជាប់ឈ្នះជានាយករដ្ឋមន្ត្រីដំបូងនៅក្នុងឆ្នាំ២០០១ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងទសវត្សរ៍១៩៩០ និងបានជាប់ឆ្នោតសម្រាប់អណាត្តិរយៈពេល៤ឆ្នាំទៀត ប៉ុន្តែត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០០៦។ មហាសេដ្ឋីផ្នែកទូរមនាគមន៍រូបនេះកំពុងរស់នៅបរទេសនៅពេលនេះ ដើម្បីគេចពីការកាត់ទោសពីបទអំពើពុករលួយក្នុងឆ្នាំ២០០៨ ដែលលោកបដិសេធ។
ទោះជាយ៉ាងនេះក្តី ការផ្តល់ប្រាក់ឧបត្ថម្ភ ការផ្ទេរសាច់ប្រាក់ និងគោលនយោបាយល្បីៗផ្សេងទៀតដែលលោកបានជំរុញបង្កើតឡើង បានធ្វើឱ្យលោក និងបក្សពួករបស់លោកទទួលបានអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រក្នុងចំណោមកសិករនៅភាគខាងជើង និងឦសាននៃប្រទេសថៃ។ ពួកគេយល់ថា ពួកគេត្រូវបានក្រុមអភិជននៅទីក្រុង ដែលភាគច្រើនគឺអ្នកមាននៅក្នុងក្រុងបាងកក បោះបង់ចោល។
លោក Harrison Cheng នាយករងនៃក្រុមហ៊ុនប្រឹក្សាយោបល់ឈ្មោះថា Control Risks ដែលតាមដានស្ថានការណ៍ក្នុងប្រទេសថៃនិយាយថា «នេះជាមូលហេតុមួយផ្នែកដែលលោក Thaksin អាចងើបឡើងវិញនៅដើមទសវត្សរ៍២០០០ ដោយសារតែការមិនសុខចិត្តអំពីការបែងចែកធនធានមិនស្មើគ្នា»។ លោកនិយាយថា ការផ្តោតលើទ្រព្យសម្បត្តិ និងអំណាចនៅក្នុងក្រុងបាងកកនៅតែបន្តមានក្រោមការដឹកនាំរបស់លោក Prayut។
របាយការណ៍របស់ធនាគារពិភពលោកគាំទ្រការលើកឡើងខាងលើ។ វាបង្ហាញថា ភាពក្រីក្រនៅ ថេរក្នុងអត្រាប្រមាណ២% នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៨ នៅក្នុងក្រុងបាងកក ខណៈមានការកើនឡើងនៅកន្លែងផ្សេងទៀត ហើយមិនមានកន្លែងណាកើនឡើងខ្លាំងជាងនៅក្នុងភាគខាងត្បូងនៃប្រទេសនោះទេ។
ដោយសារតែមានការបះបោររបស់អ្នកកាន់សាសនាឥស្លាម តំបន់ភាគខាងត្បូងនៃប្រទេសនេះបានក្លាយជាតំបន់ក្រីក្រជាងគេបំផុតនៅក្នុងឆ្នាំ២០១៧ ហើយមានអត្រាខ្ពស់ជាងតំបន់ភាគពាយព្យបន្តិច ដែលតំបន់ភាគពាយព្យនេះមានអត្រាភាពក្រីក្រប្រមាណ១២%។ តំបន់ភាគខាងត្បូងនៅតែមានអត្រាភាពក្រីក្រខ្ពស់ជាងតំបន់ភាគពាយព្យក្នុងអត្រាជាង១៤%នៅក្នុងឆ្នាំ២០១៨។
របាយការណ៍នេះកំណត់ពីកំណើនចុងក្រោយបង្អស់នៃកំណើនភាពក្រីក្រ និងវិសមភាពដោយសារគ្រោះរាំងស្ងួត កំណើតសេដ្ឋកិច្ចយឺត និងការធ្លាក់ចុះនៃប្រាក់ចំណូលក្នុងចំណោមកសិករនៅជនបទ និងអាជីវករនៅទីក្រុង។ ធនាគារនេះនិយាយថា ប្រទេសថៃឥឡូវនេះមានកំណើន៤យ៉ាងនេះខ្លាំងចាប់តាំងពីឆ្នាំ២០០០មក ច្រើនជាងប្រទេសទាំង៩ទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។
អ្នកស្រី Judy Yang ដែលជាអ្នកនិពន្ធរបាយការណ៍នោះសន្និដ្ឋានថា យ៉ាងហោចណាស់ការណ៍នេះមួយផ្នែកបានធ្វើឱ្យមានកំណើនប្រាក់ឈ្នួលយឺត ដែលយឺតជាងប្រទេសសេដ្ឋកិច្ចធំផ្សេងៗទៀតនៅក្នុងតំបន់។ អ្នកស្រីនិយាយថា «ប្រសិនបើអ្នកជាគ្រួសារមួយ អ្វីដែលទាញអ្នកចេញពីភាពក្រីក្រគឺការងារដែលទទួលបានប្រាក់បៀវត្សរ៍ល្អ ការទទួលបានប្រាក់ចំណូលកាន់តែច្រើន និងការទទួលបានប្រាក់ចំណូលពលកម្មទៅតាមទីផ្សារ»។
អ្វីដែលធ្វើឱ្យថៃមានភាពខុសពីប្រទេសដទៃគឺចលាចលនយោបាយនៅក្នុងប្រទេស។ ប្រទេសនេះឧស្សាហ៍មានរដ្ឋប្រហារដែលមានការផ្លាស់ប្តូរទៅវិញទៅមករវាងការដឹកនាំដោយយោធា និងក្រុមស៊ីវិលចំនួន៤ដងរួចហើយ ចាប់តាំងពីឆ្នាំ២០០៦មក។ រដ្ឋាភិបាលខ្លះដឹកនាំបានរយៈពេលខ្លី ដោយសារតែមានដីកាដ៏ចម្រូងចម្រាសពីតុលាការ និងមានការតវ៉ាទ្រង់ទ្រាយធំជាច្រើន ដែលការតវ៉ាមួយចំនួនបានបណ្តាលឱ្យមនុស្សសា្លប់ផងដែរ។
ធនាគារពិភពលោកនិយាយថា កំណើនភាពក្រីក្រភាពច្រើនរបស់ថៃកើតឡើងចំពេលមានវិបត្តិហិរញ្ញវត្ថុក្នុងតំបន់ ឬសាកល ឬដោយសារតែមានគ្រោះរាំងស្ងួត ប៉ុន្តែធនាគារនេះបានបន្ថែមថា រយៈពេលនៃអស្ថិរភាពនយោបាយក៏ធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ ដែលវាបានធ្វើឱ្យបា្រក់ចំណូលធ្លាក់ចុះ ហើយអត្រាភាពក្រីក្រកើនឡើងផងដែរ។
លោក Cheng នៅក្រុមហ៊ុនប្រឹក្សាយោបល់ Control Risks បាននិយាយថា ការសន្ទនារបស់លោកជាមួយនឹងអតិថិជនរបស់លោកបញ្ជាក់ថា នយោបាយមិនស្ថិតស្ថេររបស់ថៃធ្វើឱ្យអ្នកវិនិយោគមានសក្តានុពលជាច្រើនរអាមិនហ៊ានវិនិយោគ ហើយធ្វើឱ្យសេដ្ឋកិច្ចដើរថយក្រោយ។
លោកបាននិយាយថា «អ្នកវិនិយោគជាច្រើនកំពុងនៅឱ្យឆ្ងាយ និងកំពុងរង់ចាំមើលឱ្យបានយូរនៅពេលនេះ។ ប្រសិនបើពួកគេមិនទាន់ស្ថិតក្នុងប្រទេសថៃនោះទេ ពួកគេនឹងពិចារណាឱ្យបានម៉ត់ចត់ថាតើពួកគេគួរតែវិនិយោគឬយ៉ាងណា ដោយសារតែពួកគេគិតថា នឹងមានអ្វីកើតឡើងប្រសិនបើមានការផ្លាស់ប្តូររដ្ឋាភិបាលម្តងទៀត? តើត្រូវធ្វើយ៉ាងណាប្រសិនបើមានការតវ៉ាតាមផ្លូវក្នុងទ្រង់ទ្រាយធំដូចក្នុងឆ្នាំ២០១៣ ឬ២០១៤? តើនឹងមានការប្រឈមមុខដាក់គ្នារវាងក្រុមអាវក្រហម និងយោធាក្រុងបាងកកដូចកាលពីឆ្នាំ២០១០ដែរឬទេ?»។
លោក Cheng និយាយថា ការប្តូររដ្ឋាភិបាលភ្លាមៗ ក៏ធ្វើឱ្យមានគោលនយោបាយរយៈពេលខ្លីស្តីពីភាពក្រីក្រ និងវិសមភាព ដែលការណ៍ធ្វើបែបនេះគ្រាន់តែបន្ធូរស្ថានការណ៍តែមួយគ្រាប៉ុណ្ណោះជាជាងដោះស្រាយបញ្ហា។
លោក Chambers និងលោក Cheng យល់ស្របថា ប្រសិនបើតួលេខចុងក្រោយនេះកាន់តែអាក្រក់ បញ្ហារបស់លោក Prayut នឹងកើតឡើងផងដែរ ហើយវាមិនមែនគ្រាន់តែជាបញ្ហានៃចំណាត់ថ្នាក់អ្នកក្រនោះទេ ប៉ុន្តែក៏ជាបញ្ហានៃអ្នកបោះឆ្នោតដែលមិនពេញចិត្តផងដែរ។
របាយការណ៍ធនាគារពិភពលោកផ្តល់តួលេខពីភាពក្រីក្រ និងវិសមភាពរហូតដល់ឆ្នាំ២០១៨ ប៉ុន្តែបានបន្ថែមថា «និន្នាការក្រោយឆ្នាំនេះមិនមានសុទិដ្ឋិនិយមនោះទេ ដោយសារតែអត្រាកំណើនសេដ្ឋកិច្ចទាប និងប្រាក់ឈ្នួលនៅថេរ»។
កសិករបានជួបគ្រោះរាំងស្ងួតដ៏កំណាចមួយទៀតកាលពីឆ្នាំមុន ខណៈដែលកំណើនផលិតផលសរុបក្នុងស្រុករបស់ថៃធ្លាក់ចុះត្រឹម២,៤% ដែលនេះជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០១៤មក។ ការប៉ាន់ស្មានផលិតផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ២០២០គឺកាន់តែអាក្រក់ ដោយសារតែការផ្ទុះឡើងនូវមេរោគកូរ៉ូណា ដែលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ដ៏សំខាន់របស់ថៃ។
ដើម្បីទប់ទល់នឹងបញ្ហាទាំងនេះ រដ្ឋាភិបាលរបស់លោក Prayut បានបង្កើន និងបង្កើតនូវកម្មវិធីសុខមាលភាពសង្គមថ្មីៗសម្រាប់គ្រួសារក្រីក្រតោកយ៉ាក ហើយកាលពីដើមខែមីនាបានអនុម័តកញ្ចប់ជំនួយដែលត្រូវបានគេរំពឹងទុកថា នឹងបញ្ចេញទឹកប្រាក់ប្រមាណ១២,៦ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ច។
ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា អាជ្ញាធរគួរបន្តពង្រឹងយន្តការសុវត្ថិភាព និងបង្កើតការងារល្អជាងមុនសម្រាប់អ្នកមានប្រាក់ចំណូលទាបនៅក្នុងរយៈពេលខ្លី។ នៅក្នុងរយៈពេលវែង ធនាគារនេះនិយាយថា ការផ្តល់ឱ្យកុមារនូវការទទួលបានឱកាសអប់រំ និងសុខភាពគឺវាវិធីល្អបំផុតធ្វើឱ្យមនុស្សជំនាន់ក្រោយកាន់តែមានភាពរុងរឿង និងភាពស្មើគ្នា៕