ទំនិញ​និង​នាវា​កម្សាន្ត​ឆ្លង​កាត់​កំពង់ផែ​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​

ទូក​ដែល​មាន​ទង់​ជាតិ​កម្ពុជា​​​បើក​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ជិត​​ក្រុង​ព្រះសីហនុ។

នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​ទំនិញ​ចំនួន​ជាង​១,៦​លាន​តោន​ត្រូវ​បាន​នាំ​ចូល​ ហើយ​​ទំនិញ​ចំនួន​៦០៧.០០០​តោន​ត្រូវ​បាន​នាំ​ចេញ។​

ចំនួន​នាវា​ដឹកទំនិញ​ និង​នាវា​ដឹក​អ្នក​ដើរ​កម្សាន្ត​ ដែល​ឆ្លង​កាត់​តាម​កំពង់​ផែខេត្ត​ព្រះសីហនុ​នៅ​តែ​បន្ត​កើន​ឡើង​ នេះបើតាម​មន្រ្តី​កំពង់ផែ​ព្រះសីហនុ។​

មាន​ទំនិញ​ជាង​២,២​លាន​តោន​បាន​ឆ្លងកាត់​តាម​កំពង់ផែ​នេះ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដែល​កើន​ឡើង​ប្រហែល​២០០.០០០​តោន​លើសឆ្នាំ​មុន។​ នេះ​ជា​សញ្ញា​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​ ដែល​មាន​ន័យ​ថា​ ទាំងទំនិញនាំចូល​ និង​ទំនិញ​នាំ​ចេញមាន​ការ​កើន​ឡើង។​ លោក​លូ គឹមឈុន​ ​អគ្គនាយក​កំពង់​ផែ​ព្រះសីហនុ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ​គ្រឿង​ម៉ាស៊ីន​ សម្ភារៈ​សំណង់​ និង​វត្ថុ​ធាតុដើម​សម្រាប់​វាយនភណ្ឌ​ត្រូវ​បាន​នាំ​ចូល​ ខណៈ​ពេលដែល​វាយនភណ្ឌ​ដែល​ផលិត​ហើយ​ និង​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ជា​ដើម​ ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដូច​ជាទៅអឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម។​

នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​ទំនិញ​ចំនួន​ជាង​១,៦​លាន​តោន​ត្រូវ​បាន​នាំ​ចូល​ ហើយទំនិញ​ចំនួន​៦០៧.០០០​តោន​ត្រូវ​បាន​នាំ​ចេញ។​

លោក​គឹមឈុន​បាន​និ​យាយ​ថា៖​ «ភាគ​ច្រើន​នៃ​ទំនិញ​នាំ​ចេញ​គឺ​អង្ករ​ និង​ផលិតផល​វាយនភណ្ឌ​ ដែល​នាំ​ចេញ​ទៅ​អឺរ៉ុប​និង​អាមេរិក»។​

លោក​បាន​និយាយ​ថា ​ទំនិញ​ ដែល​ឆ្លង​កាត់​កំពង់​ផែ​ អាច​មាន​ការ​កើន​ឡើង​ចំនួន​២០​ភាគ​រយ​នៅ​ចុង​ឆ្នាំ​នេះ។ ​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ទំនិញ​ចំនួន៣,៤​ លាន​តោន​ត្រូវ​បានដឹក​ឆ្លង​កាត់​កំពង់ផែ​នេះ​ គឺ​កើន​ពី​៣​លាន​តោនដែល​ឆ្លង​កាត់​កំពង់​ផែ​នេះ​កាល​ពី​ឆ្នាំ​២០១៣។​

លោក​គឹមឈុន​បាន​បន្ថែម​ថា ​ចំនួន​នាវា​ដឹកអ្នកដំណើរ​កម្សាន្ត​ចូលនិង​ចេញ​ពី​កំពង់​ផែ​នេះ​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ​មាន​នាវា​ចំនួន​៧៧១​គ្រឿងបាន​ឆ្លង​កាត់​កំពង់​ផែ​នេះ​អំឡុង​ពេល​ប្រាំពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​ទៅ​គឺ​មាន​នាវា​ចំនួន​៦៣៦​គ្រឿងប៉ុណ្ណោះបាន​ឆ្លង​កាត់​កំពង់​ផែ​នេះ​ក្នុង​រយៈពេល​ដូច​គ្នា។ ​នាវា​ដែល​មាន​ទំហ៊ំ​ធំ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ ១៩០០​នាក់​ ហើយ​នាវា​ដែល​មាន​ទំហំ​តូច​អាច​ផ្ទុក​មនុស្ស​បាន​ពី​៥០០​ទៅ៦០០​នាក់។​

លោក​បាន​និយាយ​ថា ​ដោយ​សារតែ​កំពង់ផែ​នេះ​មាន​ភាព​រវល់​ខ្លាំង​ហើយ​ទំនិញ​ឆ្លង​កាត់​មាន​ការ​កើន​ឡើង ដូច្នេះកំពង់​ផែ​នេះ​នឹង​ត្រូវ​បំពាក់​នូវ​គ្រឿង​ចក្រ​ធុន​ធ្ងន់​បន្ថែម​ទៀត​ដើម្បី​ជួយ​ជំរុញ​ដល់​ការ​ដឹក​ទំនិញ​កាន់​តែ​ច្រើន៕