ប្រធានាធិបតី​អ៊ុយក្រែន​ហៅ​ការ​​ធ្លាក់​​​យន្តហោះ​ MH17 ​ថា​​ជាការ​វាយ​ប្រហារ​ភេរវកម្ម ហើយ​បន្ទោស​រុស្ស៊ី

រូប​ភាព​បង្ហាញ​ពី​បំណែក​យន្តហោះ​ MH17។ ប្រធានាធិបតី​អ៊ុយក្រែន​ហៅ​ការ​​ធ្លាក់​​​យន្តហោះ​ MH17 ​ថា​ ជាការ​វាយ​ប្រហារ​ភេរវកម្មហើយ​បន្ទោស​រុស្ស៊ី។

លោក​Petro Poroshenko ​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​បាន​ហៅ​ការធ្លាក់​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​លេខ​ MH17​ថា​ ជា«ការវាយ​ប្រហារ​របស់​ក្រុម​ភេរវករ​ដោយ​អត់​មេត្តា‍»​ហើយ​បាន​និយាយ​ថា​ ការបាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​នេះ​អាច​កើត​មាន​ឡើង​បាន​តែ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​រុស្ស៊ី​តែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ​កាលពីថ្ងៃ​សុក្រ​ លោក​Poroshenko​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អ៊ុយក្រែន​មាន​ការ​ទទួល​ខុសត្រូវ​«ផ្នែក​មនសិការ‍»​ក្នុង​ការ​ផ្តល់​កិត្តិយស​ដល់​ជន​រងគ្រោះ​ដើម្បី​ធានា​ឲ្យមានការដាក់​ទោស​សមស្រប​លើ​ជន​ទាំងឡាយ​ណា​ ដែល​ទទួល​ខុសត្រូវ​លើ​ការបាញ់​ទម្លាក់​យន្តហោះ​នោះ។ លោក​បាន​បន្ថែម​ទៀត​ថា​ «ឃាតករ​គួរ​តែ​ដឹង​ថា​ការ​ដាក់​ទោសទណ្ឌ​គឺ​ ជៀស​មិន​រួច​ទេ‍»។​

នៅក្នុង​ខួប​មួយឆ្នាំ​នៃ​ការធ្លាក់​យន្តហោះ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អ្នក​កាន់​ទុក្ខសម្រាប់​ជន​រងគ្រោះ​ទាំង​២៩៨​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ភូមិ​Hrabove​ នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ជិត​កន្លែង​ធ្លាក់​យន្តហោះ​នោះ​ដែល​ស្ថិតនៅ​ភាគខាងកើត​ប្រទេស។​

ពិធី​នៅ​ថ្ងៃ​សុក្រ​នេះ​ក៏​រួម​មាន​ការសម្ពោធ​វិមាន​មួយ ​ដែល​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់។​

ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ស្តី​បន្ទោស​ពួកឧទ្ទាម​ដែល​និយម​រុស្ស៊ីចំពោះការ​បាញ់​ទម្លាក់​យន្តហោះ​នោះ​ រដ្ឋាភិបាល​ក្រុង​មូស្គូ និង​ពួក​ឧទ្ទាម​បាន​បដិសេធ​មិន​ទទួល​ខុសត្រូវ ​ហើយ​ស្តី​បន្ទោស​លើ​កងកម្លាំង​ទាហាន​អ៊ុយក្រែន​ថា​ជា​អ្នក​ធ្វើ៕