សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​​តួកគី

សម្តេច​ប៉ាប​ចាប់​ដៃ​ជាមួយ​មេដឹកនាំ​សាសនាអ៊ីស្លាម​ក្នុង​ប្រទេស​តួកគីលោក Mehmet Gormez នៅ​ក្នុង​ទីក្រុង Ankara កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤។

បុរី​វ៉ាទីកង់​បាន​ឱ្យ​ដឹង​ថា​សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស មាន​គោលបំណង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​មេដឹកនាំ​សាសនា​អ៊ីស្លាម ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បីថ្ងៃ​ទៅ​ប្រទេស​តួកគី​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ។​

មន្ត្រី​នានា​និយាយ​ថា​ការអត់​អោន​ខាងផ្នែក​សាសនា​ និង​ការវាយ​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុល​និយម​នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​កំពូល​នៅ​ពេល​ដែល​សម្តេច​ប៉ាប​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan និង​មេដឹកនាំ​សាសនា​ Mehmet Gormez។ តួកគី​ជា​ប្រទេស​ដែល​ពលរដ្ឋ​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម​ ប៉ុន្តែ​តាម​រដ្ឋ​ធម្មនុញ្ញ​គឺ​ជា​ប្រទេស​ដែល​មាន​សាសនា​ច្រើន។

ដំណើរ​ទស្សនកិច្ច​កើត​មាន​ឡើង​ក្នុង​ខណៈ​ពេល​ដែល​មាន​ភាព​តានតឹង​ជាថ្មី​រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម​និង​គ្រិស្តសាសនា និង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​កាន់​កាប់​តំបន់​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ដោយ​រុញ​ច្រាន​ជន​ភៀស​ខ្លួន​ប្រហែល​ជា​១លាន​៦​សែន​នាក់​ឆ្លងកាត់​ព្រំដែន​ចូល​ក្នុង​ប្រទេស​តួកគី៕