ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ក្បែរបាតតារាងស្ទើរគ្រប់សូចនាករនៃការអភិវឌ្ឍន៍លើសាកលលោកនេះ។ កាលពីឆ្នាំ២០១៥ ប្រទេសកម្ពុជា បានវិវត្តពីប្រទេសក្រីក្រទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ប៉ុន្តែមួយភាគប្រាំនៃប្រជាជនកម្ពុជា នៅតែរស់នៅក្រោមបន្ទាត់ក្រីក្រនៅឡើយ។
ការរីកចម្រើនដែលគ្មានលំនឹង
កម្ពុជារក្សាបាននូវលំនឹងកំណើនសេដ្ឋកិច្ចនៅទសវត្សរ៍ចុងក្រោយនេះ។ បើយោងតាមធនាគារពិភពលោក ប្រទេសនេះមានផលិតផលក្នុងស្រុកសរុបប្រមាណ ២០ ពាន់លានដុល្លាររអាមេរិកនៅក្នុងឆ្នាំ២០១៦ ហើយចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ បានកើនដល់ប្រហែល១២០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ដែលបានកើនពី២៥០ដុល្លារកាលពីឆ្នាំ១៩៩៥។
លោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានប្រាប់VOAថា៖
«ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្នុងអំឡុងពេលជាង១៥ឆ្នាំនេះ អ្នកឃើញហើយថាសេដ្ឋកិច្ចមានទំហំធំជាង៣ដង។ ភាពក្រីក្របានធ្លាក់ចុះច្រើនជាងពាក់កណ្តាល។ នេះគឺជាសមិទ្ធផលគួរឲ្យកត់សម្គាល់មួយ។
ប៉ុន្តែបំណុលរបស់កម្ពុជាក៏បានកើនឡើងផងដែរ ដែលកើនដល់ជិត៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានរាយការណ៍ថា កម្រិតនៃបំណុលកម្ពុជា គឺនៅតែអាចគ្រប់គ្រងបាន ប៉ុន្តែវាងាយរងគ្រោះដោយសារវិបត្តិខាងក្រៅ។
របាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឆ្នាំ២០១៧ បានបង្ហាញថា៖ «និរន្តរភាពនៃបំណុល កាន់តែមានភាពងាយរងគ្រោះ កើនឡើងថែមទៀតដោយសារបញ្ហាម៉ាក្រូសេដ្ឋកិច្ច រួមមានទាំងការធ្លាក់ចុះនៃការនាំចេញ និងភាពខ្វះចន្លោះនៃការគ្រប់គ្រងអត្រាប្តូរប្រាក់ វិបត្តិចំណូលប្រចាំឆ្នាំ និងបំណុលដែលអាចកើនឡើងជាយថាផល»។
លោក Nick Beresford បានប្រាប់ VOAថា ប្រជាជនកម្ពុជាភាគច្រើនដែលមានប្រាក់ចំណូលលើសបន្ទាត់ភាពក្រីក្រតិចតួច ងាយរងគ្រោះចំពោះវិបត្តិទាំងនោះ។
លោកបាននិយាយដូច្នេះថា៖
«ប្រជាពលរដ្ឋខ្លះរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ នៅពេលនេះ យើងប៉ាន់ប្រមាណថាមានប្រជាជនប្រមាណ១០ភាគរយដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ប៉ុន្តែមានប្រជាជនជាច្រើនដែលរស់នៅលើបន្ទាត់ភាពក្រីក្រតែបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេមិនចាត់ចូលជាក្រុមជនក្រីក្រទេ ប៉ុន្តែពួកគេនៅក្បែរៗបន្ទាត់ភាពក្រីក្រ។ យើងអាចចាត់ទុកថា ជាក្រុមងាយរងគ្រោះ»។
បំណុលរបស់ចិន
ចិនគឺជាម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជា។ ចិនបានសន្យាផ្តល់ជំនួយប្រហែលជា ២០លានដុល្លារ សម្រាប់រៀបចំការបោះឆ្នោតជាតិកាលពីថ្ងៃ២៩ ខែកក្កដា កន្លងទៅ។ ប្រទេសចិនបានផ្តល់ជំនួយយោធាប្រមាណ១០០លានដុល្លារ មកកម្ពុជា។
ប្រទេសចិនទទួលរងការរិះគន់យ៉ាងខ្លាំងថាជា ម្ចាស់បំណុលដែលកេងចំណេញលើកូនបំណុលដើម្បីរឹបអូសយកទ្រព្យសម្បត្តិដែលស្ថិតក្នុងដែនដីរបស់កូនបំណុល។ អ្នករិះគន់បានផ្តល់ឧទាហរណ៍មួយចំនួនអំពីករណីអន្ទាក់បំណុលចិនក្នុងទ្វីបអាហ្រ្វិក និងអាស៊ី។
អ្នកវិភាគមួយចំនួនបានបង្ហាញថា កម្ពុជាត្រូវតែយកចិត្តទុកដាក់ចំពោះបំណុលចិន ដែលអាចនឹងគ្មានចីរភាព និងផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។
លោក Charles Edel អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលសិក្សាកិច្ចការសហរដ្ឋអាមេរិក (United States Studies Center) ថា៖
«ខ្ញុំគិតថាលទ្ធភាពរបស់កម្ពុជា ដែលនឹងធ្លាក់ក្នុងអន្ទាក់បំណុលនោះ គឺមានកម្រិតខ្ពស់គួរឲ្យកត់សំគាល់។ វាមានកម្រិតខ្ពស់នៅពេលណាដែលរដ្ឋាភិបាលកម្ពុជាខ្ជីលុយពីចិនកាន់តែច្រើន ហើយរដ្ឋាភិបាលនេះមិនមានប្រភពចំណូលណាផ្សេង ឬ អ្នកដេញថ្លៃដទៃទៀតលើគម្រោងនានាទេក្រៅតែពីចិន»។
អ្នកវិភាគមួយចំនួនទៀត មើលឃើញថាបំណុលចិន គឺជាមធ្យោបាយក្នុងការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា និងរារាំងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson បាននិយាយថា ជំនួយចិន គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងធ្វើឲ្យកម្ពុជាអាចនឹងមិនសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាពទេ។
លោកបាននិយាយថា៖
«នៅពេលដែលការវិនិយោគ និងថវិការរបស់ចិនហូរចូលមកប្រទេសកម្ពុជា វាភ្ជាប់មកជាមួយនឹងមធ្យោបាយជាក់លាក់មួយក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះច្បាស់ណាស់គឺគន្លងនៃការអភិវឌ្ឍន៍របស់ចិន។ អ្វីដែលយើងមើលឃើញនោះ គឺថាការអភិវឌ្ឍន៍តាមបែបចិនបានកើតឡើងនៅកម្ពុជា។ ទាំងនេះអាចបង្កគ្រោះភ័យដល់សេដ្ឋកិច្ចកម្ពុជា បរិស្ថាន និងប្រជាពលរដ្ឋជាទូទៅនៅកម្ពុជា»។
លោក Brian Eyler បាននិយាយថា ជំនួយចិនមិនភ្ជាប់លក្ខខ័ណ្ឌសិទ្ធិមនុស្សដូចជំនួយនៃបណ្តាប្រទេសលោកខាងលិចទេ ប៉ុន្តែវាភ្ជាប់មកជាមួយនឹងប្រយោជន៍នយោបាយ ជាពិសេសគឺប្រយោជន៍នយោបាយនៅក្នុងតំបន់អាស៊ាន។
លោកបានបញ្ជាក់ដូច្នេះថា៖
«ខ្ញុំមិនយល់ស្របទេដែលថា ការវិនិយោគរបស់ចិនគ្មានភ្ជាប់លក្ខខណ្ឌអ្វីនោះ។ ខ្ញុំគិតថា មានការដោះដូរផ្ទៃក្នុងដើម្បីផលប្រយោជន៍នយោបាយសម្រាប់រដ្ឋាភិបាលទាំងពីរ ទាំងកម្ពុជា ទាំងចិន»។
លោក Charles Edel បាននិយាយថា ការគៀងគរវិនិយោគ និងជំនួយមកពីប្រភពផ្សេងៗទៀត គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីធ្វើឲ្យប្រទេសនេះមានការប្រកួតប្រជែងកាន់តែខ្លាំង។
លោកបាននិយាយថា៖ «កម្ពុជាត្រូវការវិនិយោគបរទេសដែលមកពីប្រភពផ្សេងៗ ហើយនេះជាមធ្យោបាយដែលធ្វើឲ្យប្រទេសនេះកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ប៉ុន្តែវាហាក់ដូចជានៅរឹតត្បិតនៅឡើយនៅកម្ពុជា»។
ស្ថាប័នរដ្ឋដែលទន់ខ្សោយ
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បានឈ្នះអាសនៈសភាទាំងអស់នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមិនមានវត្តមានគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏រឹងមាំ។
លោក Brian Eyler បាននិយាយថា ការដែលមានតែគណបក្សមួយគត់នៅក្នុងសភានោះ វានឹងក្លាយជាហានិភ័យសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយសារតែសមាជិកគណបក្សប្រជាជនទាំងអស់មានគំនិតស្របគ្នា។
លោក Nick Beresford បានបង្ហាញក្តីបារម្ភចំពោះការកៀបសង្កត់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកបាននិយាយថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា គាំទ្រសេចក្តីថ្លែងការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការអំពាវនាវឲ្យកម្ពុជាគោរពសិទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋខ្លួន។
លោកបានប្រាប់VOAថា៖
«ចំពោះបញ្ហាអភិបាលកិច្ច នៅមុនការបោះឆ្នោតនៅកម្ពុជាប្រហែលពីរ ឬ បីថ្ងៃ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការមួយ ដែលបានអំពាវនាវឲ្យមានដំណើរការនយោបាយមួយដែលមានការចូលរួម និងពហុបក្ស។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តជាតិ និងធានាឲ្យអង្គការសង្គមស៊ីវិល និងភាគីនយោបាយនានាអាចអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ»។
កម្សោយវិមជ្ឈការ
ប្រទេសកម្ពុជា មានប្រវត្តិយូរអង្វែងមកហើយក្នុងការប្រមូលផ្តុំអំណាច។ ប្រទេសនេះបានធ្វើកំណែទម្រង់វិមជ្ឈការចាប់តាំងពីដើមទសវត្សរ៍២០០០ មក។ ប៉ុន្តែ អ្នកជំនាញ បញ្ជាក់ថា កំណែទម្រង់នេះមិនបានឲ្យផលជាទីគាប់ចិត្តឡើយ ក្រៅតែពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកក៏ដោយ។
លោក ឃួន ធារ៉ា អ្នកស្រាវជ្រាវអំពីវិមជ្ឈការនៅកម្ពុជា បានប្រាប់VOAថា៖ «យើងដឹងហើយថា កំណែទម្រង់វិមជ្ឈការនៅស្រុកខ្មែរយើង បានចាប់កំណើតឡើងតាំងពីឆ្នាំ២០០២មក។ យើងមានមូនិធិអភិវឌ្ឍន៍ឃុំសង្កាត់។ មូនិធិហ្នឹងកាលពីដើមឡើយ ឆ្នាំ២០០២ គឺបានផ្តល់ឲ្យដោយសហគមន៍អន្តរជាតិភាគច្រើន។ ដល់ពេលថ្មីៗប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលយើងជាអ្នកផ្តល់មូនិធិនេះដោយខ្លួនឯង ប៉ុន្តែយ៉ាងណាក៏ដោយមូនិធិនេះនៅមានកម្រិតនៅឡើយ។ យើងឃើញថាមានតែចំនួន៣ភាគរយនៃថវិការជាតិសរុប»។
លោកឃួន ធារ៉ាបានបង្ហាញក្តីបារម្ភចំពោះ «តួរនាទីមិនច្បាស់លាស់» នៃអាជ្ញាធរមូលដ្ឋាន ដែលបណ្តាលឲ្យមានការអនុវត្តន៍គោលនយោបាយមិនមានប្រសិទ្ធិផល។
លោក ឃួន ធារ៉ាបាននិយាយថា៖ «បើនិយាយអំពីមុខងារវិញ ថ្នាក់ក្រោមជាតិនៅពេលនេះ យើងឃើញថាតួរនាទីរបស់គាត់នៅតែមានភាពស្រពេចស្រពិល។ ប្រសិនបើអាច សូមឲ្យតួនាទីហ្នឹង វាមានភាពជាក់ច្បាស់ជាងនេះ ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគាត់អាចអនុវត្តមុខនាទីទាំងនេះ កាន់តែមានប្រសិទ្ធភាព»។
លោក Brian Eyler បាននិយាយថា អវត្តមាននៃគណបក្សប្រឆាំងនៅកម្ពុជា ធ្វើឲ្យកម្ពុជាខ្វះភាគីដែលដឹកនាំការពិភាក្សាលើគោលនយោបាយអភិវឌ្ឍន៍។
លោកបានប្រាប់ថា៖ «មានហេតុផលជាច្រើនដែលត្រូវបារម្ភពីអនាគតនៃអភិបាលកិច្ចល្អនៅកម្ពុជា។ បើគ្មានគណបក្សប្រឆាំងដ៏រឹងមាំទេ តើនរណានឹងជម្រុញឲ្យមានការពិភាក្សាសំខាន់ៗ?»៕