លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក WHO បានហៅការផលិតនិងការអនុម័តវ៉ាក់សាំងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាពក្នុងរយៈពេលមិនដល់មួយឆ្នាំផងបន្ទាប់ពីវីរុសកូរ៉ូណាលេចចេញឡើងនោះ ថាជាជោគជ័យខាងវិទ្យាសាស្ត្រដ៏អស្ចារ្សមួយ។
ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ក្តីសង្ឃឹមនៃការបញ្ចប់ការរាតត្បាតឆាប់រហ័សស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ដោយសារតែបណ្តាប្រទេសអ្នកមានកំពុងទិញនិងស្តុកទុកវ៉ាក់សាំងទាំងអស់សម្រាប់ប្រទេសខ្លួន ហើយធ្វើឲ្យគ្មានសល់សម្រាប់បណ្តាប្រទេសក្រីក្រ។
លោក Tedros ថ្លែងថា៖ «វ៉ាក់សាំងជាង៣៩លានដូស ឥឡូវនេះ ត្រូវបានចែកចាយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់យ៉ាងតិចណាស់ក៏៤៩ប្រទេសដែរ។ មានតែចំនួន២៥ដូសប៉ុណ្ណោះដែលត្រូវបានផ្តល់ឲ្យប្រទេសមួយដែលមានប្រាក់ចំណូលទាបបំផុត។ មិនមែន២៥លានដូស មិនមែន២សែន៥ម៉ឺនដូសទេ គឺតែចំនួន២៥ដូសប៉ុណ្ណោះ»។
កម្មវិធីកិច្ចផ្តួចផ្តើមសាកល COVAX ត្រូវបានបង្កើតឡើងកាលពី៩ខែមុនដើម្បីធ្វើឲ្យប្រាកដថា គ្រប់ប្រទេសទាំងអស់អាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយត្រឹមត្រូវនិងស្មើគ្នា។ អង្គការនោះបានទទួលវ៉ាក់សាំង២ពាន់លានដូសមកពីក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន៥ ដោយមានជម្រើសទទួលបានជាង១ពាន់លានដូសបន្ថែមទៀត។
ក៏ប៉ុន្តែ លោក Tedros បាននិយាយទៀតថា ផែនការដើម្បីចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងខែកុម្ភៈទៅឲ្យប្រទេសក្រីក្រជាច្រើននៅក្នុងពិភពលោក ឥឡូវនេះ ស្ថិតនៅក្នុងហានិភ័យ។ លោកបាននិយាយទៀតថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន អាចប្រែក្រឡាស់ការសន្យារបស់ខ្លួនអំពីការចែកចាយវ៉ាក់សាំងឲ្យស្មើភាពគ្នានោះ។
លោក Tedros ថា៖ «ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ថា ពិភពលោកកំពុងខិតជិតទៅនឹងគ្រោះមហន្តរាយនៃការបរាជ័យខាងសីលធម៌ ហើយតម្លៃនៃការបរាជ័យនោះ នឹងធ្វើឲ្យបាត់បង់នូវជីវិតមនុស្សនៅក្នុងបណ្តាប្រទេសក្រីក្របំផុតរបស់ពិភពលោក»។
លោក Tedros បាននិយាយទៀតថា លោកចាត់ទុកថា វិធីដែលគិតពីខ្លួនឯងមុន គឺជាបរាជ័យ។ លោកព្រមានថា ប្រទេសអ្នកមាន នឹងខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារតែការមិនអើពើចំពោះតម្រូវការរបស់ពលរដ្ឋក្រីក្រ និងអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។
លោកបានមានប្រសាសន៍ទៀតថា សកម្មភាពទាំងនេះ នឹងអូសបន្លាយជំងឺរាតត្បាត ហើយលោកនិយាយបន្ថែមទៀតថា ការរឹតត្បិតដែលជាការចាំបាច់ដើម្បីរាំងខ្ទប់វីរុសនោះ នឹងបង្កើនផលប៉ះពាល់លើមនុស្សនិងសេដ្ឋកិច្ច៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន