លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo សន្យាថា សហរដ្ឋអាមេរិកនឹងទទួលបានជ័យជម្នះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន មួយថ្ងៃមុនការយកពន្ធគយនៅពេលថ្មីៗបំផុតនេះរបស់រដ្ឋបាលប្រធានាធិបតីត្រាំលើការនាំចូលទំនិញរបស់ចិនចូលជាធរមាន។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo បានប្រាប់បណ្តាញទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យ ថា «យើងនឹងទទួលបានលទ្ធផលដែលបង្ខំចិនឲ្យប្រកាន់យករបៀបមួយ បើចិនចង់ក្លាយជាមហាអំណាចសាកលលោកនោះ ចិនមិនត្រូវលួចកម្មសិទ្ធបញ្ញានោះទេ»។
រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ បានជជែកឲ្យហេតុផលថា ការយកពន្ធគយលើទំនិញនាំចូលពីប្រទេសចិននឹងបង្ខំឲ្យចិនធ្វើពាណិជ្ជកម្មក្នុងលក្ខខណ្ឌប្រសើរជាងមុនជាមួយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានទាមទារថា ចិនត្រូវតែការពារកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក រួមមានការបញ្ចប់ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ។ រដ្ឋបាលរបស់លោកត្រាំក៏បានអំពាវនាវដល់ប្រទេសចិនឲ្យអនុញ្ញាតក្រុមហ៊ុនសហរដ្ឋអាមេរិកចូលទីផ្សារចិនកាន់តែច្រើនឡើង ហើយនិងកាត់បន្ថយពាណិជ្ជកម្មរបស់ចិនដ៏លើសលុបទៅក្នុងសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានបញ្ជាឲ្យយកពន្ធគយលើទំនិញរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារដែលនឹងចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញា នេះ។ ចិនបានឆ្លើយតបដោយការបន្ថែមផលិតផលសហរដ្ឋអាមេរិកមានតម្លៃ៦០ពាន់លានដុល្លារនៅក្នុងបញ្ជីពន្ធគយនាំចូលទំនិញរបស់ខ្លួន៕