សកម្មជនជនជាតិភាគតិច Uighurs និងក្រុមអ្នកជំនាញបង្ហាញសុទិដ្ឋិនិយមអំពីគោលជំហររបស់សហរដ្ឋអាមេរិកទៅលើស្ថានភាពដែលកំពុងកើតមានឡើងចំពោះជនជាតិភាគតិច Uighurs នៅប្រទេសចិននិងនៅក្រៅប្រទេស បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបញ្ចេញដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី៥ វិច្ឆិកា កន្លងទៅ លោក Pompeo បានថ្លែងថា សហរដ្ឋអមេរិកនៅតែមានក្ដីកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍ដែលរាយការណ៍ថា រដ្ឋាភិបាលចិនបានបៀតបៀន ចាប់ដាក់ពន្ធនាគារ ឬឃុំខ្លួនតាមទំនើងចិត្តទៅលើសមាជិកគ្រួសារនៃសកម្មជនកាន់សាសនាឥស្លាមជនជាតិភាគតិច Uighurs និងអ្នករស់រានមានជីវិតពីជំរំឃុំឃាំងនៃខេត្ត Xinjiang ដែលបានទម្លាយរឿងរ៉ាវរបស់ពួកគេជាសាធារណៈ។
លោក Ferkat Jawdut សកម្មជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលឈ្មោះរបស់លោកត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ការទូតអាមេរិកបានប្រាប់ VOA ថា ការដែលរដ្ឋាភិបាលអាមេរិកបានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះ បានផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិភាគតិច Uighursថា ពួកគេមិនមែនឯកោទេ។
លោកនិយាយថា៖«វាជាការល្អ ដែលរដ្ឋបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកកំពុងខិតខំជួយបិទជំរំទាំងនោះ និងស្ដារនូវសេរីភាពសម្រាប់ជនជាតិភាគតិច Uighurs នៅប្រទេសចិន នៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក»។
ជំរំឃុំឃាំង
កាលពីពីរឬបីឆ្នាំកន្លងទៅ រដ្ឋាភិបាលចិនបានបង្កើតមន្ទីរឃុំឃាំងនានាក្នុងតំបន់ Xinjiang នៅភាគពាយ័ព្យនៃប្រទេសចិនដែលចិនអះអាងថា ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើឡើងដើម្បីប្រយុទ្ធនឹងអំពើភេរវកម្ម ភាពជ្រុលនិយម និងដើម្បីបង្រៀនជំនាញថ្មីៗ។
រដ្ឋាភិបាលចិនកំពុងប្រឈមមុខនឹងការរិះគន់កាន់តែច្រើនឡើងពីសំណាក់សហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការឃុំឃាំងជនជាតិភាគតិច Uighurs នេះ។
ក្នុងករណីខ្លះ ការរំលោភបំពានដោយរដ្ឋាភិបាលចិនប្រឆាំងជនជាតិ Uighurs កាន់សាសនាឥស្លាមកើតមានឡើងភ្លាមៗ បន្ទាប់ពីមានកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិកនិងក្រុមសកម្មជន Uighurs ពីតំបន់ Xinjiang។ នេះបើតាមការលើកឡើងរបស់លោក Pompeo នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក។
ការបដិសេធរបស់ចិន
មន្ត្រីចិនជាច្រើនបានបដិសេធថា មិនមានការធ្វើបាបជនជាតិភាគតិច Uighurs នោះទេ។ ហើយពួកគេបានថ្លែងការពារខ្លួនថា អ្នកជាប់ឃុំឃាំងទាំងនោះបានចូលទៅក្នុងមន្ទីរឃុំឃាំងនោះដោយការស្ម័គ្រចិត្ត។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែវិច្ឆិកាមុនថា៖«ខ្ញុំចង់សង្កត់បញ្ជាក់ថា មិនមានជំរំឃុំឃាំងនៅតំបន់ Xinjiang នោះទេ»។
លោក Shuang បានឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់ Pompeo វិញថា៖ «ដោយយកលេសរឿងសិទ្ធិមនុស្ស សហរដ្ឋអាមេរិកបានលាបពណ៌គោលនយោបាយរបស់តំបន់ Xinjiang ម្ដងហើយម្ដងទៀត ហើយបានចេញសេចក្ដីថ្លែងការណ៍ជាច្រើនដែលប្រាសចាកពីការណ៍ពិត»។
លោក Jawdut ដែលម្ដាយរបស់លោកត្រូវបានគេដាក់នៅក្នុងជំរំឃុំឃាំងរបស់ចិនចាប់តាំងពីឆ្នាំ ២០១៧ មកបាននិយាយថា «ពេលមានអាមេរិកនៅខាងពួកយើង» នឹងអាចជួយលើកកម្ពស់ការយល់ដឹងអំពីការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តឡើងដោយចិន ប្រឆាំងនឹងជនជាតិភាគតិច Uighurs។
លោក Jawdut បានថ្លែងប្រាប់ VOA នៅក្នុងបទសម្ភាសតាមទូរស័ព្ទមួយថា៖«សេចក្ដីថ្លែងការណ៍របស់លោក Pompeo គឺបញ្ជាក់បង្ហាញថា យើងមិនមែននៅឯកោទេ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលរបបគ្រប់គ្រងរបស់ចិនបានប្រព្រឹត្តទៅលើជនជាតិភាគតិច Uighurs ដែលរស់នៅប្រទេសចិនក៏ដូចជានៅឯបរទេសផងដែរ»។
លោកJawdut បានរំឭកពីអ្វីដែលបានកើតឡើងពេលដែលរដ្ឋាភិបាលចិនប៉ុនប៉ងចង់គំរាមកំហែងលោក។
លោកJawdutបាននិយាយថា៖«ភ្នាក់ងារសន្តិសុខចិនជាច្រើនបានទាក់ទងតាមគណនីបណ្ដាញសង្គម Wechat របស់ពួកគេ ហើយបានប្រាប់ខ្ញុំថា ខ្ញុំកំពុងតែប្រឆាំងជាមួយនឹងប្រទេសមហាអំណាចពិភពលោកមួយ ហើយថាខ្ញុំនិងម្ដាយរបស់ខ្ញុំដែលកំពុងរស់នៅក្រោមការត្រួតត្រាដ៏សាហាវព្រៃផ្សៃរបស់ចិននោះ នឹងងាយស្រួលកម្ចាត់»។
លោកបានថ្លែងបន្ថែមថា ភា្នក់ងាររបស់ចិនបានឲ្យលោកសហការជាមួយពួកគេ ដើម្បីជាថ្នូរនឹងការដោះលែងម្ដាយរបស់លោក និងសាច់ញាតិផ្សេងទៀតពីជំរំឃុំឃាំងនោះ។
លោកJawdut បាននិយាយបន្តថា៖«បន្ទាប់ពីខ្ញុំបានបដិសេធនឹងការផ្តល់ឲ្យរបស់ពួកគេ ពួកគេបានបញ្ជូនពូមីងរបស់ខ្ញុំ ចេញពីជំរំអប់រំកែប្រែទៅកាន់ពន្ធនាគារតែម្ដង»។
លើកកម្ពស់ការយល់ដឹង
លោក Alfred Erkin ដែលជាសកម្មជនUighurs មួយរូបបាននិយាយថា ពាក្យសម្ដីរបស់លោក Pompeo បានលើកទឹកចិត្តឲ្យលោកបន្តការតស៊ូមតិឲ្យជនជាតិភាគតិច Uighurs។
លោក Erkin និយាយថា កាលពីខែកញ្ញា ២០១៨ លោកបានដឹងថា ទាំងឪពុកទាំងម្ដាយរបស់លោកត្រូវបានយកទៅដាក់ក្នុងមន្ទីរឃុំឃាំងរបស់ចិន។ ឪពុករបស់លោក ដែលជាអ្នកយកព័ត៌មានឲ្យស្ថានីយ៍ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ ត្រូវបានដាក់ពន្ធនាគាអស់ជាង៦ខែមកហើយ ចំណែកឯម្ដាយរបស់លោកដែលជាគ្រូបង្រៀននៅសាលារដ្ឋ ត្រូវបានយកទៅដាក់នៅជំរំឃុំឃាំងអស់រយៈពេលជិតមួយឆ្នាំហើយ។
លោក Erkin បានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ដែលឪពុកម្ដាយរបស់ខ្ញុំដេលជាបុគ្គលិករដ្ឋាភិបាល ហើយជាពលរដ្ឋគោរពច្បាប់ មិនអាចទាំងជួយខ្លួនឯងបានពីការបង្ក្រាបដ៏ព្រៃផ្សៃរបស់ចិនទៅលើពួកយើង»។
ចាប់តាំងពីពេលនោះមក លោកនិយាយថា លោកបានយកការតស៊ូមតិជាបេសកកម្មចម្បងដើម្បីលើកកម្ពស់ឲ្យមានការយល់ដឹងអំពីស្ថានភាពនៃគ្រួសាររបស់លោក និងជាសំឡេងមួយសម្រាប់ជនជាតិភាគតិច Uighurs រាប់លាននាក់ទៀតដែលកំពុងរស់នៅជំរំអប់រំកែប្រែរបស់ចិន ក្នុងពន្ធនាគារ ឬស្ថិតក្រោមការតាមដាន ដែលពួកគេមិនអាចនិយាយរៀបរាប់ពីសា្ថនភាពរបស់ពួកគេបាន។
លោក Erkin បានបញ្ជាក់ថា លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo ដើម្បីពិភាក្សអំពីស្ថានភាពរបស់ជនជាតិភាគតិច Uighursនៅប្រទេសចិន។
លោក Erkin ក៏បាននិយាយទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាននិងបានផ្ដល់សក្ខីកម្មទៅកាន់រដ្ឋាភិបាលអាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ។
អ្នកស្រី Zumrat Dawut សកម្មជន Uighurs មួយរូបទៀតដែលធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងជំរំឃុំឃាងនោះបាននិយាយថា អ្នកស្រីត្រូវរស់នៅក្នុងស្ថានភាពដ៏អមនុស្សធម៌មួយ។
អ្នកស្រី Dawut និយាយថា៖ «ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនិងសាក្សីមួយចំនួនតូចដែលរួចជីវិតពីគោលនយោបាយអនុស្សធម៌និងព្រៃផ្សៃរបស់ចិនប្រឆាំងនឹងជនជាតិភាគតិច Uighurs នៅក្នុងជំរំអប់រំកែប្រែ»។
អ្នកស្រី Dawut ត្រូវបានចាប់ដាក់ក្នុងជំរំឃុំឃាំងចិនអស់រយៈពេលជាង២ខែ កាលពីឆ្នាំ២០១៨ រហូតដល់ពេលដែលស្វាមីរបស់អ្នកស្រីដែលជាជនជាតិប៉ាគីស្ថានបានជួយធានាឲ្យមានការដោះលែងអ្នកស្រី។
តួនាទីរបស់សហរដ្ឋអាមេរិក
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងក្រុមការពារសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា ជនជាតិភាគតិច Uighurs ១០ភាគរយកំពុងស្ថិតនៅក្រោមការឃុំឃាំង។
នៅក្នុងរបាយការណ៍ស្ដីពីភេរវកម្មកាលពីឆ្នាំ២០១៨ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា គោលដៅប្រឆាំងនឹងអំពើភេរវកម្មរបស់ចិនចម្បងគឺផ្ដោតលើពួក Uighurs។
របាយការណ៍ក្រសួងការបរទេសបញ្ជាក់ថា៖«ការប្រើប្រាស់ការប្រឆាំងអំពើភេរវកម្មជាលេស រដ្ឋាភិបាលចិនបានឃុំខ្លួនជនជាតិភាគតិច Uighurs និងសមាជិកនៃក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងជំរំជាច្រើននាក់» នៅតំបន់ Xinjiang ចាប់តាំងពីឆ្នាំ ២០១៧ មក៕
ប្រែសម្រួលដោយ នៀម ឆេង