លោករដ្ឋមន្ត្រីការបរទេសស.រ.អា Mike Pompeo បានជួបនៅថ្ងៃពុធនេះជាមួយក្រុមមន្ត្រីជាន់ខ្ពស់តួកគី ដោយមានរួមបញ្ចូលប្រធានាធិបតី Recep Tayyip Erdogan ផងដែរ នៅក្រោយមានការធានារ៉ាប់រងពីក្រុមមេដឹកនាំអារ៉ាប៊ី សាអូឌីតថា ពួកគេនឹង«បង្ហាញដល់ពិលោកទាំងមូល» អំពីលទ្ធផលនៃការស៊ើបអង្កេតល្អិតល្អន់មួយអំពីការបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ី សាអូឌីតម្នាក់ ដែលមានមូលដ្ឋានក្នុងស.រ.អា។
លោក Pompeo មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយអំពីខ្លឹមសារនៃកិច្ចចរចារបស់លោកជាមួយលោក Erdogan ឬជាមួយលោករដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu ទេនៅមុនពេលលោកចាកចេញពីប្រទេសតួកគី។
គេបានឃើញលោក Jamal Khashoggi ដែលជាអ្នករិះគន់ដល់រាជវង្សអារ៉ាប៊ី សាអូឌីតចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត ក្នុងក្រុងអ៊ីស្តង់ប៊ូលជាចុងក្រោយបង្អស់កាលពីថ្ងៃទី២ខែតុលា។
ក្រុមមន្ត្រីតួកគីបាននិយាយថា ក្រុមភ្នាក់ងារអារ៉ាប៊ី សាអូឌីតបានសម្លាប់លោក Khashoggi។ ក្រុមមន្ត្រីអារ៉ាប៊ី សាអូឌីតបានថ្លែងថា លោកបានដើរចេញពីស្ថានកុងស៊ុលនេះដោយខ្លួនឯង។
កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមអ្នកធ្វើប្រតិបត្តិការអារ៉ាប៊ី សាអូឌីតបានវាយដំ និងដាក់គ្រឿងញៀនឱ្យលោក khashoggi បន្ទាប់មកបានសម្លាប់លោក និងកាត់ដៃជើងលោកថែមទៀតផង។ សារព័ត៌មាននេះបាននិយាយថា ក្រុមមន្ត្រីតួកគីបានបង្ហាញភស្តុតាង ដោយមានរួមបញ្ចូលសេចក្តីល្អិតល្អន់នៃការថតសំឡេងមួយឱ្យដល់ក្រុមមន្ត្រីអារ៉ាប៊ី សាអូឌីត និងក្រុមមន្ត្រីអាមេរិកាំងផងដែរ។
លោក Pompeo បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះនៅមុនពេលលោកធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសតួកគីថា នៅក្នុងជំនួបរបស់លោកជាមួយព្រះចៅSalman នៃប្រទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammad bin Salman និងរដ្ឋមន្ត្រីការបរទេស Adel al-Jubeir លោកបានគូសបញ្ជាក់អំពីសេចក្តីត្រូវការឱ្យមានការស៊ើបអង្កេតឱ្យបានសព្វគ្រប់ហើយថាលោកបានទទួលការធានារ៉ាប់រងថានឹងមានការស៊ើបអង្កេតមួយបែបនេះ៕