រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើដំណើរដល់ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាកម្រិតខ្ពស់ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលដែលទើបបង្កើតថ្មីនៅក្នុងប្រទេសនេះ អំពីការបង្កើនទំនាក់ទំនងទ្វេភាគី ដែលទំនាក់ទំនងនេះបានធ្លាក់ចុះទាបកាលពីឆ្នាំមុន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននានាកាលពីថ្ងៃអង្គារម្សិលមិញនៅពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន លោក Pompeo បាននិយាយថា បេសកកម្មរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន គឺដើម្បីឲ្យប្រទេសទាំងពីរ «ស្វែងរកវិថីរួមមួយទាំងអស់គ្នា» និងដើម្បីបំបែកភាពជាប់គាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Pompeo ដែលបានអមដំណើរដោយនាយអគ្គសេនាធិការចម្រុះលោកឧត្ដមសេនីយ៍ Joseph Dunford បានសង្កត់ធ្ងន់អំពីយុទ្ធសាស្ត្រប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសប៉ាគីស្ថាន។
គណៈប្រតិភូសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំផ្លូវការជាមួយនឹងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi និងក្រុមរបស់លោក។
មន្ត្រីអាមេរិកាំងបានប្រាប់ VOA ថា គណៈប្រតិភូអាមេរិកក៏គ្រោងនឹងរៀបចំកិច្ចប្រជុំដាក់ដោយឡែកពីនេះជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៉ាគីស្ថានលោក Imran Khan ដែលទើបនឹងស្បថចូលកាន់តំណែងកាលពីជិត ៣ សប្ដាហ៍មុន និងមេបញ្ជាការយោធាលោកឧត្ដមសេនីយ៍ Qamar Javed Bajwa ផងដែរ៕