លោក Pompeo ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ ដើម្បី​ពិភាក្សា​ពី​វិធី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​ប្រទេស​នេះ

រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងសុន្ទរកថានៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​​យ៉េមែន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ពាក់​កណ្ដាល។ ប៉ុន្តែ​មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា ភស្តុតាង​ដែល​មាន​មិន​បង្ហាញ​ដូច្នេះ​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នឹង​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ​កាន់​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​អំពី​វិធី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​តំបន់​ប្រេង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​សហរដ្ឋ​អាមេរិក​គិត​ថា ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់។

ទីភ្នាក់ងារ​ព័ត៌មាន IRNA របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជូន​កំណត់​ទូត​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​បញ្ជាក់​ថា ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ និង​បាន​ព្រមាន​ថា ប្រសិនបើ​មាន​សកម្មភាព​ណា​មួយ​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ៊ីរ៉ង់ នោះ​អ៊ីរ៉ង់​នឹង​តបត​វិញ​ភ្លាមៗ​ដោយ​មិន​បង្អង់​យូរ។

ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​យេមែន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ពាក់​កណ្ដាល។ ប៉ុន្តែ​មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា ភស្តុតាង​ដែល​មាន​មិន​បង្ហាញ​ដូច្នេះ​នោះ​ទេ។

មន្ត្រី​ការពារ​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ការ​សន្និដ្ឋាន​របស់​យើង​គឺ​ថា ការ​វាយ​ប្រហារ​នេះ​មិន​មែន​ធ្វើ​ឡើង​ចេញ​ពី​ប្រទេស​យេមែន ឬ​ក៏​ប្រទេស​អ៊ីរ៉ាក់​នោះ​ទេ»។មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​វិទ្យាសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​កន្លែង​រង​ការ​វាយ​ប្រហារ​នោះ​ដើម្បី​វិភាគ​លើ​កម្ទេច​មីស៊ីល​ដែល​គេ​បាញ់​មក។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​យេមែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ដើម្បី​ជា «ការ​ព្រមាន» ចំពោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយសារតែ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​មួយ​ដើម្បី​វាយ​ប្រហារ​ពួក Houthi៕