រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអ្នកណាដែលទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថាជា «ការបោសសម្អាតជាតិសាសន៍ដ៏អាក្រក់បំផុត» ទៅលើជាតិសាសន៍ Rohingya កាន់សាសនាឥស្លាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Pompeo បានលើកឡើងដូចនេះនៅចំពេលខួបមួយឆ្នាំនៃជម្លោះនៅក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឲ្យជាតិសាសន៍ Rohingya ជាង ៧ សែននាក់ ភៀសខ្លួនពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។
លោក Pompeo បាននិយាយយ៉ាងដូច្នេះថា៖ «កាលពីមួយឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យរបស់ពួកសកម្មប្រយុទ្ធមក កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានតបតវិញដោយធ្វើយុទ្ធនាការបោសសម្អាតជាតិសាសន៍ Rohingya នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកនឹងបន្តធ្វើឲ្យអ្នកទទួលខុសត្រូវចំពោះរឿងនេះ មានការទទួលខុសត្រូវចំពោះមុខច្បាប់។ ពួកយោធាត្រូវតែគោរពសិទ្ធិមនុស្ស ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ារីកដុះដាលឡើង»។
រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី Aung San Suu Kyi បានបដិសេធចំពោះការចោទប្រកាន់របស់ជនភៀសខ្លួន Rohingya អំពីអំពើឃោរឃៅរបស់ទាហានមីយ៉ាន់ម៉ា ដោយបញ្ជាក់ថា កងកម្លាំងសន្តិសុខបង្ក្រាបពួកសកម្មប្រយុទ្ធឥស្លាមទាំងនោះនៅក្នុងរដ្ឋ Rakhine ដោយគ្មានខុសច្បាប់អ្វីនោះទេ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ជនភៀសខ្លួន Rohingya នៅក្នុងប្រទេសបង់ក្លាដែសបានធ្វើបាតុកម្ម និងការបួងសួង ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការផ្ទុះឡើងនូវជម្លោះនៅក្នុងរដ្ឋ Rakhine។
ការដាក់សម្ពាធរបស់អន្តរជាតិលើមីយ៉ាន់ម៉ាបានកើនឡើង ស្របពេលដែលអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិគ្រោងនឹងផ្សព្វផ្សាយនូវរបាយការណ៍មួយអំពីវិបត្តិ Rohingya នេះ នៅថ្ងៃចន្ទស្អែក ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំអំពីមីយ៉ាន់ម៉ានៅថ្ងៃអង្គារខានស្អែក៕