ប្រជាពលរដ្ឋខ្មែរដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលមានការកើនឡើង។ នេះបើយោងទៅលើលទ្ធផលនៃការស្ទង់មតិជាតិមួយដែលធ្វើឡើងដោយមូលនិធិអាស៊ី (Asia Foundation)។
មូលនិធិនេះបានសម្ភាសផ្ទាល់មនុស្ស១.០០០នាក់ នៅក្នុងខែឧសភានិង ខែមិថុនា មុនពេលកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាច។ ៥៩%នៃអ្នកដែលបានត្រូវសម្ភាសគិតថាប្រទេសកម្ពុជាកំពុងដើរទៅកាន់ផ្លូវខុស។
ការស្ទង់មតិនេះផ្តោតទៅលើឥរិយាបទរបស់មនុស្សចំពោះរដ្ឋាភិបាល ជាពិសេសទាក់ទងទៅនឹងការបង្ក្រាបដោយហិង្សាទៅលើកម្មករនិងសកម្មជនដីធ្លីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លទ្ធផលបានបង្ហាញការផ្លាស់ប្តូរដ៏សំខាន់មួយទៅរកការមិនពេញចិត្តចំពោះរដ្ឋាភិបាលបើប្រៀបធៀបទៅនឹងការស្ទង់មតិពីឆ្នាំមុនៗ។
លោក Silas Everett អ្នកតំណាងរបស់មូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជាថ្លែងថា៖ «អ្វីដែលយើងបានប្រៀបធៀបគឺអារម្មណ៍ជាតិថាតើកាលពី១០ឆ្នាំមុន មនុស្សមានអារម្មណ៍យ៉ាងម៉េចប្រៀបនឹងពេលបច្ចុប្បន្ន»។
លោកបន្តថា៖ «កាលពី១០ឆ្នាំមុន ប្រជាពលរដ្ឋគិតថាការបោះឆ្នោតជាតិមានភាពសេរីនិងយុត្តិធម៌ជាងបើប្រៀបធៀបទៅនឹងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ កន្លងទៅនេះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍នៃការរកឃើញ ដោយលោកមានប្រសាសន៍ថា សំណួរអាចនឹងត្រូវបានរៀបចំតាមការចង់បានចម្លើយរបស់ស្ថាប័ន។
«ខ្ញុំមិនយល់សំណួរ ប្រព័ន្ធនៃការសួរនិងការវាយតម្លៃរបស់គាត់»។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «សំណួរគួរតែត្រូវបានយល់ដោយប្រជាជន ហើយមិនមែនជាប្រភេទសំណួរដែលគេចង់បានចម្លើយដោយអ្នកសួរ។ ខ្ញុំមិនយល់ស្រប»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Everett បានមានប្រសាសន៍ថា ការស្ទង់មតិបង្ហាញពីការផ្លាស់ប្តូរសង្គមមួយ ហើយការរកឃើញពីការស្ទង់មតិនេះអាចជាប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជា។
លោក Everett ពន្យល់នៅសេចក្តីថ្លែងការណ៍មួយថា៖ «ការរកឃើញនេះគឺជាកញ្ចក់តែមួយគត់ដែលបង្ហាញពីទស្សនៈរបស់ប្រជាពលរដ្ឋនិង បានបង្ហាញពីការរំពឹងទុកនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្នុងសង្គម»។
ការស្ទង់មតិត្រូវបានគេធ្វើឡើងជិតកន្លះឆ្នាំក្រោយពីមានការធ្វើបាតុកម្មដ៏ធំនិងការបង្ក្រាបដ៏សាហាវពីរដ្ឋាភិបាលនៅដើមខែមករាឆ្នាំ២០១៤ និង បន្ទាប់ពីការជាប់គាំងនយោបាយជិតមួយឆ្នាំ។
នៅក្នុងការស្ទង់មតិនេះ ៥៩%នៃអ្នកឆ្លើយតបបានបង្ហាញពីការគាំទ្រតិចតួចចំពោះការបោះឆ្នោតឆ្នាំ២០១៣ ទាល់តែមានការកែទម្រង់ការបោះឆ្នោតជាមុនសិន។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Nicfec បានមានប្រសាសន៍ថា ការស្ទង់មតិគួរតែត្រូវបានចាត់ទុកដោយរដ្ឋាភិបាល ថាជាកញ្ចក់ឆ្លុះបញ្ចាំង។ ប៉ុន្តែលោក ហង្ស ពុទ្ធា បានប្រយ័ត្នចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័ស។
លោកបាននិយាយថា ការកែទម្រង់ការបោះឆ្នោតត្រូវតែ ធ្វើជាបន្តបន្ទាប់ ជាពិសេសនៅគណៈកម្មការរៀបចំការបោះឆ្នោតដែលត្រូវបានគេរិះគន់ថាមានការលម្អៀងទៅកាន់គណបក្សកាន់អំណាច។
«ប្រសិនបើរង់ចាំគណៈកម្មការនៃការបោះឆ្នោតឲ្យមានអព្យាក្រឹត១០០% ខ្ញុំគិតថា វាជាការលំបាកហើយពេលខ្លះអាចធ្វើឲ្យមានការខូចខាតដល់ការអភិវឌ្ឍជាតិ»។
ការស្ទង់មតិបានបង្ហាញផងដែរពីការមិនយល់អំពីគោលការណ៍ប្រជាធិបតេយ្យ។
៨៥%នៃអ្នកដែលបានត្រូវសម្ភាសបាននិយាយថា៖ «លទ្ធិប្រជាធិបតេយ្យជានិច្ចកាលជាមធ្យោបាយល្អបំផុត ហើយពួកគាត់មិនគាំទ្រទស្សនៈដែលថា អ្នកដឹកនាំខ្លាំងនិងមិនត្រូវបានគេបោះឆ្នោតឲ្យ គឺអាចទទួលយកបាននៅក្នុងសភាពការណ៍មានវិបត្តិ»។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ការអប់រំនិងការហ្វឹកហ្វឺនត្រូវការចាំបាច់ដើម្បីជួយឲ្យប្រពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគេ។ សិទ្ធិនិងគោលការណ៍គួរតែត្រូវបានអនុវត្តនិងអនុវត្តតាមដោយរដ្ឋាភិបាល «ដើម្បីឲ្យប្រជាជនបានយល់ថាអ្វីជាលទ្ធិប្រជាធិបតេយ្យ»។
លោកថា៖ «ការអនុវត្តលទ្ធិប្រជាធិបតេយ្យគួរតែអនុវត្តចាប់ពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ទាប។ ថ្នាក់ខ្ពស់គឺជាគំរូ»៕