ការ​ស្ទង់​មតិ៖ បេក្ខជន​ប្រធានាធិបតី​មាន​ឱកាស​ជាប់​ខ្ពស់​​ប្រឈម​នឹង​ការ​កម្រិត​ចំណាត់ថ្នាក់​មិន​ជាទី​គាប់​ចិត្ត

លោកស្រី Hillary Clinton និងលោក Donald Trump។

តួលេខ​ថ្មី​បាន​ពី​មជ្ឈ​មណ្ឌល​ស្ទង់​មតិ​គោលនយោបាយ​សាធារណៈ​អព្យាក្រឹត​ (PPP) បាន​បង្ហាញ​ថា លោកស្រី Hillary Clinton នឹង​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សំឡេង​បន្តិចបន្តួច។

សំណួរ​ស្រួលៗ​សម្រាប់​ថ្ងៃ​នេះ៖ តើ​សរសៃ​ធ្មេញ​ ការ​ស្ទះ​ចរាចរ ខោ​សំយេះ ចៃ និង​តន្រ្តីករ​កាណាដា Nickelback មាន​អ្វី​ដូច​គ្នា?

​អ្នក​អាច​ទាយ​បាន​បី​ដង ប៉ុន្តែ​អ្នក​នឹង​មិនទាយ​ត្រូវ​ឡើយ។ ចុះ​ចាញ់​ហើយ​ឬ? បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ របស់​ទាំងអស់ដែល​រៀប​រាប់​ខាង​ដើម​គឺ ​មាន​ប្រជា​ប្រិយភាព​ខ្ពស់​ជាង​លោក Donald Trump ទៅ​ទៀត។

តួលេខ​ថ្មី​នេះ​ទទួល​បាន​ពី​មជ្ឈ​មណ្ឌល​ស្ទង់​មតិ​គោលនយោបាយ​សាធារណៈ​អព្យាក្រឹត​ (PPP)។​

មុន​ពេល​យើង​ពន្យល់​បន្ថែម​ទៀត អ្នក​គួរ​ដឹង​ថា ​មជ្ឈមណ្ឌល​ស្ទង់​មតិ​គោលនយោបាយ​សាធារណៈ​អព្យាក្រឹត​ ឬ​ហៅ​កាត់​ថា PPP មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ បើទោះ​ជា​ព័ត៌មាន​នៃ​ការស្ទង់​មតិ​នោះ​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​ការ​ទេរ​ទៅ​រក​លើ​គណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ជារួម​ ព័ត៌មាន​នៃ​ការ​ស្ទង់​មតិ​នៅតែ​ស្ថិត​ក្នុង​កម្រិត​សុក្រឹត​ល្អ​ដដែល។

បុព្វហេតុ​នៃ​ការ​ស្ទង់​មតិគឺ​ចង់ផ្តោត​លើការ​ប្រកួត​ប្រជែង​រវាង លោកស្រី Hillary Clinton និង​លោក Donald Trump ដូច្នេះ​ហើយ​បាន​មជ្ឈមណ្ឌល PPP បាន​ធ្វើ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ទៅ​លើ​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​រួចចំនួន​១.០០០នាក់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ខែ​ឧសភា។​

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ គឺ​លក្ខណៈ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ គួរ​ឲ្យ​ខក​ចិត្ត និង​ពេលខ្លះក៏​គួរ​ឲ្យ​ធុញទ្រាន់​ដែរ។

រឿង​នៅ​ពី​ក្រោយ​បេក្ខជន​នីមួយៗ

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ គឺ​ លទ្ធផល​នៃ​ការ​ស្ទង់មតិ​បង្ហាញ​ថា ៧៨ភាគរយ​នៃអ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា ពួកគេ​គិត​ថា ជា​រឿង​ធម្មតាដែល Trump ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​នេះ។ ភាគរយ​នេះ​ស្ទើរ​តែ​ស្មើ​នឹង​ភាគរយ​នៃ​អ្នកគាំ​ទ្រលោក​ស្រី Clinton ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានា​ធិបតី​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​មាន​ចំនួន​៧៥ភាគរយ។ ​

លោកស្រី Clinton នៅ​តែ​ជា​អ្នក​ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រកួត​ប្រជែង​តទល់​គ្នា។ លោកស្រី​បាន​នាំ​មុន​លោក Trump ដោយ​ទទួល​បាន​សំឡេង​៤៧ភាគរយ ដោយ​ឡែក​លោក Trump ទទួល​បាន​តែ​៤១ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត។

លោក Dean Debnam ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល PPP និយាយ​ថា «លោកស្រី Hillary Clinton ច្បាស់​ណាស់​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។ ប៉ុន្តែ​វា​មិន​មែន​ជា​ជ័យជម្នះ​ខ្លាំង​ក្លា​នោះ​ទេ។ លោក​ស្រី​នឹង​ឈ្នះ​តិចតួច»។

បើ​អញ្ចឹង​វា​ជា​រឿង​ដ៏​អស្ចារ្យ​ហើយ

មជ្ឈមណ្ឌល​ PPP ក៏​ចង់​ដឹង​ពី​អារម្មណ៍​ធម្មតា​របស់​អ្នក​គាំទ្រ​លោក Trump ដែរ។ ដូច្នេះ ពួកគេ​បាន​សួរ​អំពី​ចំនួន​នៃ​ការ​ថ្លែងការណ៍​មិន​ពិត​ដែល​លោក Trump បាន​ធ្វើ​ឡើង ហើយ​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​គាំទ្រ​លោក គឺ​ជា​ក្រុម​មនុស្ស​ដែល​គេអាច​ហៅ​ថា ក្រុម​មេគំនិត​ផែនការ​សម្ងាត់។ ​

ជាក់ស្តែង​ ៦៥ភាគរយ​នៃ​អ្នក​គាំទ្រ​លោក Trump ជឿ​ថា លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជា​ជន​មូស្លីម។

ភាគច្រើន​នៃ​អ្នក​គាំទ្រលោក Trump ពោល​គឺ ៥៩ភាគរយ​ គឺ​ «អ្នក​ជឿ​លើ​ដើម​កំណើត» ដែល​ពួកគេ​ជឿ​ថា លោក​ប្រធានាធិបតី​ អូបាម៉ា កើត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ ​

ហើយ​ស្ទើរ​តែ​១៥ភាគរយ​ជឿ​ថា លោក​ចៅ​ក្រម​តុលាការ​កំពូល Antonin Scalia ត្រូវ​បាន​គេ​ធ្វើ​ឃាត។​

ប៉ុន្តែ​ក្រុម​មនុស្សដែល​ទំនង​នឹង​ផ្តល់​ទិន្នន័យ​ត្រឹមត្រូវ​ពី​ប្រជា​ប្រិយភាព​របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ គឺ​ជា​ក្រុម​មនុស្ស​ដែល​ឆ្លើយ​សំណួរ​នេះ៖ «ប្រសិន​បើ​បេក្ខជន​ព្រឹទ្ធសភា​ម្នាក់​នៅ​ក្នុង​រដ្ឋ​របស់​អ្នក​គាំទ្រ​លោក Donald Trump សម្រាប់​បេក្ខភាព​ប្រធានាធិបតី តើ​អ្នក​អាច​នឹង​បោះ​ឆ្នោត​ឲ្យ​ព្រឹទ្ធសភា​រូប​នោះ​ទេ?» ស្ទើរ​តែ​ពាក់​កណ្តាល​នៃអ្នក​ចូល​រួម​ការ​អង្កេត​នេះ​បាន​និយាយ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​ព្រឹទ្ធសភា​រូប​នោះ។

ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ដែល​អាច​ទៅ​រួច​ដែល​ថា លោក Trump អាច​នឹងដើរ​ឃោសនា​សម្រាប់​តំណែង​ប្រធានាធិបតី​នេះ​តែ​ម្នាក់​ឯង ដោយសារ​បេក្ខជន​ដទៃ​ខ្លាច​ «ភាព​មិន​ពេញ​ចិត្ត​លើ​លោក Trump» នឹង​ប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​បេក្ខជន​ឈរ​ឈ្មោះ​ផ្សេងៗ​ទៀត។

នេះ​ជា​ចំណង​ជើង​មួយ​ទៀត​នៃ​ការ​ស្ទង់​មតិ៖ មនុស្ស​ជាច្រើនមិន​ចូលចិត្ត​លោក Donald Trump តែម្តង។

ជិត​ពីរ​ភាគ​បី ឬ​ស្មើ​នឹង​៦១ភាគរយ​នៃ​អ្នក​បោះឆ្នោត​ទាំង​អស់ មាន​គំនិត​មិន​ពេញចិត្ត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី​ដែល​ត្រូវ​បាន​តែងតាំង​មកពី​គណបក្ស​សាធារណរដ្ឋ។

ប៉ុន្តែ​ការ​ស្ទង់​មតិ​ក៏​បាន​រក​ឃើញ​ថា លោកស្រី Hillary Clinton មិន​មាន​ប្រៀប​ខ្លាំង​នោះ​ទេ។ ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោកស្រី​មាន​ប្រមាណ​ជា​ ៥៥ភាគរយ។

បើ​គិត​មួយ​ជ្រុង​ទៀត អ្នក​បោះឆ្នោត​ចូលចិត្ត លោក Donald ជាង​ជំងឺ​ឫស​ដូង​បាត និង​សត្វ​កន្លាត​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ