ការស្ទង់មតិថ្មីមួយរកឃើញថា ពលរដ្ឋអាមេរិកកាន់តែមានមន្ទិលអំពីតម្លៃនិងថ្លៃសិក្សានៅមហាវិទ្យាល័យ។ ជាងពីរភាគបីនៃមនុស្សពេញវ័យដែលត្រូវបានស្ទង់មតិនៅក្នុងការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី ៨ ខែកក្កដា ដោយ Gallup និងមូលនិធិ Lumina បានឱ្យដឹងថាពួកគេមានអារម្មណ៍ថា ប្រព័ន្ធអប់រំឧត្តមសិក្សារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់ «ទិសដៅខុស»។ សរុបមក មានតែ ៣៦ ភាគរយនៃមនុស្សពេញវ័យដែលនិយាយថាពួកគេមានការជឿជាក់ «លើសលុប» ឬ «ច្រើនខ្លាំង» ទៅលើការអប់រំថ្នាក់ឧត្តមសិក្សា។ ទស្សនៈអវិជ្ជមានមួយអំពីថាតើមហាវិទ្យាល័យសាកសមនឹងតម្លៃក្នុងការចំណាយពេលវេលាសិក្សា និងប្រាក់កាសឬយ៉ាងណានោះ មានក្នុងចំណោមគ្រប់ទម្រង់ប្រជាសាស្ត្រទាំងអស់។
ពលរដ្ឋអាមេរិកកាន់តែច្រើនមានមន្ទិលអំពីតម្លៃនិងថ្លៃសិក្សានៅមហាវិទ្យាល័យ ដោយភាគច្រើននិយាយថា ពួកគេមានអារម្មណ៍ថា ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់ «ទិសដៅខុស»។ នេះបើយោងតាមការស្ទង់មតិថ្មី មួយ។
ជារួម មានតែ ៣៦ ភាគរយនៃមនុស្សពេញវ័យប៉ុណ្ណោះដែលនិយាយថាពួកគេមានការជឿជាក់ «លើសលុប» ឬ «ច្រើនខ្លាំង» ទៅលើការអប់រំថ្នាក់ឧត្តមសិក្សា។ នេះបើយោងតាមការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី ៨ ខែកក្កដា ដោយ Gallup និងមូលនិធិ Lumina។ កម្រិតនៃការជឿទុកចិត្តនេះបានធ្លាក់ចុះជាបន្តបន្ទាប់ពីអត្រា ៥៧ ភាគរយកាលពីឆ្នាំ ២០១៥មក។
មតិដូចគ្នាមួយចំនួនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការធ្លាក់ចុះនៃការចុះឈ្មោះចូលរៀន ដោយសារមហាវិទ្យាល័យប្រឈមនឹងផលប៉ះពាល់នៃវិបត្តិបំណុលសិស្ស ការព្រួយបារម្ភអំពីតម្លៃសិក្សាខ្ពស់ និងការជជែកពិភាក្សានយោបាយអំពីរបៀបដែលពួកគេបង្រៀនអំពីជាតិសាសន៍ និងប្រធានបទផ្សេងទៀត។
ទស្សនៈអវិជ្ជមានអំពីថាតើមហាវិទ្យាល័យមានតម្លៃក្នុងការចំណាយពេលវេលាសិក្សា និងប្រាក់កាសមានក្នុងចំណោមគ្រប់ទម្រង់ប្រជាសាស្ត្រទាំងអស់ ដោយរួមមានទាំងយេនឌ័រ អាយុ និងការពាក់ព័ន្ធនឹងនយោបាយ។ ក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ ចំនួនអ្នកឆ្លើយថាមានទំនុកចិត្តខ្ពស់លើថ្នាក់ឧត្តមសិក្សាបានធ្លាក់ចុះ ៣៦ ភាគរយកាលពីទសវត្សរ៍មុន ដែលតួលេខនេះធ្លាក់ចុះច្រើនជាងសមាជិកគណបក្សប្រជាធិបតេយ្យឬអ្នកឯករាជ្យទៅទៀត។
លោក Randy Hill អាយុ ៥៩ ឆ្នាំ ជាសមាជិកគណបក្សសាធារណរដ្ឋដែលបានចុះឈ្មោះក្នុងរដ្ឋ Connecticut និងជាអ្នកបើកបររថយន្ដសម្រាប់សេវាកម្មរថយន្តមួយនិយាយថា៖ «វាថ្លៃណាស់ ហើយខ្ញុំគិតថាមហាវិទ្យាល័យនានាមិនបង្រៀនមនុស្សពីអ្វីដែលពួកគេត្រូវការដើម្បីទទួលបានការងារនោះទេ»។ ក្មួយរបស់លោកមានគម្រោងនឹងរៀនវគ្គបណ្ដុះបណ្ដាលខាងផ្សារដែកក្រោយរៀនចប់ថ្នាក់វិទ្យាល័យ។ លោក Hill ថ្លែងបន្ថែមទៀតថា៖ «អ្នករៀនចប់មហាវិទ្យាល័យ អ្នកជំពាក់លុយគេ មិនអាចរកការងារធ្វើបាន នោះអ្នកមិនអាចសងបំណុលបានទេ។ តើរៀនមហាវិទ្យាល័យដើម្បីអ្វីទៅ?»
ការរកឃើញរួមនៃការស្ទង់មតិកាលពីខែមិថុនា ឆ្នាំ ២០២៤ បង្ហាញថា ៣៦ ភាគរយ នៃមនុស្សពេញវ័យមានអារម្មណ៍ថាមានទំនុកចិត្តខ្លាំងនៅក្នុងការអប់រំថ្នាក់ឧត្តមសិក្សា គឺមិនផ្លាស់ប្ដូរពីឆ្នាំមុនទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវបារម្ភគឺការផ្លាស់ប្តូរគំនិត ដោយមានពលរដ្ឋអាមេរិកកាន់តែតិចនិយាយថាពួកគេមានទំនុកចិត្ត «ខ្លះ» ហើយពលរដ្ឋអាមេរិកកាន់តែច្រើនទៀតនិយាយថាមាន «តិចណាស់» និង «គ្មាន»។
ការរកឃើញនៅឆ្នាំនេះបង្ហាញថា មនុស្សជាច្រើនមានទំនុកចិត្តតិចតួចឬគ្មានទាល់តែសោះគឺ ៣២% ជាអ្នកមានទំនុកចិត្តខ្ពស់។ អ្នកជំនាញនិយាយថា និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យកាន់តែតិចជាងមុន អាចធ្វើឱ្យកង្វះកម្លាំងពលកម្មកាន់តែអាក្រក់ចាប់ពីការថែទាំសុខភាព រហូតដល់ផ្នែកព័ត៌មានវិទ្យា។ សម្រាប់អ្នកដែលមិនសិក្សានៅមហាវិទ្យាល័យ វាច្រើនតែមានន័យថាប្រាក់ចំណូលក្នុងមួយជីវិតទាប គឺតិចជាង ៧៥ ភាគរយបើប្រៀបធៀបជាមួយអ្នកដែលទទួលបានបរិញ្ញាបត្រ។ នេះបើយោងតាមមជ្ឈមណ្ឌលអប់រំ និងកម្លាំងពលកម្មរបស់សាកលវិទ្យាល័យ Georgetown ។
ហើយក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ អ្នកដែលគ្មានសញ្ញាបត្រទំនងជាបាត់បង់ការងារ។ អ្នកស្រី Courtney Brown អនុប្រធានមូលនិធិ Lumina ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃផ្នែកអប់រំផ្តោតលើការបង្កើនចំនួនសិស្សដែលស្វែងរកការអប់រំលើសពីកម្រិតវិទ្យាល័យនិយាយថា «វាជារឿងសោកស្ដាយណាស់ដែលឃើញថា ទំនុកចិត្តមិនបានរីកចម្រើនទាល់តែសោះ»។ អ្នកស្រីថ្លែងទៀតថា៖ «អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺថា អ្នកដែលមានទំនុកចិត្តទាប ឬគ្មានទំនុកចិត្តពិតជាកំពុងកើនឡើង»។ ការស្ទង់មតិនៅឆ្នាំនេះបានបន្ថែមសំណួរលម្អិតថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយល់ពីមូលហេតុដែលទំនុកចិត្តធ្លាក់ចុះ។
ស្ទើរតែមួយភាគបីនៃអ្នកឆ្លើយសំណួរនិយាយថាមហាវិទ្យាល័យគឺ «ថ្លៃពេក» ខណៈពេលដែល ២៤ ភាគរយ មានអារម្មណ៍ថា សិស្សមិនត្រូវបានអប់រំ ឬបង្រៀនអំពីអ្វីដែលពួកគេត្រូវការដើម្បីជោគជ័យ។
ការស្ទង់មតិនេះមិនបានប៉ះពាល់ជាពិសេសលើការតវ៉ានៅឆ្នាំនេះប្រឆាំងនឹងសង្រ្គាមនៅតំបន់ហ្កាហ្សាដែលបានបែងចែកបរិវេណមហាវិទ្យាល័យជាច្រើននោះទេ ប៉ុន្តែទស្សនៈនយោបាយបានថ្លឹងថ្លែងយ៉ាងខ្លាំងទៅលើការរកឃើញ។ អ្នកឆ្លើយសំណួរបានសម្តែងការព្រួយបារម្ភអំពីការមិនប្រកាន់និន្នាការនយោបាយ ភាពលម្អៀងខាងនយោបាយ ហើយថាមហាវិទ្យាល័យសព្វថ្ងៃគឺសេរីពេក។ ក្នុងចំណោមអ្នកឆ្លើយសំណួរដែលខ្វះទំនុកចិត្ត មាន ៤១ ភាគរយ លើកឡើងអំពីរបៀបវារៈនយោបាយជាហេតុផល។
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា