ការ​ស្ទង់មតិ៖ លោកស្រី​ Clinton នាំ​​មុខ​លោក Sanders ចំនួន​ ២៥ភាគរយនៅ​​ទូទាំង​ប្រទេស

លោកស្រី​ Hillary Clinton (ខាងឆ្វេង) បេក្ខនារី​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​នាំ​មុខគូប្រជែង​របស់​លោកស្រី​គឺ ​លោក​ Bernie Sanders (ខាងស្តាំ) ចំនួន​២៥​ភាគរយ​នៅ​ទូទាំង​ប្រទេស​នៅ​មុន​ការជជែក​ដេញ​ដោលគ្នា​ចុង​ក្រោយ​បង្អស់​រវាង​ក្រុម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ។

តាម​លទ្ធផល​ថ្មីៗ​បំផុត​នៃ​ការ​ស្ទង់មតិ​ថ្មី​មួយ​ដោយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង NBC និង​កាសែត​ Wall Street Journal បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ Hillary Clinton បេក្ខនារី​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​នាំ​មុខគូប្រជែង​របស់​លោកស្រី​គឺ ​លោក​ Bernie Sanders ចំនួន​២៥​ភាគរយ​នៅ​ទូទាំង​ប្រទេស​នៅ​មុន​ការជជែក​ដេញ​ដោលគ្នា​ចុង​ក្រោយ​បង្អស់​រវាង​ក្រុម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ និង​នៅ​មុន​ការ​ប្រជុំ ​និង​បោះឆ្នោតcaucus ដ៏​សំខាន់​នៅ​ក្នុង​រដ្ឋ​ Iowa។​

លោកស្រី Clinton បាន​ទទួល​ការ​គាំទ្រ ៥៩ភាគ​រយ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ចំណែក​លោក​ Sanders​ បានទទួល​ការ​គាំទ្រ ៣៤ភាគ​រយ​។លោក Martin O'Malley ​មាន​ការគាំទ្រតែ​ពីរ​ភាគរយ​ប៉ុណ្ណោះ។​

តួលេខទាំង​នេះ​ស្រដៀង​គ្នា​នឹង​តូលេខកាល​ពី​ខែ​ធ្នូ ដែល​នៅ​ពេលនោះ​លោកស្រី​ Clinton ទទួល​បាន​ការ​គាំទ្រ ១៩ភាគ​រយ​លើសលោក​ Sanders នៅ​ទូទាំង​ប្រទេស​ជាតិ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​ស្រី Clinton បាន​បង្កើនការ​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​លើ​លោក​ Sanders អំពី​ប្រវត្តិ​សមាជិក​ព្រឹទ្ធសភា​ស.រ.អាប្រចាំរដ្ឋ​ Vermont រូប​នេះ​ អំពី​ការ​ត្រួតត្រា​កាំភ្លើង តែ​ប៉ុន្មាន​ម៉ោង​នៅ​មុន​ការ​ជជែក​ដេញដោល​លើក​ទី​បួន។​

ការ​ស្ទង់មតិ​នេះដោយ​បណ្តាញ​ទូរទស្សន៍អាមេរិកាំង NBC និង​កាសែត​ Wall Street Journal​ ក៏បាន​រក​ឃើញ​ដែរ​ថា ​ចំនួន​មួយ​ភាគ​បី​នៃក្រុម​មនុស្ស​ដែល​និយាយ​ថា ​ពួក​គេនឹងបោះ​ឆ្នោត​ឲ្យ​គណបក្សសាធារណរដ្ឋ​បាន​និយាយ​ថា​ ពួក​គេ​គាំទ្រ​លោក Donald Trump បន្ទាប់​មក​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​ Texas មាន​ការ​ទ្រទ្រង់២០ភាគ​រយ។​ ចំណេក​ឯលោក Marco Rubio សមាជិក​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​ Florida មានការ​គាំទ្រ១៣ភាគរយ ​ហើយ​លោក​ Ben Carson ដែល​ជា​វេជ្ជបណ្ឌិត​ចូលនិវត្តន៍​ខាង​ការ​វះកាត់សរសៃប្រសាទ​កុមារ ទទួល​បាន​ការ​គាំទ្រ​តែ១២​ភាគ​រយ​ប៉ុណ្ណោះ៕