អ្នក​វិភាគ៖ ដល់​ពេល​អ្នក​នយោបាយ​ពិភាក្សា​ពី​នយោបាយ​ការបរទេស​រួម

លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី (ស្តាំ) និងលោក ស ខេង រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោះដូរ​ឯកសារ​គ្នា​ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃពុធ ទី២៧ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ AP/Pavel Golovkin)

អ្នក​នយោបាយ​កម្ពុជា​គួរ​តែចាប់ផ្តើមជជែក​គ្នា​ពី​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ដើម្បី​បាន​ជំហរ​រួម​មួយ​ក្នុងការ​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ជិតខាង​ និង​មហា​អំណាច​ ជាជាង​ការ​ក្លាយ​ទៅ​ជា​«កូនត្រី‍»​នៅ​ក្នុង​ក្រឡា​អុក​របស់​មហា​អំណាច។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នយោបាយ​កម្ពុជា។

លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត (Future Forum) ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​«ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​មក​លើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក អ៊ូ វីរៈ ​ប្រធាន​ និង​ជា​ស្ថាបនិក​វេទិកា​អនាគត​បាន​រំឭក​ថា ការ​ងាក​តែ​មក​រក​ប្រទេស​ចិន​ឬ​អាមេរិក​ខ្លាំង​ពេក​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​ បម្រើ​ផល​ប្រយោជន៍​ឱ្យ​គេ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។​

លោក​បាន​ចោទ​សួរ​ថា​៖

«បើសិន​គ្រប់គ្នា ​ម្នាក់ៗ​ដណ្តើម​គ្នា​ទៅ​ឱប​ជើង​ចិន​អញ្ចឹង​ តើ​ប្រទេស​កម្ពុជា​នឹង​ឈរ​ជើង​យ៉ាងម៉េច​ទៅ​អនាគត?‍»

លោក​បន្ថែម​ថា​ការ​ឱបជើង​ចិន ឬ​អាមេរិក​ខ្លាំង​ពេក​គឺ​ជា​ស្ថានភាព​ដែល​«គ្រោះថ្នាក់‍»​។​

លោក​ អ៊ូ វីរៈ ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​គឺ​ជា​ពេលវេលា​សមស្រប​ដែល​មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​អង្គុយ​ជាមួយ​គ្នា​ជជែក​ស្វែងរក​គោល​ជំហរ​រួម​សម្រាប់​នយោបាយ​ការបរទេស ព្រោះប្រទេស​កម្ពុជា​ហាក់​ដូច​ជា​ដើរ​មក​ដល់​ផ្លូវ​បំបែក​មួយ​ ដែល​មិនដឹង​ច្បាស់ថា​ជាប្រទេស​កុម្មុយនិស្ត​ ឬប្រជាធិបតេយ្យ​ពិតប្រាកដ។​

លោក​រិះគន់​ថា ​កម្ពុជា​ហាក់​ដូច​ជា​ពឹង​ផ្អែកចាំ​តែ​ជំនួយបរទេស​ច្រើន​ជាង ​ពង្រឹង​លទ្ធភាព​ដោយ​ខ្លួន​ឯង​ ដែល​លោក​ហៅ​ថា​ ជា​ផ្នត់​គំនិត​«ជាអ្នក​សុំទាន‍»។

លោក​បន្ថែម​ថា​៖«ការ​ធ្វើ​ផ្នត់​គំនិត​ជា​អ្នក​សុំ​ទាន​ គឺ​យើង​ឈរ​ខ្លួន​ឯង​មិន​រឹងមាំ​គឺ​យើង​នៅ​តែ​ជា​កូនអុក​របស់​គេ​ដដែល​‍»។

លោក​យល់​ថា ​កម្ពុជា​គួរ​តែ​មើល​គំរូ​របស់​សិង្ហបុរី​ដែល​ឈរ​ម្ចាស់​ការ​ខ្លួន​ឯង។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ហាក់​បាន​ងាក​ទៅ​រក​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ដោយ​ចិន​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន ជា​ជំនួយ​ឥត​សំណង កម្ចី​ឥត​ការ​ប្រាក់ និង​កម្ចី​សម្បទាន​សម្រាប់​អភិវឌ្ឍន៍។ ចិន​ជួយ​កសាង​ផ្លូវ​បាន​ជាង​២០០០គីឡូម៉ែត្រ និង​សំណង់​វារី​អគ្គិសនី​តម្លៃ​ជាង​២០០០លាន​ដុល្លារ។ ​នេះ​បើ​តាម​ការ​បញ្ចាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា។​

លោក ​ហោ ណាំហុង ​រដ្ឋ​មន្ត្រីការ​បរទេស​បាន​បញ្ជាក់​ថា​«ទំនាក់​ទំនង​កម្ពុជា​ចិន​បាន​ឈាន​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ប្រទេស​ទាំងពីរ​ក៏​បាន​បង្កើត​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន​ ដើម្បី​អនុវត្តភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ‍»។

លោក អ៊ូ វីរៈ យល់​ថា​ ការ​កើន​ឡើង​ជំនួយ​នេះ​ដោយ​សារ​ក្នុង​ពេល​កន្លងមក​ ប្រទេស​ចិន​ពឹង​ផ្អែក​លើ​ប្រទេស​ពីរ​នៅ​ក្នុង​សមាគម​អាស៊ាន​ ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​របស់​ចិន​នោះ​គឺ​ កម្ពុជា​ និង​ប្រទេស​ភូមា។

លោក​បាន​បន្ថែម​ថា៖​ «ប៉ុន្តែ​ដោយ​សារ​ឥឡូវ​ប្រទេស​ភូមា​ចាប់ផ្តើម​បែរ​ទៅរក​លោក​ខាងលិច​ ប្រទេស​ចិន​កំពុង​តែ​ដាក់​ផុក​លើ​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់​ ហើយ​ការ​ដាក់​ផុក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ជំនួយ​សេដ្ឋកិច្ច​ និង​ជំនួយ​ផ្សេងៗ​មាន​សព្វាវុធ​យោធា ​រួម​ទាំង​ការ​ការពារ​រដ្ឋាភិបាល​កម្ពុជា​ពីការ​រិះគន់​នានា​ និង​ពី​ការ​ដាក់​ការ​គាប​សង្កត់​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ‍»។​

លោក​ អ៊ូ វីរៈ មើល​ឃើញ​ថា​ បណ្តា​ប្រទេស​ខាងលិច​មិន​សូវ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដូច​មុន​ទៀត​ទេ​ដោយ​សារ​តែ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចិន​ជា​អាង។

«ចំពោះខ្ញុំ​ជា​នយោបាយ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត‍»៕