យោធា​កម្ពុជា​​ចាត់​វិធានការ​ជ្រុល​ប្រឆាំង​នឹង​ការ​ប្រកាស​រដ្ឋ​ប្រហារ​ដោយ​បុគ្គល​ម្នាក់​តាម​ Facebook

ជន​ម្នាក់​ដែលឲ្យ​ឈ្មោះ​ខ្លួន​ឯង​ថា VP9 ​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ (ហ្វេសប៊ុក) និង YouTube កាល​ពី​ថ្ងៃអាទិត្យ។ (រូបថត​ដកស្រង់​ពី Web Screenshot)

ការ​លើក​ឡើ​ង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ចាត់​វិធាន​ការ​ភ្លាមៗ ​ដើម្បី​តាម​ចាប់​ជន​ដែល​ប្រកាស​ពី​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ (ហ្វេសប៊ុក) ​កាល​ពី​ថ្ងៃ​អាទិត្យ​ ស្រប​ពេល​មាន​ការ​ប្រទះ​ឃើញ​​ការ​ចល័ត​កង​រថក្រោះ​ពី​ព្រំ​ដែន​ថៃ​មក​ជិត​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ។

ក្រុម​អ្នក​តាមដាន​ និង​ស្រាវជ្រាវស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បង្ហាញ​ការ​គាំទ្រ​ចំណាត់​ការ​មន្ត្រី​យោធា​កម្ពុជា​ក្នុង​ករណី​ដែល​មាន​ជន​ម្នាក់​ប្រកាស​ពី​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។​ ការ​ប្រកាស​នេះ​ធ្វើឡើងក្នុង​វីដេអូ​មួយ​នៅ​លើ​បណ្តាញ​សង្គម។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​នយោបាយ​នេះ​ ក៏​អះអាង​ដែរ​ថា ​សកម្មភាព​ធានា​ស្ថិរភាព​ និង​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ គប្បី​ធ្វើ​ឡើង​ក្នុង​រូបភាព​មួយ​ដែល​មិន​បង្ក​ឲ្យ​ពលរដ្ឋភ្ញាក់ផ្អើល​ និង​ព្រួយ​បារម្ភ​នោះ​ទេ។

ការ​លើក​ឡើ​ង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ចាត់​វិធាន​ការ​ភ្លាមៗ ​ដើម្បី​តាម​ចាប់​ជន​ដែល​ប្រកាស​ពី​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ (ហ្វេសប៊ុក) ​កាល​ពី​ថ្ងៃ​អាទិត្យ​ ស្រប​ពេល​មាន​ការ​ប្រទះ​ឃើញការ​ចល័ត​កង​រថក្រោះ​ពី​ព្រំ​ដែន​ថៃ​មក​ជិត​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ដែល​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ទទួល​ស្គាល់​ថា​ គម្រោងធ្វើ​រដ្ឋ​ប្រហារ​គឺ​ជា​សកម្មភាព​ផ្ទុយ​ទៅ​នឹង​ច្បាប់​ធ្ងន់ធ្ងរ។​ ក៏​ប៉ុន្តែ​ លោក​ អ៊ូ វីរៈ​ យល់​ថា​ ករណី​នេះ​ទំនង​ជា​មិន​អាច​ក្លាយ​ជា​រដ្ឋ​ប្រហារ​ពិត​នោះ​ទេ​ ហើយ​ការ​ស៊ើប​អង្កេត​លើ​ករណី​តូចតាច​បែប​នេះ​ គួរ​តែ​ធ្វើឡើង​ដោយ​មន្ត្រី​ស៊ីវិល​ ជា​ជាង​ដោយ​មន្ត្រី​យោធា​ ដើម្បី​ចៀសវាង​ការ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ។​

«ខ្ញុំ​មើល​ទៅ​គ្រាន់​តែ​ជា​ការ​ស្រមើលស្រមៃ​របស់​បុគ្គល​ម្នាក់​ ឬ​ឧបាយកល​របស់​បុគ្គល​មួយ​ចំនួន​តូច​ តែ​មិន​អាច​ទៅរួច​ទេ។ វា​មាន​ទ្រឹស្តី​នៃ​រដ្ឋ​ប្រហារ។​ បើ​គេ​ចង់​ធ្វើរដ្ឋ​ប្រហារ​ ហើយ​មាន​កម្លាំង​មែន​ទែន​ គេ​មិន​បង្ហោះ​ហ្វេសប៊ុក​ចោល​អញ្ចឹងទេ។​ គេ​ធ្វើ​ដោយ​គ្រប់គ្រង​កន្លែង​សំខាន់ៗ​ដូច​ជា​សភា ​ស្ថាប័ន​ទូរទស្សន៍​ លាន​យន្តហោះ​ជាដើម»។​

លោក ​ឡុង គឹមខន​ អ្នក​ជំនាញ​ផ្នែក​យោធា​ ដែល​សិក្សា​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ ​បាន​ឲ្យ​ដឹង​ថា ​ការ​តាម​ចាប់​ខ្លួន​ជន​ម្នាក់​ដែល​ប្រកាស​ផែនការ​ធ្វើរដ្ឋ​ប្រហារ​នោះ គឺ​ជា​ផ្នែក​មួយ​នៃគោល​នយោបាយ​ធានា​សន្តិសុខ​ជូន​ប្រទេស​ ព្រម​ទាំង​ជា​ការ​ស្វែង​រក​មូលហេតុ​នៅ​ពី​ក្រោយ​វីដេអូ​នៃ​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​ផង​ដែរ។​

«ទី១​ ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ ខ្ញុំ​យល់​ថា​ នយោបាយ​ការពារជាតិ ​នយោបាយ​សន្តិសុខ​ជាតិ​របស់​យើង​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន។ ​ទី២​ ចង់ ​មិន​ចង់ ​ពិត​ មិន​ពិត​ក៏​ដោយ​ កាល​ណា​មាន​ករណី​អញ្ចឹង​កើត​ឡើង ​រដ្ឋ​ស្រាវជ្រាវ​ឲ្យ​ដឹង​ការណ៍​ពិត​ជា​មុន​ ជា​ជាង​មិន​ដឹង​ថា​ មាន​ប្រភព​ពី​ណា​ ហើយ​នាំឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​ បើ​យើង​យក​ចិត្ត​យើង​ដាក់​ក្នុង​រដ្ឋាភិបាល​គឺ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ជាតិ​ ព្រោះ​ដុំ​ភ្លើង​តូច​មួយ​ក៏​អា​ច​ក្លាយ​ជា​ភ្លើង​ឆេះ​ព្រៃ​បាន​ដែរ»។​

បើ​តាម​អ្នក​ស្រាវជ្រាវ​យោធា​រូប​នេះ​ មាន​មូលហេតុ​២​ដែល​នាំ​ឲ្យ​មាន​ការ​ចល័ត​កង​រថក្រោះ​ពី​ព្រំដែន​ថៃ​មក​ជិត​រាជធានី​ភ្នំពេញ។ មួយ​គឺការ​ជួសជុល​រថក្រោះ​ទាំង​នោះ​ ដូច​ដែល​មន្ត្រី​យោធាបាន​អះអាង​កន្លង​មក ​និង​ទី២​ គឺ​ដោយសារ​មូលហេតុ​កិច្ច​ការ​កងទ័ព​ក្នុង​ការ​ធានា​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ការពារ​សន្តិសុខ​ជាតិ។

(ចុច​ទស្សនាវីដេអូដែល​ជន​ម្នាក់​ដែល​ឲ្យ​ឈ្មោះ​ខ្លួន​ឯង​ថា VP9 ប្រកាស​ធ្វើ​រដ្ឋប្រហារ)

នៅ​ក្នុង​វីដេអូ​រយៈពេល​៤​នាទី​ ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យ​ ជន​ម្នាក់​បានប្រកាសគម្រោង​ធ្វើ​រដ្ឋ​ប្រហារ​ និង​ហៅ​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ ដើម្បី​ត្រៀម​ខ្លួន​រំដោះ​ប្រទេស​ពី​របប​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​ ដែល​ជន​នោះ​និយាយថា ផ្តាច់​ការ។​

ឆ្លើយ​តប​ទៅ​នឹង​វីដេអូ​នេះ​ លោក​ ឈុំ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ ​បាន​ថ្លែង​ប្រាប់​បណ្តាញព័ត៌មាន​ក្នុង​ស្រុក​កាល​ពីថ្ងៃ​អង្គារ​ថា ​សមត្ថកិច្ច​យោធា​កម្ពុជា​កំពុង​ធ្វើការ​ស៊ើប​អង្កេត​វីដេអូ​ និង​ស្វែងរក​ចាប់​ខ្លួន​ជន​ដែល​ប្រកាស​ផែនការ​រដ្ឋ​ប្រហារ​នោះ។​ លោក​ ឈុំ សុជាតិ ​បាន​គូស​បញ្ជាក់​ថា​ កងទ័ព​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រដ្ឋ​ប្រហារ​ណា​មួយ​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​ ហើយថា ​ការ​ដឹក​ជញ្ជូន​រថក្រោះ​នោះ​មិន​ពាក់ព័ន្ធ​នឹង​ករណី​គំរាមធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ។ វា​គ្រាន់តែ​ជា​ការ​ចល័ត​រថក្រោះ​មក​មូលដ្ឋាន​យោធា​ ដើម្បី​ជួស​ជុល​ប៉ុណ្ណោះ។​

កាល​ពី​ដើម​ខែ​កក្កដា ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​របាយ​ការណ៍​មួយ​ លោក​ ប៉ុល សារឿន ​ក៏​បាន​ណែនាំ​ឲ្យនាយ​ទាហានសហការ​ជាមួយ​ស្ថាប័នពាក់ព័ន្ធ ​ដើម្បី​ចូលរួម​ទប់ស្កាត់​សកម្មភាព​ណា ដែល​បង្ក​អស្ថិរភាព​ដល់​សង្គម​ និង​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ លោក​ Tom ​Malinowski ​(ថម ម៉ាលីណូស្គី) ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេសសហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ ​និង​ការងារ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ក៏​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​លើក​ឡើង​របស់​អគ្គ​មេ​បញ្ជាការ​យោធា​កម្ពុជា​គឺ​លោក​នាយ​ឧត្តម​សេនីយ៍​ ប៉ុល សារឿន​ នៅ​សប្តាហ៍​ថ្មីៗ​នេះ​ ក្នុង​ការ​កំចាត់​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំ​មក​នោះ។​

«យើង​មាន​ទំនាក់​ទំនង​ដ៏​មាន​សារៈសំខាន់​ និង​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​ជាមួយ​នឹង​កងទ័ព​កម្ពុជា។ វាជា​រឿង​ល្អ​សម្រាប់​សន្តិសុខ​ស.រ.អា. ​និង​ប្រទេស​កម្ពុជា ​តែ​ខ្ញុំ​គិត​ថា​ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ចាំ​ទុក​ថា ​វា​មិន​មែន​គ្រាន់តែ​ជា​គោល​នយោបាយ​ទេ​ តែ​ក៏​ជា​ច្បាប់​ផង​ដែរ​គឺ​ថា ​ ប្រសិន​បើ​យោធា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ ឬ​ក៏​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​ទម្រង់​ផ្សេងៗ​ នោះ​វា​ជា​រឿង​ដ៏​លំបាក ​ហើយ​ស.រ.អា.​មិនអាច​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ទម្រង់​ទាំង​អស់​នោះ​ទេ»។​

លោក​ ថម ម៉ាលីណូស្គី​ ក៏​បានទទូច​ថា ​ស្ថាប័ន​រដ្ឋ​របស់​កម្ពុជា​មួយ​ចំនួន​ រួម​ទាំង​តុលាការ​ និង​យោធា​នោះ ត្រូវ​តែ​មាន​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​ ដែល​ជា​រឿង​សំខាន់​សម្រាប់​ភាព​ស្រប​ច្បាប់​ និង​សម្រាប់​ទំនាក់​ទំនង​ជាមួយ​ស.រ.អា.៕