មេដឹកនាំគណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជា បានបន្តស្នើឲ្យប្រជារាស្ត្រខ្មែរទៅចុះឈ្មោះបោះឆ្នោត ខណៈដែលដំណើការចុះឈ្មោះបោះឆ្នោតថ្មីនឹងបញ្ចប់ទៅក្នុងរយៈពេលតែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍ចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនអ្នកចុះឈ្មោះគឺបានកើនដល់ ៧,៣៣៦,៥៤០ នាក់ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អំពាវនាវដល់ប្រជារាស្ត្រខ្មែរដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោត មុនពេលការចុះបញ្ជីឈ្មោះបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
លោកហ៊ុន សែន បានក្រើនរំលឹកអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតតាំងពីថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បានលើកឡើងកាលពីថ្ងៃអាទិត្យថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ ប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា»។
ចំណែកលោកសម រង្ស៊ី ដែលត្រូវរដ្ឋាភិបាលបានសម្រេចនិរទេសរូបលោកឲ្យនៅក្រៅប្រទេសកម្ពុជាកាលពីខែតុលាកន្លងទៅនេះ បានបង្ហោះវីដេអូក្លីបមួយកាលពីថ្ងៃអាទិត្យ ធ្វើការអំពាវនាវដល់កម្លាំងកម្មករ និងកម្មការិនី ឲ្យរួសរាន់ចុះឈ្មោះបោះឆ្នោត ដែលលោកយល់ថា នឹងនាំមកនូវការផ្លាស់ប្តូររបៀបរបបគ្រប់គ្រងប្រទេស ឲ្យមានលក្ខណៈសេរីជាងមុន និងរីកចម្រើនជាងការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ប្រសិនបើគណបក្សប្រឆាំងទទួលជោគជ័យនោះ។ លោកសម រង្ស៊ី ថ្លែងថា៖
«នៅសល់តែបួនដប់ថ្ងៃទៀតទេ គេនឹងបិទបញ្ជីហើយ កុំឲ្យស្តាយក្រោយ។ សូមឲ្យក្មួយៗដែលមិនទាន់បានចុះឈ្មោះ អញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា ជាពិសេសកម្មករកម្មាការិនី ដែលទាមទារឲ្យមានលក្ខខណ្ឌ ការងារល្អប្រសើរ ឲ្យមានប្រាក់ខែ ប្រាក់ឈ្នួលសមរម្យ រស់យ៉ាងសមរម្យយ៉ាងថ្លៃថ្នូរ ដើម្បីចិញ្ចឹមជីវិតផង ហើយផ្ញើប្រាក់ទៅជួយម៉ែឪនៅស្រុកកំណើតផង។ យើងត្រូវតែទាមទារឲ្យឡើងប្រាក់ខែ ឲ្យបានលើសពីអ្វីដែលក្មួយៗទទួលបានសព្វថ្ងៃ»។
មេដឹកនាំគណបក្សប្រឆាំងរូបនេះ ថ្លែងបន្ថែមថា ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងអំពើពុករលួយធ្ងន់ធ្ងរ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។ លោកថាគណបក្សសង្គ្រោះជាតិ អាចនឹងមានលទ្ធភាពរៀបចំប្រទេសឲ្យមានភាពស្អាតស្អំ និងប្រសើរជាងមុន ប្រសិនបើកម្មករ និងកម្មការិនីផ្តល់ការគាំទ្រដល់គណបក្សនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៧ និងឆ្នាំ២០១៨។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បា្រប់ VOA កាលពីថ្ងៃអាទិត្យថា ការអធិប្បាយរបស់លោក សម រង្ស៊ី នឹងមិនប៉ះពាល់ដល់សម្លេងគាំទ្ររបស់គណបក្សគ្រប់គ្រងប្រទេសក្នុងពេលបោះឆ្នោតនោះឡើយ។ លោកបន្តថា សហគមន៍អន្តរជាតិ បានបង្ហាញការមិនគាំទ្រ ដល់សកម្មភាពវាយប្រហារផ្នែកនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះផងដែរ។
លោកអះអាងថា លោកសម រង្ស៊ី ទំនងជាមិនអាចមានលទ្ធភាពចុះឈ្មោះបោះឆ្នោតនោះឡើយ ហើយថា គណបក្សប្រឆាំងអាចជ្រើសរើសប្រធានគណបក្សថ្មីជំនួសលោកសម រង្ស៊ី ដែលបានដឹកនាំគណបក្សប្រឆាំងចាញ់ការបោះឆ្នោតចំនួនប្រាំលើកមកហើយនោះ។ លោកបញ្ជាក់បន្ថែមថា ការបោះឆ្នោតនឹងនៅតែត្រូវបានរៀបចំឡើងបានដដែល បើទោះជាគ្មានវត្តមានរបស់លោកសម រង្ស៊ី ក៏ដោយ។
«ខ្ញុំយល់ថា បើអត់សម រង្ស៊ី ប្រកួតប្រជែង ក៏មានមេបក្សផ្សេងៗ ក៏គេប្រកួតប្រជែងដែរ។ អាហ្នឹងគឺជាសេរីពហុបក្សដូចតែគ្នាទេ។ មិនមែនបានសេចក្តីថា អត់គណបក្សមួយ គេធ្វើការមិនកើត គេបោះឆ្នោតមិនកើត ឬមួយប្រជាពលរដ្ឋទូទាំងប្រទេសរស់មិនកើតទេ ដោយសារអត់សម រង្ស៊ី មួយ ឬមួយអត់គណបក្សមួយហ្នឹង មិនអាចប្រជាជនហ្នឹង យកប្រជាជនធ្វើចំណាប់ខ្មាំងបានទេ។ ទោះនិយាយម៉េចក៏ដោយ អានេះគ្រាន់តែនិយាយ ដើម្បីនិយាយទេ វាគ្មានបានប្រយោជន៍អី ឬមិនមានប្រសិទ្ធភាពអីទាំងអស់»។
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា វត្តមានលោក សម រង្ស៊ី គឺជាការចាំបាច់ដើម្បីបញ្ជាក់ថា ការបោះឆ្នោតត្រូវបានធ្វើឡើងដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។ ការបោះឆ្នោតនឹងមិនអាចត្រូវបានចាត់ទុកថា មានភាពសេរីត្រឹមត្រូវបានទេ ប្រសិនបើមេបក្សប្រឆាំងត្រូវបានច្រានចោលនូវសិទ្ធិក្នុងការចូលរួមការបោះឆ្នោត។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ប្រសិនបើលោក សម រង្ស៊ី នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ លោកត្រូវតែទទូលបានឱកាសចូលរួមប្រកួតរកសម្លេងឆ្នោតពីប្រជារាស្ត្រខ្មែរ។ លោកថា បើគ្មានមេបក្សប្រឆាំងក្នុងការបោះឆ្នោតនោះទេ ភាពត្រឹមត្រូវ និងយុត្តិធម៌នឹងមិនអាចកើតមានឡើយនៅក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ។
«ខ្ញុំចង់និយាយថា របៀបបោះឆ្នោតប្រជាធិបតេយ្យ សេរីយុត្តិធម៌ វាមានគោលការណ៍ស្មើភាពគ្នា បានន័យស្មើភាពគ្នា fair play [ការប្រកួតដោយត្រឹមត្រូវ] ទាល់ចូលរួមមកប្រកួតប្រជែងហ្នឹង មេដឹកនាំបាទចូលរួមទាំងអស់គ្នា បានមានវត្តមាននៅក្នុងស្រុកទាំងអស់គ្នា ហើយចូលរួមឃោសនា ទាក់ទាញសន្លឹកឆ្នោតទាំងអស់អាហ្នឹងបានថា វាយុត្តិធម៌បាទ»។
លោក សំ គន្ធាមី ថ្លែងបន្ថែមថា ដំណោះស្រាយផ្នែកនយោបាយសម្រាប់ការវិលត្រឡប់របស់លោកសម រង្ស៊ី មកប្រទេសកម្ពុជាអាចនឹងមាននៅមុនការបោះឆ្នោតជាតិឆ្នំា២០១៨។ ក្រៅពីបញ្ហាជម្លោះនយោបាយនេះ លោកបានចាត់ទុកលទ្ធផលនៃការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីថា ជាលទ្ធផលដែលអាចទទួលយកបាន។ តែថាចំនួនចុះបញ្ជីដែលបានប្រមាណ៧០ភាគរយនៃចំនួនអ្នកមានសិទ្ធិចុះឈ្នោះបោះឆ្នោតប្រមាណជាង៩,៦លាននាក់នេះ អាចនឹងមានបញ្ហាខ្លះ នៅក្រោយការធ្វើសវនកម្ម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងកាលពីពេលកន្លងមកថា លោកជាអ្នកនៅពីក្រោយខ្នងនៃការធ្វើកំណែទម្រង់ចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ លោកថា ការចុះបញ្ជីតាមប្រព័ន្ធកំព្យូទ័រនេះនឹងរកឃើញនូវភ័ស្តុតាង សម្រាប់ប្រឆាំងនឹងការចោទប្រកាន់ពីគណបក្សនយោបាយមួយចំនួន ដែលចោទថា មនុស្សប្រមាណ១លាន២សែននាក់បាត់ឈ្មោះពីបញ្ជីបោះឆ្នោតកាលពីពេលមុន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រាប់ VOA ថា ក្រុមមន្ត្រីរៀបចំការបោះឆ្នោតមិនបានផ្តោតលើការឆ្លើយឆ្លងរបស់អ្នកនយោបាយនោះទេ ហើយថា បញ្ហានយោបាយគឺស្ថិតនៅក្រៅរង្វង់សមត្ថកិច្ចរបស់ក្រុមមន្ត្រីរៀបចំការបោះឆ្នោត។ លោកបញ្ជាក់ថា គ.ជ.ប នឹងខិតខំសម្រេចឲ្យបានបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីមួយដែលអាចទុកចិត្តបាន សម្រាប់ការប្រើប្រាស់ក្នុងពេលបោះឆ្នោត។
«គ.ជ.ប ទទួលបន្ទុកលើការងារបច្ចេកទេសសម្រាប់រៀបចំបញ្ជីបោះឆ្នោត ដែលបច្ចុប្បន្ននេះ មិនមែនជាពេលវេលានៃការឃោសនាបោះឆ្នោតនោះទេបាទ។ អញ្ចឹង គ.ជ.ប ប្រឹងប្រែងក្នុងការសម្រេចឲ្យបាននូវបញ្ជីបោះឆ្នោតមួយដែលប្រើប្រាស់សម្រាប់ភាគីពាក់ព័ន្ធ រួមទាំងគណបក្សនយោបាយ ហើយនិងប្រជាពលរដ្ឋផងដែរ»។
លោកបញ្ជាក់ទៀតថា ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត នឹងមិនអាចសម្រេចបាន ១០០ភាគរយនោះទេ ដោយសារយុវជនកម្ពុជារាប់សែននាក់បានធ្វើការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោកបន្តថា នៅក្នុងដំណាក់កាលនេះ គ.ជ.ប មិនមានអំណាចផ្លូវច្បាប់ ដើម្បីសម្រួលឲ្យមានការចុះបញ្ជីឈ្មោះបោះឆ្នោតនៅតាមព្រំដែននោះទេ។
លោកថា ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតថ្មី អាចនឹងត្រូវធ្វើឡើង ប្រសិនបើចង់ឲ្យមានការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែន និងតាមស្ថានទូត និងស្ថានកុងស៊ុលប្រទេសកម្ពុជាប្រចាំនៅប្រទេសដែលពលករកម្ពុជាបានចេញទៅបំពេញការងារ។
មន្ត្រីគណបក្សកាន់អំណាច បានលើកឡើងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ដែលបានជាង៧០ភាគរយ គឺជាចំនួនមួយដ៏គួរឲ្យមានមោទនភាព។ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងអះអាងថា អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ ២,៤ លាននាក់ទៀត នៅមិនទាន់បានចុះឈ្មោះនៅឡើយ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា គ.ជ.ប នឹងពិនិត្យលទ្ធភាពបន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតទៀត ប្រសិនបើប្រជាពលរដ្ឋមានការតវ៉ាប្រមូលផ្តុំសុំចុះឈ្មោះ។ លោកថ្លែងថា គ.ជ.ប នឹងធ្វើការសម្រេចចិត្តដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស និងមិនពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ៕