ការ​រើស​អើង​ខាង​នយោបាយ​ចំពោះ​ស្ត្រី​ នៅ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា

រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

​«កន្លែង​ដែល​គាត់​អង្គុយ​ គាត់​មិន​ចង់​ឲ្យ​ស្ត្រី​ធ្វើ​ទេ​ គាត់​នៅ​គិត​ថា​ ស្ត្រី​នៅ​ទន់​ខ្សោយ​ជាង​គាត់»។​

ការ​រើសអើង​ខាង​ផ្នែក​នយោបាយ​ចំពោះ​ស្ត្រី​ខ្មែរ​ នៅ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ នៅ​គ្រា​ដែល​គណ​បក្ស​នយោបាយ​ ​ដាក់​បេក្ខជន​ស្ត្រី​ក្នុង​ចំនួន​តិចតួច​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​កាន់​តែ​ខិត​ជិត​មកដល់។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្មជន​គណបក្ស​នយោបាយ​ដែល​ជា​ស្ត្រី​ និង​អ្នក​ឃ្លាំមើល​ការវិវឌ្ឍន៍​ក្នុង​សង្គម​កម្ពុជា។​

យោង​តាម​លទ្ធផល​នៃ​ការ​សង្កេត​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី៤​ ​ឆ្នាំ២០១៧​ ដែល​ស្រាវជ្រាវ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី​ រួមមាន​អង្គ​ការ​សីលកា​ ​អង្គការ​ខុមហ្វ្រែល​ និង​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ​២០១៧​នេះ​ មាន​បេក្ខជន​ស្ត្រី​ចំនួន​សរុប​ ២៥.៧៨៨នាក់​ ស្មើនឹង​ ២៧,២៦​ភាគរយ​ នៃ​បេក្ខជន​ប្រុស​ស្រី​សរុប​ ៩៤.៥៩៥ ​នាក់​ គឺ​កើន​ ចំនួន​ ១,៦២​ភាគរយ​ ​ធៀប​នឹង​ឆ្នាំ ​២០១២​ ដែល​មាន​ចំនួន​តែ​ ២៥,៦៤ភាគរយ​ប៉ុណ្ណោះ។​

អ្នកស្រី​ យ៉ែម វណ្ណណែត​ ​សកម្មជន​នយោបាយ​មក​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ ​ស្ដីពី​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ​ដែលរៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​បុរស​នៅ​តែ​បន្ត​ចាត់​ទុក​ថា​ ស្ត្រី​ពុំ​មាន​លទ្ធភាព​កាន់​ការងារ​នយោបាយ​ ​ក្នុង​កម្រិត​កំពូល​នោះ​ទេ​ ហើយ​ការងារ​នយោបាយ​កម្រិត​កំពូល​ភាគ​ច្រើន​នៅ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​បុរស​ដដែល។​

​«កន្លែង​ដែល​គាត់​អង្គុយ​ គាត់​មិន​ចង់​ឲ្យ​ស្ត្រី​ធ្វើ​ទេ​ គាត់​នៅ​គិត​ថា​ ស្ត្រី​នៅ​ទន់​ខ្សោយ​ជាង​គាត់»។​

រូបឯកសារ៖ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

អ្នកស្រី យ៉ែម វណ្ណណែត​ ដែល​ឈរ​ឈ្មោះលេខ​រៀង​ទីបី​ សម្រាប់​តំណែង​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ សួង​ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និយាយ​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​ពួក​ខ្ញុំ​ សួរ​ទៅ​គាត់​វិញ​ថា​ ហេតុ​អី​បាន​ជា​គិត​ថា​ ពួក​ខ្ញុំ​ជា​ស្ត្រី​ធ្វើ​អត់​បាន​ ចំណុច​ត្រង់​ណា​ដែល​គិត​ថា​ ស្ត្រី​ហ្នឹង​ធ្វើ​អត់​បាន​។ ហើយ​គាត់​ថា ពេល​ដែល​រៀបចំ​បេក្ខជន​ហ្នឹង​គាត់​ថា​ ពេល​ដែល​ហ្អែង​ធ្វើ​នយោបាយ​ ស្ត្រី​មិន​អាច​មាន​ចូលរួម​ជាមួយ​នយោបាយ​ច្រើន​ទេ។​ ហ្អែង​ជាប់​ការងារ​ផ្ទះ​ ឬ​ក៏​ហ្អែង​អាច​ជាប់​ការងារ​ផ្សេង​អី​អញ្ចឹង»។​

សកម្មជន​នយោបាយ​ស្ត្រី​មួយ​រូប​ទៀត​ ​អ្នកស្រី​ ​ចូ ណារី​ ដែល​ឈរ​ឈ្មោះ​លេខ​រៀង​ទី៦​ ​សម្រាប់​ការ​បោះ​ឆ្នោត​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ និយាយ​ពី​ការ​រើស​អើង​ខាង​នយោបាយ​យ៉ាង​ដូច្នេះ​ថា៖

«ខាង​ខ្ញុំ​នេះ​ គាត់​មិន​ឲ្យ​សិទ្ធិ​សេរីភាព​ទៅដល់​ស្ត្រី​ គាត់​មាន​ការ​រើស​អើង​ គាត់​ថា​ស្ត្រី ទើប​ចូល​គ្មាន​ការ​យល់​ដឹង​ តែ​សមត្ថភាព​របស់​យើង​ខ្ញុំ​ គឺ​មាន​ការ​យល់​ដឹង​ អ្វី​ដែល​ខ្ញុំ​មាន​ គឺ​ខ្ញុំ​ប្រឹង​ប្រែង​ តែ​គាត់​មិន​យល់។ អញ្ចឹង​បាន​ខ្ញុំ​ថា​ សមភាព​យេនឌ័រ​ គឺ​បុរស​មិន​ឲ្យ​តម្លៃ​ស្ត្រី​ទេ​ ក្នុង​ការ​ធ្វើ​ ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ទេ»។​

គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ធំៗ​ពីរ​ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្កើន​ចំនួន​បេក្ខជន​ស្ត្រី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី៤​ ខាងមុខ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ដាក់​បេក្ខជន​ស្ត្រី​ នៅ​លេខ​រៀងទី១​ចំនួន​ ១៣១​នាក់​ ស្មើនឹង​ ៧,៩៦ភាគរយ​ គឺ​កើន​ចំនួន​ ៣៨​នាក់​ ធៀប​នឹង​ឆ្នាំ​ ២០១២​ ដែល​មាន​ចំនួន​ត្រឹមតែ​៩៣​នាក់ ​ប៉ុណ្ណោះ។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ដាក់​បេក្ខជន​ស្ត្រី​នៅ​លេខ​រៀង​ទី១​ ចំនួន​ ១០៣​នាក់​ ស្មើនឹង​ ៦,២៥ ភាគរយ​ គឺ​កើន​ចំនួន​១៥នាក់​ បើ​ធៀប​ជា​មធ្យម​មកពី​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​អាណត្តិ​ទី​ ៣​ ឆ្នាំ​២០១២។​ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សង្កេត​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍សង្គម ប្រាប់​ VOA ថា​ មេដឹកនាំ​ខាង​នយោបាយ​មួយ​ចំនួន​ នៅ​មាន​ក្ដី​បារម្ភ​អំពី​សមត្ថភាព​របស់​ស្ត្រី​ ដើម្បី​ទាក់​ទាញ​អ្នក​បោះឆ្នោត។ លោក​មាន​ប្រសាសន៍​ថា​ មេ​ដឹក​នាំ​ខាង​នយោបាយ​ យល់ថា​ ស្ត្រី​មិន​ក្លាហាន​និង​មិន​ហ៊ាន​ប្រើ​យុទ្ធសាស្ត្រ​គំរាម​គូរ​ប្រជែង​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រកួតប្រជែង។ ​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា៖​

«អ្នកនយោបាយ​នៅ​ខាង​លើ​ ការ​រៀបចំ​ហ្នឹង​គឺ​ ពេលខ្លះ​ហាក់​ដូច​ជា​មិន​ទាន់​ផ្ដល់​ទំនុក​ចិត្ត​ ឲ្យ​ស្ត្រី​ថា​ ស្ត្រី​ហ្នឹង​មិន​អាច​កាន់​រឿង​អី​បាន​ទេ​ បើ​ប្រុសៗ​បាន​វា​ខ្លាំង​ ព្រោះ​ឥឡូវហ្នឹង​គេ​ច្រើន​តែ​យក​អ្នកណា​ដែល​ខ្លាំង​ដែល​ក្លាហាន។ បើ​នៅកន្លែង​ខ្លះ រហូត​ដល់​បើ​អ្នក​ហ្នឹង​ឯង​ពូកែ រឿង​ដើរ​ទៅ​និយាយ​គំរាម​គេ​អី​ផង​ អា​ហ្នឹង​គេ​យក​អ្នក​ហ្នឹង​ឯង​មក​ធ្វើ​ឲ្យ​ក្នុង​ជួរ​ទី​មួយ»។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។ (លឹម សុធី/VOA)

លោក​បន្ថែម​ថា​ ស្ត្រី​ច្រើន​មាន​ភាព​ស្មោះត្រង់​ ដែល​មិន​សក្ដិសម​នឹង​ធ្វើ​ជា​អ្នកនយោបាយ​ឆ្លាតវៃ​បាន​ ​ក្នុង​ការ​បោកបញ្ឆោត​ម្ចាស់​សន្លឹកឆ្នោត។

«ស្ត្រី​ភាគច្រើន​ ខ្ញុំ​មើល​ស្ត្រី​ជា​មនុស្ស​ដែល​ទៀង​ត្រង់​ អញ្ចឹង​អា​ការ​ដែល​យក​មក​និយាយ​ត្រង់​ អាច​អ្នក​នយោបាយ​គិត​ថា​ ស្ត្រី​ហ្នឹង​មិនមែន​ជា​អ្នក​នយោបាយ​ដ៏​ឆ្លាត​វៃ។ អ្នក​នយោបាយ​ឆ្លាតវៃ​ ទាល់​តែ​ចេះ​កុហក​ខ្លះ​ ចេះ​គំរាម​ខ្លះ​ អា​ហ្នឹង​បាន​ឆ្លាតវៃ។ អានេះ​ ខ្ញុំ​មើល​ទម្រង់​គឺ​វា​ចេញ​ច្រក​ហ្នឹង​ហើយ​ណា៎»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​ VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា​ គណបក្ស​កាន់​អំណាច​ មាន​គោល​ការណ៍​បង្កើន​ចំនួន​បេក្ខជន​ស្ត្រី​ឲ្យ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត។

​លោក​មាន​ប្រសាសន៍​ថា​ ​ការ​ទទួល​បាន​លេខ​រៀង​ខ្ពស់​ ឬ​ទាប​របស់​បេក្ខជន​ស្ត្រី​ មិន​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​ពី​បុរស​ដែល​ជា​មេ​ដឹកនាំ​ខាង​នយោបាយ​នោះ​ទេ​ តែ​ជា​ការ​សម្រេច​តាម​សន្និបាត​របស់​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក សុខ​ ឥសាន​ បញ្ជាក់​ថា​ ការ​ជ្រើសរើស​បេក្ខជន​ស្ត្រី​ បាន​ធ្វើ​ឡើង ដោយ​យោង​តាម​សមត្ថភាព​ និង​លទ្ធភាព​របស់​បេក្ខជន​ជា​ស្ត្រី​ដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត។​

«យើង​លើកកម្ពស់​ស្ត្រី ​ក៏ប៉ុន្តែ​ យើង​មិន​ចេះ​តែ​លើក​ទាំង​ងងឹតងងល់​ទេ។ យើង​ត្រូវ​ជ្រើសរើស​ស្ត្រី​ណា​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ដែល​អាច​ធានា​រ៉ាប់​រង​ តួនាទី ​ភារកិច្ច​ជា​មេឃុំ​ ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ ឲ្យ​ប្រកប​ដោយ​លទ្ធភាព​ ប្រកបដោយ​សមត្ថភាព​ ដើម្បី​បម្រើ​ជាតិ​ និង​ប្រជាជន​ ឲ្យ​វា​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​បើ​យក​អ្នក​អវិជ្ជា​ យក​អ្នក​ដែល​មិន​គ្រប់​លក្ខណៈសម្បត្តិ​មក ចេះតែ​យក​ឲ្យ​តែ​បាន​ចំនួន​ច្រើន​ ខ្ញុំ​យល់ថា​ វា​មិន​គួរ​គប្បី​ទេ​ ហើយ​គណបក្ស​គិតគូរ​បញ្ហា​ហ្នឹង»។​

សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បរិយាកាស​នយោបាយ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គំរាម​កំហែង ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ងាក​ចេញ​ពី​ឆាក​នយោបាយ។

លោក​ យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖

«នៅ​ប្រទេស​គេ​ ដូច​នៅ​ប្រទេស​ដែល​គេ​មាន​សន្តិភាព​ ប្រកបដោយ​យុត្តិធម៌​ បរិយាកាស​នយោបាយ​អំណោយ​ផល។​ គេ​គ្មាន​ការ​គំរាមកំហែង​ បំភិតបំភ័យ​ហ្នឹង​ គឺ​មានការ​ចូលរួម​ច្រើន​ណាស់​ ដូច​នៅ​ប្រទេស​ស៊ុយអែត​ នៅ​ហ្វាំងឡង់​ នៅ​ន័រវែស​ហ្នឹង។ ប៉ុន្តែ​ដោយ​ឡែក​ នៅ​ប្រទេស​កម្ពុជា​ រឿង​គំរាម​កំហែង​ រឿង​បរិយាកាស​នយោបាយ​គាបសង្កត់​ហ្នឹង​ គឺជា​ហេតុ​ផល​មួយ​ដ៏​ធំ​ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ មិន​អាច​ចូល​រួម​តាម​ការ​រំពឹង​ទុក​បាន»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ​បាន​បន្ត​ថា​ស្ត្រី​កម្ពុជា​ ក៏​មាន​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​ ដែល​តម្រូវឲ្យ​ពួក​គេ​រំលង​កិច្ច​ការ​នយោបាយ​ហើយ​ខិតខំ​រក​ប្រាក់​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ។

លោក​ ​យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​បើក​ឱកាស​ឲ្យ​ស្ត្រី​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​កិច្ច​ការ​នយោបាយ​ ទោះ​ជាសមត្ថភាព​របស់​ពួកគាត់​មួយ​ចំនួន​ នៅ​ទាប​ជាង​បុរស​ក្ដី។

រូបឯកសារ៖ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)

​លោក​ជឿ​ថា​ ប្រសិនបើ​បរិយាកាស​នយោបាយ​កម្ពុជា​ មាន​សុវត្ថិភាព​ច្រើន​ជាង​មុន​ និង​សេរី​ជាង​មុន​ ស្ត្រី​កាន់​តែ​ច្រើន​ឡើង​នឹង​ឈាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នេះ​ ហើយ​គណបក្ស​ប្រឆាំង​នឹង​ទទួល​យក​រាល់​ស្ត្រី​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ដឹកនាំ​កិច្ចការ​នយោបាយ​ទាំង​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ជាង​១.៦០០ ​ដែល​ជា​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​គឺ​ ដើម្បី​ជ្រើសរើស​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ដ៏​សំខាន់​ នឹង​រៀបចំឡើង​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ។​

គណបក្ស​នយោបាយ​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១២​ កំពុង​រៀបចំ​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុងរយៈ​ពេល​១៤ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ដើម្បី​យក​ជ័យ​ជម្នះ​លើ​គូ​ប្រជែង​នយោបាយ។

ចៅសង្កាត់​សាលា​កំរើក​ក្នុង​ខេត្ត​សៀមរាប គឺ​លោក​ ​សាម ឡន​ ​វ័យ​៦០​ឆ្នាំ​ ដែល​បាន​បម្រើ​ការងារ​ជា​ចៅ​សង្កាត់​ប្រមាណ​១៥ឆ្នាំ​មក​ហើយ​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នឹង​អាច​បើក​ឱកាស​កាន់​តែ​ច្រើន​ដល់​ស្ត្រី​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ។

ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែល​នឹង​ចូលរួម​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ បន្ត​ទៀត​នា​ពេល​ខាង​មុខ​ លោក​ សាម ឡន​ ​បាន​ស្វាគមន៍​ចំពោះ​ការ​ឈរ​ឈ្មោះ​របស់​ស្ត្រី​ ដើម្បី​ប្រកួត​យក​តំណែង​ជាមួយ​នឹង​លោក។

រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ​សាម ឡន​ ថ្លែង​ថា៖​

«ព្រោះ​ស្ត្រី​គេ​មាន​ឆន្ទៈ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​បាន​ដូច​បុរស​ដែរ​ ជាពិសេស​នៅ​ក្នុង​ការងារ​ស្ត្រី​គ្នា​គេ។ ​ម្យ៉ាង​ទៀត​ស្ត្រី​ដែល​មាន​ឆន្ទៈ​ ក្នុង​ការ​ងារ​នយោបាយ​ ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​នេះ​ គឺ​ស្ត្រី​ដែល​មាន​ភាព​អង់​អាច​ក្លាហាន​ ហើយ​ហ៊ាន​លះបង់​ការងារ​នៅ​ក្នុង​គ្រួសារ​ ហើយ​ចូលរួម​នៅ​ក្នុង​កិច្ចការ​ងារ​នយោបាយ​ ដើម្បី​បម្រើ​ឲ្យ​ការ​ងារ​នៅ​ក្នុង​សង្គម​កាន់​តែ​ប្រសើរ​ឡើង»។

ទោះ​យ៉ាងណា​ លោក​ចៅសង្កាត់​ថា​ លោក​នឹង​បន្ត​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​បួន​នេះ។​ សម្រាប់​អាណត្តិ​ក្រោយ​ ប្រសិន​បើ​លោក​ចាញ់​ លោក​អះអាង​ថា​ ​លោក​នឹង​ទទួល​យក​បរាជ័យ​នោះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយនិយាយ​ថា​ គណបក្ស​ធំៗ​ទាំង​ពីរ​នេះ ​ទំនង​ជា​បារម្ភ​ថា​ ខ្លួន​នឹង​ចាញ់​ការ​បោះឆ្នោត​បើ​ដាក់​ស្ត្រី​ច្រើន​ឲ្យ​ឈរ​ឈ្មោះ។ ក៏​ប៉ុន្តែ​ ពួកគេ​សង្កត់ធ្ងន់​ថា​ ការ​បារម្ភ​បែប​នេះ​ អាច​ជា​ការ​យល់​ខុស​ដោយ​សារ​តាម​ការ​ស្ទាបស្ទង់​មតិ​ យុវជន​ភាគច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​ ពេញចិត្ត​បេក្ខជន​ស្ត្រី​ជាង​បុរស។

ពួកគេ​ក៏​សម្រែង​ក្ដី​បារម្ភ​ផង​ដែរ​ថា​ ​កម្ពុជា​ក៏​នឹង​បរាជ័យ​ក្នុង​ការ​សម្រេច​ឲ្យបាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ​(Sustainable Development Goals) ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​កំណត់​ឱ្យ​ស្ត្រី​ត្រូវ​ចូល​រួម​ឲ្យ​បាន​៥០​ភាគរយ​ ​ក្នុង​ការ​ដឹកនាំ​ក្នុង​កិច្ចការ​នយោបាយ​ នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ៕​