លោក គឹម សុខ អ្នកវិភាគនយោបាយម្នាក់ បានមកបង្ហាញខ្លួននៅសាលាឧទ្ធរណ៍តាមសំណើរបស់លោក ដែលទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់នឹងលោក ដើម្បីបកស្រាយអំពីការចោទប្រកាន់ការបរិហារកេរ្តិ៍។ ក្រោយសវនាការ សាលាឧទ្ធរណ៍សម្រេចមិនធ្វើតាមការស្នើសុំរបស់លោក គឹម សុខ នោះទេ។ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន តាមបណ្តឹងរបស់លោកហ៊ុន សែន ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍គណបក្សកាន់អំណាច។
សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានបដិសេធមិនធ្វើតាមសំណើរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់ជាមួយលោកដោយផ្ទាល់ក្នុងសវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់អំពីការបង្កអំពើញុះញង់ នាំឲ្យមានមានភាពវឹកវរដល់សង្គម។ នេះបើយោងតាមការបញ្ជាក់របស់មេធាវីការពារក្តីឲ្យលោក គឹម សុខ និងអ្នកនាំពាក្យសាលាឧទ្ធរណ៍។
ការទាមទាររបស់លោក គឹម សុខ ធ្វើឡើង ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក កាលពីពាក់កណ្តាលខែកុម្ភៈ តាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអ្នកវិភាគរូបនេះនៅពន្ធនាគារព្រៃស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម»។
លោក ហ៊ុន សែន បានប្ដឹងលោក គឹម សុខ ថា បានអធិប្បាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា មានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី និងទារឲ្យលោកគឹម សុខ ផ្តល់សំណងចំនួន៥សែនដុល្លារអាមេរិក។
លោកជួង ជូងី មេធាវីការពារក្តីលោក គឹម សុខ ប្រាប់អ្នកសារព័ត៌មានថា កូនក្តីលោក មិនទុកចិត្តចំពោះការអះអាងរបស់មេធាវីលោកហ៊ុន សែន ដូច្នេះហើយទើប កូនក្តីលោកទាមទារឲ្យលោកនាយករដ្ឋមន្ត្រី មកជជែកគ្នានៅមុខតុលាការដើម្បីបញ្ជាក់ពីភាពគ្មានទោសរបស់ខ្លួន។
«តុលាការសំអាងថា សាច់រឿងឬក៏ចម្លើយរបស់លោក គឹម សុខ គឺមានភាពច្បាស់លាស់ហើយ មិនមានភាពចាំបាច់ត្រូវហៅដើមបណ្តឹងមកសួរតទល់ទេ។ ប៉ុន្តែលោក គឹម សុខ គាត់សំអាងថា អ្វីដែលគាត់លោកតាមវិទ្យុអាស៊ីសេរីកន្លងទៅ គឺគាត់លើកតាមអង្គហេតុពិតកើតឡើងក្នុងសង្គម មិនមែនជាការប្រឌិតរបស់គាត់ទេ។ ហើយលោក គឹម សុខ សំអាងថា អ្វីដែលគាត់លើកនេះ វាជាអង្គហេតុពិត ហើយព្រឹត្តការណ៍អស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្តេចនាយករដ្ឋមន្ត្រី។ អញ្ចឹងហើយទើបគាត់ចង់ឲ្យដើមបណ្តឹងមកតទល់ជាមួយគាត់នៅតុលាការ»។
លោកមេធាវីរបស់លោក គឹម សុខ បន្ថែមថា បណ្តឹងផ្សេងទៀតនឹងត្រូវដាក់ទៅតុលាការកំពូលនៅសប្តាហ៍ក្រោយ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ចេញមកតទល់ជាមួយកូនក្តីលោក គឺលោក គឹម សុខ។
លោក គី តិច មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅពេលលោកកំពុងដើរចូលទៅកាន់សាលាឧទ្ធរណ៍។ លោកថា លោកប្រញាប់ទៅចូលរួមសវនាការ។
«សវនាការគេចាំខ្ញុំ សុំទោស!»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ លោក ភូ ពៅស៊ុន បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តល់ហេតុផលសមស្រប អំពីការណ៍ដែលមិនចាំបាច់ត្រូវឲ្យលោកនាយករដ្ឋមន្ត្រី មកតទល់ដោយផ្ទាល់ជាមួយលោក គឹម សុខ នោះទេ។
លោកមានប្រសាសន៍ថា បណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីមានសំអាងគ្រប់គ្រាន់ ដូច្នេះតុលាការមិនចាំចាច់ឲ្យលោកនាយករដ្ឋមន្ត្រីចូលមកតទល់ដោយផ្ទាល់នោះឡើយ។
«បាទដោយសារតែបណ្តឹងរបស់គាត់ហ្នឹងមានសំអាងហេតុ ត្រឹមត្រូវ បណ្តឹងហើយហ្នឹងអង្គច្បាប់ហ្នឹងមានលក្ខណៈត្រឹមត្រូវអស់ហើយ ពុំចាំបាច់ហៅដើមបណ្តឹងមកតទល់អីទៀតទេ អញ្ចឹងតុលាការមានភស្តុតាង សំអាងហេតុត្រឹមត្រូវទៅតាមសាលាដំបូងរាជធានីភ្នំពេញដាក់បន្ទុកហើយ អញ្ចឹងអាចជំនុំជម្រះទៅតាមផ្លូវច្បាប់»។
ក្រៅពីការប្តឹងប្រឆាំងលោក គឹម សុខ ដែលបានអធិប្បាយចោទប្រកាន់គណបក្សកាន់អំណាចថា មានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្ដឹងលោក គឹម សុខ មួយករណីទៀតចំពោះការអត្ថាធិប្បាយថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន បណ្ដោយឱ្យមានការសម្លាប់មនុស្ស ហើយមិនរកមុខឃាតកពិត ដូចជាក្នុងករណីលោក កែម ឡី លោក ជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោក ឈុត វុទ្ធី ជាដើម។ លោក ហ៊ុន សែន ទាមទារប្រាក់សំណង១០លានរៀលផ្សេងទៀតផងដែរសម្រាប់ករណីនេះ។
មុនពេលសវនាការរបស់លោក គឹម សុខ ចាប់ផ្តើម ក្រុមសន្តិសុខដែលយាមនៅច្រកចូលសាលាឧទ្ទរណ៍ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចូលតាមដានសវនាការនោះផងដែរ។ ក្រុមសន្តិសុខមិនផ្តល់មូលហេតុអ្វី ក្រៅតែពីប្រាប់អ្នកកាសែតថា មិនមានការអនុញ្ញាតឲ្យអ្នកកាសែតចូលក្នុងបរិវេណសាលាឧទ្ធរណ៍នោះទេ។
លោក គឹម សុខ គឺជាអតីតមន្ត្រីរបស់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០០៨។ នៅមុនពេលលោកត្រូវបានតុលាការឃុំខ្លួន អ្នកវិភាគរូបនេះ បាននិយាយរិៈគន់មិនសំចៃមាត់តាមប្រព័ន្ធផ្សព្វផ្សាយទៅលើការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ៕