អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសបង្គាចាក់ចាហួយនិងផ្ទុកសារធាតុគីមីជាង៤តោន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ហើយបង្គាត្រូវបានរាយការណ៍ថានាំចូលពីប្រទេសវៀតណាម។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
កាលពីថ្ងៃព្រហស្បតិ៍ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំបានចុះបង្រ្កាបនៅខណ្ឌសែនសុខ ដោយរឹបអូសបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីចំនួន២៦៦កេស ដែលមានទម្ងន់ជាង៤តោន(៤២៦៨គីឡូក្រាម) យកទៅដុតកម្ទេចចោល។ នេះបើតាមការផ្សព្វផ្សាយព័ត៌មានតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាការបង្រ្កាបបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីជាង៤តោននេះនៅទីតាំងសង្កាត់ភ្នំពេញថ្មី។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធហ្នឹង យើងសួរនាំទៅ គឺផលិតផលហ្នឹងគាត់នាំចូលពីប្រទេសវៀតណាម ហើយយើងបានទប់ស្កាត់ ខណៈគាត់បានកំពុងនៅកន្លែងលក់ចែកចាយ នៅក្នុងសង្កាត់ភ្នំពេញថ្មី ម្តុំត្រឡោកបែក»។
ចំពោះវិធានការបែបណាទៅលើម្ចាស់នាំចូល ឬម្ចាស់ទីតាំងនោះ លោក សំ វិច្ឆិកា បញ្ជាក់ថាលោកមិនទាន់ទទួលបានរបាយការណ៍ អំពីចំណាត់ការណាមួយនៅឡើយទេ ប៉ុន្តែលោកថាអាជ្ញាធរនឹងចាត់វិធានការមួយចំនួនលើករណីនេះ។
លោកបញ្ជាក់ថា៖«សមត្ថកិច្ចជំនាញ គាត់មិនទាន់បានមានវិធានការយ៉ាងម៉េចទេ មិនមានរបាយការណ៍មកខ្ញុំ។ ទោះបីយ៉ាងណា យើងត្រូវមានវិធានការខ្លះ ដើម្បីឱ្យគាត់មានភាពរាងចាល ក្នុងការទប់ស្កាត់ក្នុងការនាំចូលនូវផលិតផលគ្រឿងសមុទ្រនេះ ឱ្យស្របតាមច្បាប់ ហើយមួយទៀតឱ្យសុវត្ថិភាព អនុលោមសុវត្ថិភាពម្អូបអាហារ»។
លោកបន្ថែមថាអាជ្ញាធរក្រុងភ្នំពេញនឹងបន្តយកចិត្តទុកដាក់បង្ក្រាបផលិតផលឬម្អូបអាហារ ឬទំនិញ ដែលមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
លោក សំ វិច្ឆិកា មិនអាចបញ្ជាក់ថាហេតុអ្វីបានជាបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីជាង៤តោនអាចត្រូវបានដឹកចេញពីប្រទេសវៀតណាមចូលតាមច្រកព្រំដែនកម្ពុជា។ លោកស្នើឲ្យទាក់ទងទៅមន្ត្រីតាមច្រកព្រំដែនវិញ។
លោកថ្លែងថា៖ «អ្វីដែលសំខាន់នៅចំពោះមុខពេលនេះ គឺយើងបង្ក្រាប ទប់ស្កាត់នៅក្នុងរាជធានីភ្នំពេញ រាល់ផលិតផលម្អូបអាហារ ឬទំនិញណាដែលមើលទៅមិនមានសុវត្ថិភាព ហើយខុសច្បាប់។ ដូច្នេះហើយពាក់ព័ន្ធនឹងការនាំចូល ពីច្រកទ្វារ ឬមួយពីច្រកអ្វីយ៉ាងម៉េច គឺខ្ញុំមិនមានការបកស្រាយទេ»។
លោក ផាន អូន ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកនឹងស្នើសុំគោលការណ៍ ដើម្បីដុតកម្ទេចបង្គាទាំងនេះ។
លោកថ្លែងថា៖ «យើងនឹងចាត់វិធានការស្របច្បាប់ ព្រោះបង្គាចាក់ហួយ ជាផលិតផលខុសច្បាប់។អ៊ីចឹងប្រហែលជាសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីដុតបំផ្លាញចោល ហើយនឹងចាត់វិធានការតាមនីតិវិធីទៀត ចំពោះមធ្យោបាយដឹកជញ្ជូន»។
មន្រ្តីជាន់ខ្ពស់រូបនោះបានបដិសេធមិនអត្ថាធិប្បាយបន្តនឹងសំណួររបស់វីអូអេ។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា កម្ពុជាជាប្រទេសនាំចូលផលិតផលពីប្រទេសជិតខាងច្រើន ដើម្បីប្រើប្រាស់ក្នុងស្រុក ដូច្នេះការនាំចូលទាំងគ្រឿងសមុទ្រ បន្លែ និងចំណីអាហារផ្សេងៗទៀត គឺក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋ ជាពិសេសផលិតផលដែលមានសារធាតុគីមី ព្រោះវានឹងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងបង្កជាការឈឺស្កាត់ផ្សេងៗ។
លោក ម៉ម រិទ្ធី បន្ថែមថាបញ្ហានៃការនាំចូល ទាំងបង្គាមានសារធាតុគីមី និងទំនិញមួយចំនួនទៀត មានភាពស្មុគស្មាញ ខណៈមន្ត្រីច្រកព្រំដែនមួយចំនួនខិលខូច និងគប់គិតជាមួយឈ្មួញ។ ដូច្នេះលោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់ការនាំចូលផលិតផលគីមីពីក្រៅប្រទេស។
លោកថ្លែងថា៖ «យើងមើលមន្ត្រីតាមច្រកព្រំដែន ធនធានគាត់មានកប់ក្តោងហ្នឹង មានធនធានផ្ទះ សម្បែង លុយកាកគាត់ច្រើនហ្នឹង តើវាមានការពាក់ព័ន្ធការនាំចូលហ្នឹងអត់ ដែលគេតែងថា ប៉ុស្តិ៍តាមព្រំដែនសុទ្ធតែកន្លែងខ្លាញ់ វាល្បីល្បាញទូទាំងប្រទេស សុទ្ធតែកន្លែងខ្លាញ់ តើវាមានពាក់ព័ន្ធនឹងរឿងហ្នឹងអត់។ អ៊ីចឹងបើរឿងព្រួយបារម្ភទៅថ្ងៃមុខគឺព្រួយបារម្ភខ្លាំងណាស់ ទាំងខ្ញុំ ទាំងគេ គឺពាក់ព័ន្ធនឹងសុខភាពហ្នឹង»។
គួរបញ្ជាក់ថានាដើមខែកុម្ភៈនេះ កងកម្លាំងពាក់ព័ន្ធក៏បានបង្ក្រាបករណីនាំចូលជើងមាន់បង្កកជាង១០២តោន ក្នុងខេត្តស្វាយរៀង ដែលដឹកជញ្ជូនតាមរយៈរថយន្តកុងទឺនឺចំនួន៤គ្រឿងនាំចូលពីប្រទេសវៀតណាម។ ជើងមាន់បង្កកទាំងនោះត្រូវបានដុតកម្ទេចចោលផងដែរ៕