រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យផ្អាកការនាំចូល «គ្រឿងក្នុងនិងបំណែកសាច់បង្កក» ចំនួន ៨ មុខ ជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ ចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយសារការស្តុកទុកនិងបង្កកមិនមានអនុលោមភាពដែលអាចបង្កប៉ះពាល់ដល់គុណភាព។
សាច់គោបង្កក សាច់ជ្រូកបង្កក និងសាច់បង្កកផ្សេងទៀត គឺមិនមានការហាមឃាត់នោះទេ ដែលមានន័យថាក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណត្រឹមត្រូវ នៅតែអនុញ្ញាតឱ្យនាំចូលបានជាធម្មតា។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាមូ លហេតុដែលផ្អាកការនាំចូលនេះ ដោយសារតែក្រសួងធ្លាប់បានរកឃើញថា«គ្រឿងក្នុងនិងបំណែកសាច់បង្កក»ទាំងនោះ មានបញ្ហាគុណភាព និងមិនទាន់គោរពអនុលោមភាពដូចជាបច្ចេកទេសស្តុកទុក និងបង្កកបានត្រឹមត្រូវនៅឡើយ។
លោកបន្ថែមថា ការផ្អាកការនាំចូលនេះ ដើម្បីចូលរួមចំណែកទប់ស្កាត់ផលិតផលដែលអាចបង្កផលប៉ះពាល់ដល់ឧស្សាហកម្ម ឬក៏ការចិញ្ចឹមសត្វនៅក្នុងស្រុក៕
វេទិកាបញ្ចេញមតិ