ការិយាល័យស៊ើបអង្កេតរដ្ឋ Georgia សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាមនុស្ស៤នាក់ត្រូវបានសម្លាប់ហើយយ៉ាងតិចណាស់ក៏៩នាក់ដែរបានរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅឯវិទ្យាល័យមួយកន្លែងនៅខាងក្រៅក្រុង Atlanta។
ពួកសិស្សបានស្លន់ស្លោរកកន្លែងជ្រកពួននៅក្នុងពហុកីឡាដ្ឋានបាល់អោបមួយនៅពេលដែលពួកមន្ត្រីប៉ូលិសបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណវិទ្យាល័យហើយមាតាបិតាបានខិតខំស្វែងរកថាតើកូនរបស់ពួកគាត់មានសុវត្ថិភាពដែរឬទេ។
ពួកអាជ្ញាធរបាននិយាយថា ជនសង្ស័យម្នាក់បានស្ថិតនៅក្នុងការឃុំឃាំង។
លោក Jud Smith ប្រធានប៉ូលិសសង្កាត់ Barrow បាននិយាយនៅឯសន្និសីទកាសែតខ្លីមួយនៅខាងក្រៅវិទ្យាល័យ Apalachee ថា«អ្វីដែលលោកអ្នកឃើញនៅពីក្រោយយើងជារឿងដ៏អាក្រក់មួយ»។ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអ្នកដែលរងរបួសនៅក្នុងការបាញ់ប្រហារគ្នានោះទេ។
សិស្ស Jacob King ជាអ្នកលេងបាល់អោបបាននិយាយថាខ្លួនបានដេករលីវៗនៅក្នុងថ្នាក់ប្រវត្តិសាស្ត្រពិភពលោកបន្ទាប់ពីការហាត់នៅពេលព្រឹកនៅពេលដែលខ្លួនបានឮស្នូរកាំភ្លើងប្រហែល១០គ្រាប់។
King បាននិយាយទៀតថាខ្លួនមិនជឿថាការបាញ់ប្រហារនេះជាការពិតទេរហូតទាល់តែខ្លួនបានឮមន្ត្រីប៉ូលិសម្នាក់ស្រែកដាក់មនុស្សម្នាក់ឱ្យដាក់កាំភ្លើងរបស់គេចុះ។ King និយាយទៀតថានៅពេលថ្នាក់រៀនរបស់ខ្លួនត្រូវបានគេនាំចេញទៅក្រៅ ខ្លួនបានឃើញពួកមន្ត្រីប៉ូលិសកំពុងបាំងការពារអ្វីដែលទំនងជាសិស្សម្នាក់ដែលរងរបួស៕