សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន ​លោក ​លី សាម៉េត ​ក្រោយ​លោក ​ហ៊ុន សែន​ ទម្លាយ​រឿង​បោក​ប្រាស់​លុយ​គេ

សមត្ថ​កិច្ច​បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​ លី សាម៉េត ​ក្នុង​ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ក្រោយ​លោក ​ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធ​សភា​ ទម្លាយ​រឿង​បោក​ប្រាស់​លុយ​គេ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក។ (Facebook / Ly Samed CPP)

មន្រ្តី​នគរបាល​រាជធានី​ភ្នំពេញ​អះអាង​ថា​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​លោក លី សាម៉េត ទី​ប្រឹក្សា​របស់​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក្រោយ​សង្ស័យ​ថា​លោក​បាន​បោក​ប្រាស់ប្រាក់​របស់​គេ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ នគរ​បាល​បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក លី សាម៉េត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោយ​លោក ហ៊ុន សែន ប្រតិកម្ម​និង​ថា​លោក លី សាម៉េត បាន​បោក​ប្រាស់​លុយ​របស់​គេ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​យក​ឈ្មោះ​របស់​លោក​ផ្ទាល់​ទៅ​ប្រើប្រាស់។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​សមត្ថកិច្ច​កំពុង​តាម​រក​លោក លី សាម៉េត ក្រោយ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​មិន​នៅ​ផ្ទះ​ឡើយ។

លោក លី សាម៉េត ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ហើយ​តែង​តែ​ចេញ​មុខ​ជាមួយ​លោក ដួង តារា ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន ក្នុង​ភាព​ជា​តំណាង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ជា​បន្តបន្ទាប់។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហោះ​សារនៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​លោក លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​លោក ដើម្បីបោក​ប្រាស់​លុយ​គេ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​បោក​លុយ​ពី​ឈ្មោះ​សុខ ឡេង ចំនួន​១០​លាន​ដុល្លារ​អាមេរិក និង​ចំនួន​២៣​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ​មួង ឃីម។

លោក ហ៊ុន សែន បន្ថែម​ថា​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែ​តុលា លោក​បាន​ទទួល​វីដេអូពី​លោក​ កន សុខកាយ អភិបាល​ស្រុក​ល្វាឯម ដែល​ថា​លោក លី សាម៉េត បាន​យក​ប្រាក់​ពី​លោក​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​រត់​ការឱ្យ​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «...ខ្ញុំ​មិន​ដែល​ទទួល​យក​អន្តរាគមន៍​ពី​អ្នក​ណា​នោះ​ឡើយ​មិនថា​តាម​ការ​ស្នើ​សុំ​ឬ​តាម​សំណូក​ណា​មួយ​នោះ​ឡើយ។ ផ្ទុយទៅ​វិញ មន្ត្រីមួយ​ចំនួន​ទទួល​បានការ​តែង​តាំង​ហើយ​ទទួល​បាន​ការ​ជួយ​ពី​ខ្ញុំ​ថែម​ទៀត ដើម្បីឱ្យ​ពួកគាត់​មាន​មធ្យោបាយ​ធ្វើ​ការ»។

បើ​តាម​លោក ហ៊ុន សែន ករណី​របស់​លោក លី សាម៉េត អាច​នៅ​មាន​មនុស្ស​ច្រើន​ទៀត​ដែល​ចាញ់​បោកប្រាក់។

លោក ហ៊ុន សែន បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីកា​ការពារ​ទ្រព្យ​សម្បត្តិ​របស់​លោក លី សាម៉េត ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់​បោក​ប្រាក់។

លោក​ក៏​បាន​អំពាវនាវឱ្យ​អ្នក​ចាញ់​បោក​លោក លី សាម៉េត ទាំង​អស់​ដាក់​ពាក្យ​ប្តឹង​ឬ​ទាមទារ​សំណង​ទៅ​កាន់​មេធាវី​របស់​លោក។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ស្នើ​សុំ​សមត្ថកិច្ច​តាម​ឃ្លាំ​មើល​លោក លី សាម៉េត កុំ​ឱ្យ​រត់​ចេញ​ផុត​ពី​សំណាញ់​ច្បាប់។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម បាន​នៅ​ឡើយ​ទេ។

នៅថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ​២០២៤​ លោក កន សុខកាយ ត្រូវ​បាន​បញ្ចប់​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម ក្រោម​ហេតុផល​ថា​«ប្រព្រឹត្តកំហុស​ក្រុម​សីលធម៌ និង​វិជ្ជាជីវៈធ្ងន់​ធ្ងរ»។ នេះបើ​យោ​ងតាម​អនុក្រឹត្យ​ចុះហត្ថលេខាដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់វីអូអេថាតុលាការកំពុង​តែពិនិត្យ​លើករណី​នេះ​។​

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​តែង​តាំង​លោក លី សាម៉េត ជា​ទីប្រឹក្សា​របស់​លោក។

ក្នុង​ពេល​ជា​ទី​ប្រឹក្សា លោក លី សាម៉េត បាន​នាំ​យក​អំណោយ​របស់​លោក ហ៊ុន សែន ចុះ​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក លោក លី សាម៉េត ក៏​បាន​បង្ហោះ​សារ​មួយ​ចំនួន​អំពី​ការ​ដែល​លោក​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​អតីត​សមាជិក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នា​ថ្ងៃ​អង្គារ ដោយ​ចាត់​ទុក​ករណីលោក លី សាម៉េត គឺជា«ករណី​ពាល​ស៊ី​ពាល»។ លោក​បញ្ជាក់​ថា៖ «ពេល​ដែល​ពួក​ពាល​ឈ្លោះ​គ្នា និង​លែង​មាន​ប្រយោ​ជន៍​ហើយ ហ៊ុន សែន នឹង​កម្ចាត់​ចោល។ ឥឡូវ​នេះ​ សួរ​ថា​តើ​លុយ​រាប់​សិប​លាន​ដុល្លារ និង​ទ្រព្យ​របស់​ឧកញ៉ា លី សាម៉េត នឹង​ក្លាយ​ទៅជា​យ៉ាងណា»?

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វីអូអេ​ថា​ការ​ធានា​អះអាង​ពី​ការ​ផ្ទេរ​តំណែង​ និង​ការ​យក​ឈ្មោះ​របស់​មន្ត្រី​សាធារណៈ​ទៅ​ប្រើ ដើម្បី​បាន​បោក​ប្រាស់​គេ គឺ​ជាទម្រង់​នៃ​អំពើ​ពុករលួយ រំលោភអំណាច​ និង​ខុស​ច្បាប់។

លោក​បញ្ជាក់ថា៖ «អ៊ីចឹង​ការ​វែក​មុខ​ទៅ​លើ​បុគ្គល​ម្នាក់​បែប​នេះ​ ខ្ញុំ​គិត​ថា​គឺ​ជា​ចំណុច​មួយ​នៃ​ការ​ចាប់​ផ្តើម​ដែរ​ ហើយ​យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បានម៉ឺងមាត់​»។

បើ​តាម​លោក សន ជ័យ អ្នក​ស៊ី និង​អ្នក​សូក​ស្ថិត​នៅ​ក្នុង​សកម្ម​ភាព​នៃ​ការ​រំលោភ​អំណាច​ដូ​ចគ្នា ហេតុ​នេះ​លោក​ស្នើ​ឱ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ដូច​គ្នា៕