រដ្ឋាភិបាល​ហ្វឹក​ហាត់​កម្លាំង​សមត្ថកិច្ច​និង​ត្រៀម​បង្រ្កាប​បាតុកម្ម​ដែល​អាច​កើត​មាន​ក្នុង​ពេល​បោះឆ្នោត

រូបឯកសារ៖ កង​កម្លាំង​សមត្ថ​កិច្ច​ប្រមាណ​១០០០នាក់​​​​ល្បាត​នៅ​ថ្ងៃអង្គារ​ទី​១៤​ មិថុនា​ឆ្នាំ​២០១៦ ​​នៅផ្លូវ​៦០​មែត្រ​ ​សង្កាត់​ចាក់អង្រែ​ក្រោម ​ខ័ណ្ឌ​មានជ័យ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រឆាំង។ (VOA)

កម្លាំង​សមត្ថកិច្ច​ស្ទើរ​ទូទាំង​ប្រទេស​បាន​ហ្វឹកហាត់​ត្រៀម​បង្រ្កាប​បាតុកម្ម​ក្នុង​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​នេះ​ ខណៈ​គណ​បក្ស​នយោបាយ​ចំនួន​២០​កំពុង​ធ្វើ​យុទ្ធនាការ​ទាក់​ទាញ​រក​សំឡេង​ឆ្នោត​នៅ​ទូទាំង​ប្រទេស។ អ្នក​វិភាគ​យល់​ឃើញ​ថា អាច​ជា​ការ​គំរាម​ទាំង​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​គំនិត​ចង់​រើ​បម្រះ​ផង​និង​គំរាម​អ្នក​ដែល​ចង់​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ផង។

កង​កម្លាំង​នគរបាល​ស្ទើរ​ទូ​ទាំង​ប្រទេស​ ចាប់​ផ្តើម​ហ្វឹកហាត់​ និង​បំពាក់​ឧបករណ៍​បង្ក្រាប​បាតុកម្ម​ត្រៀម​ប្រឆាំង​នឹង​ការ​តវ៉ា​ណា​មួយ​ ដែល​អាច​កើត​មាន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។​

ក្នុង​គេហ​ទំព័រ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ មាន​ការផ្សព្វ​ផ្សាយ​អត្ថបទ​មួយ​ចំនួន​ពាក់​ព័ន្ធនឹង​ការ​ហ្វឹកហាត់​ និង​បំពាក់​សម្ភារៈ​ឧបករណ៍​បង្រ្កាប​បាតុកម្ម​ដល់​កង​កម្លាំង​រាប់ពាន់​នាក់​ នៅ​តាម​ខេត្ត​ជា​ច្រើន​ទូ​ទាំង​ប្រទេស​កម្ពុជា ​ចាប់​តាំង​ពីសប្តាហ៍​កន្លង​ទៅ។​

នាយ​ឧត្តមសេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​ហ្វឹកហាត់​ធ្វើ​ឡើងដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​រាល់​ការ​ធ្វើ​បាតុកម្ម​តវ៉ាណា​មួយ​ ដែល​អាច​កើត​មាន​ឡើង​ក្នុង​អំឡុង ​និង​ក្រោយ​បោះ​ឆ្នោត​ដូច​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣។​

លោកបញ្ជា​ក់​ថា៖​

​«ព្រោះ​ថា​កន្លង​មក ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ យើង​មាន​ពិ​សោធន៍​ពី​កិច្ចការ​ងារ​ហ្នឹង ដូច្នេះ​បាន​មាន​ពិសោធន៍​ឆ្នាំ​២០១៣​ បាន​បង្រៀនសមត្ថកិច្ច​យើង​ឲ្យ​ចេះ​កិច្ច​ការងារ​ហ្នឹង ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​ហ្នឹង»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ ការ​ហ្វឹកហាត់​ដែល​ធ្វើ​ឡើង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ច្រើន​ទាំង​នោះ​ ធ្វើ​ឡើងដើម្បី​ឲ្យ​សមត្ថកិច្ច​អាច​បង្រ្កាប​បាតុកម្ម​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។​ ទោះ​យ៉ាង​ណា​លោក​មិន​អាច​បញ្ជា​ក់​ថា​ តើ​ចំនួន​សមត្ថកិច្ច​ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​បង្ក្រាប​បាតុកម្ម​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មិន​ប្រើ​ប្រាស់​គ្រាប់​ពិត​ដូចសមរ​ភូមិ​ទេ ចង់​និយាយ​ថា​ វា​គ្រាន់​តែជា​អាវុធ​ឬ​ជា​ឧបរករណ៍​ដែល​បាន​ទទួល​ស្គាល់​ដោយ​សមត្ថកិច្ច​ទូ​ទាំង​សកល​លោក​ ជា​ពិសេស​មាន​ស្តង់ដារ​ជា​សកល​ប៉ុណ្ណឹង​ឯង។​ ឧទាហរណ៍​ថា​ជា​ដំបង ​ដំបង​ហ្នឹង​មិន​មែន​ដំបងដែក​ទេ ​តែ​ជា​ដំបង​ជ័រ​និង​ខែល។​ អញ្ចឹង​បាន​ថា​ អង្គភាព​ប្រឆាំង​បាតុកម្ម​ហ្នឹង​មាន​តែ​ដំបង​និង​ខែល​ អត់​មាន​កាំ​ភ្លើង​ទេ។​ តែ​ក្នុង​ករណី​ចាំបាច់​គេ​មាន​វិធី​របស់​គេ​ឧទាហរណ៍​ថា​ មេខ្លោង​ណា​ដែល​រឹងរូស​អី​ហ្នឹង គេ​មាន​វិធី​ចាប់​មេខ្លោង​ហ្នឹង»។​

ការ​ហ្វឹកហាត់​ត្រៀម​បង្រ្កាប​បាតុកម្ម​ក្នុង​ពេល​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​គណ​បក្ស​នយោបាយ​ចំនួន​២០​ កំពុង​ធ្វើ​យុទ្ធនាការ​ទាក់​ទាញ​រក​សំឡេង​ឆ្នោត​នៅ​ទូទាំង​ប្រទេស ​ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ ក្រោយ​តុលាការ​កំពូល​រំលាយ​ បាន​បង្កើត​យុទ្ធនាការ​ផ្សេងៗ​បង្ហាញ​ពី​ការ​មិន​ទៅ​បោះ​ឆ្នោត។​

ក្នុង​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​គេហ​ទំព័រ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ ផ្សាយ​អំពី​ការ​ប្រមូល​ផ្តុំកង​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ជា​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់ ដែលដឹក​នាំដោយ​លោក ​អាត់ ខែម​ ស្នងការ​ខេត្ត​បន្ទាយ​មាន​ជ័យ។​

អត្ថបទ​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«កម្លាំង​សរុប​៧៨៩​នាក់ បំពាក់​ដោយ​ឧបករណ៍​សម្ភារៈ​ប្រឆាំង​បាតុកម្ម ខែល ដំបង គ្រាប់​បែក​ផ្សែង និង​កាំ​ភ្លើង​បាញ់​គ្រាប់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក បំពាក់​អាវុធ​ធុន​ស្រាល និង​មធ្យោបាយ​បម្រើ​ការ​ងារ​ចេញ​ប្រតិបត្តិការ ​ដើម្បី​ទទួល​ផែនការ​គ្រោង​ចេញ​ប្រតិបត្តិការ ​ទប់ស្កាត់​បង្ក្រាប​សកម្មភាព​ទាំង​ឡាយណា​ដែល​មាន​ការ​ប៉ុនប៉ង​ញុះញង់​បំផ្លាញ​ការ​បោះ​ឆ្នោត»។​

​លោក ​អាត់ ខែម​ ស្នងការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចុចបិទ​ទូរស័ព្ទ​ ក្រោយ​ទទួល​បាន​សំណួរ​ពី​VOA​ ពាក់​ព័ន្ធនឹង​ការ​ហ្វឹកហាត់​របស់​កង​កម្លាំង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។​

កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​អំឡុង​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។​

មន្រ្តី​ជាន់​ខ្ពស់​នគរបាល​ជាតិ​បាន​ប្រកាស​ថា កម្លាំង​កងយោធពល​ខេមរ​ភូមិន្ទ​និង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​សរុប​ប្រមាណ​ជា៨​ម៉ឺន​នាក់ រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ប្រមាណ​ជា​២​ម៉ឺន​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ថ្ងៃ​ទី២៩​ខែ​កក្កដា​នេះ។​

​កង​កម្លាំង​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះជាតិ​ ​ក្នុង​អាណត្តិ​នេះ​មាន​ចំនួន​ច្រើន​ជាង​កាលពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ដែល​មាន​ការ​ចូល​រួម​ពីគណ​បក្ស​សង្រ្គោះ​ជាតិ​កាល​ពីឆ្នាំ​២០១៧​ ដោយ​ពេល​នោះ​រដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំង​ត្រឹម​តែ​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះជាតិ​ដែលដឹក​នាំដោយ​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ នា​ពេល​នោះ​បានដឹក​នាំបាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង។​ ក្រោយ​មក​គណ​បក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​បង្កើត​ក្រុម​វប្បធម៌​សន្ទនា​និង​សម្រេច​ធ្វើ​ការ​រួម​គ្នា​រហូត​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ឆ្នាំ​២០១៧។​

ក្នុង​ការ​បោះ​ឆ្នោត​នាឆ្នាំ​២០១៧​នោះ ​គណ​បក្ស​សង្គ្រោះជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​និង​ដឹក​នាំក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ចំនួន​ជាង​៥​ពាន់។​

យ៉ាង​ណា​ក៏​ដោយ​ គណ​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ដោយ​ចោទ​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។​

លោក​ ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​នឹង​មិន​អាច មាន​ការ​តវ៉ាណាមួយ​នោះ​ទេ​ដូច្នេះ​លោក​ថា​ ការ​ហ្វឹកហាត់​ដោយ​បង្ហាញ​ពីការ​ត្រៀម​ទប់ស្កាត់​បង្ក្រាប​បាតុកម្ម គឺ​ជា​ការ​គំរាម​កំហែង​ដល់​គ្រប់​ភាគី​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ប៉ុណ្ណោះ។​

លោកបញ្ជា​ក់​ថា៖​

«ប្រហែល​ជាគេ​ធ្វើ​នេះ​គឺ​ដើម្បី​គំរាម​ទាំង​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​គំនិត​ចង់​រើបម្រះ​ផង​និង​គំរាម​អ្នក​ដែល​ចង់​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ផង។​ អញ្ចឹង​គំរាមទាំង​ពីរ ទាំង​គ្នា​ឯង​ផង​ ​ទាំង​អ្នក​ដទៃ​ទៀត។​ ប៉ុន្តែ​ខ្ញុំ​យល់​ថា បើសិន​ជាលេស​ដែល​ថា ​រៀបចំ​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្វឹកសម​នេះ​ ​បង្រ្កាប​ទៅ​លើ​អ្នក​ណា​ដែល​ធ្វើ​បាតុកម្ម​ ខ្ញុំ​គិត​ថាអា​នេះ​វា​គ្រាន់​តែ​ជា​លេស​មួយ​ទេ»។​

អវត្ត​មាន​គណ​បក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​និង​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន​ចាត់​ទុក​ថា​ ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី​យុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន៕