នគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿង និងបញ្ជូនជនបង្កទៅតុលាការ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបររថយន្ដ Ford Ranger។ នេះបើតាមមន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃសៅរ៍ លោក នាង សំអូន ដែលជាជនបង្ក បានបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរក្រោមឥទិ្ធពលជាតិស្រវឹង ដែលបណ្ដាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងរងរបួស ៤ នាក់។ នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអ្នកនាំពាក្យ។
យោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្នងការដ្ឋានរាជធានីភ្នំពេញ និងការបញ្ជាក់ពីអ្នកនាំពាក្យ ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចស្ដុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ ជនបង្កមានឈ្មោះ នាង សំអូន ជាមន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជនបង្កត្រូវបានសង្ស័យថា បើកបររថយន្ដ Ford Ranger ពណ៌ស ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ហើយបានបុករះរថយន្ដចំនួន២គ្រឿង និងម៉ូតូចំនួន ៤គ្រឿង ពេលចុះពីស្ពានភ្ជាប់ពីតំបន់ OCIC ទៅផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិច។
លោក សំ វិចិ្ឆកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភំ្នពេញ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សមត្ថកិច្ចបានកសាងសំណុំរឿងនេះ ហើយបញ្ជូនជនបង្កទៅតុលាការ។
លោកថ្លែងថា៖ «ករណីនេះយើងកំពុងកសាងសំណុំរឿងបញ្ជូនគាត់ទៅតុលាការនៅរសៀលនេះហើយ ពាក់ព័ន្ធនឹងការបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្រោមជាតិឥទិ្ធពលស្រវឹង ដែលមានជាតិអាកុល ០,៥៤»។
ប្រសិនបើតុលាការរកឃើញកំហុស បុគ្គលនោះអាចជាប់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀល ទៅ ៤លានរៀល តាមមាត្រា ៧៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពីបទបើកបរយានយន្ដក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់។ ជនបង្កអាចជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ តាមមាត្រា ៨៥ នៃក្រមព្រហ្មទណ្ឌ ពីបទបើកបរដោយធ្វេសប្រហែស ខ្ចីខ្ចា និងមិនប្រុងប្រយ័ត្ន។
លោក ឃឿម ហ៊ីង ត្រូវជាបងថ្លៃរបស់កញ្ញា ង៉ែត ស្រីម៉ៅ អាយុ ២២ឆ្នាំ ដែលជាជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ខាងលើ ប្រាប់វីអូអេថា លោកស្នើដល់អាជ្ញាធរជួយរកយុត្តិធម៌ជូនប្អូនស្រីរបស់លោក។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរថា ឱ្យអាជ្ញាធរក៏ដូចជាមន្រ្ដីពាក់ព័ន្ធ ឱ្យគាត់ជួយគិតគូរពីជនដែលស្លូតត្រង់ ដែលត្រូវបានបុកដោយជនបង្កដែលបានបុកធ្វើឱ្យប្អូនស្រីខ្ញុំគាត់បានបាត់បង់ជីវិត ទាំងដែលគាត់គឺជាផ្នែកមួយដ៏ល្អសម្រាប់ក្រុមគ្រួសារគាត់ ដែលគាត់ខំបណ្ដុះបណ្ដាលរហូតមកដល់ពេលនេះ គឺមានតម្លៃខ្លាំងណាស់»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព កត់សម្គាល់ឃើញថា កន្លងមកទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ធ្លាប់មានការផ្សព្វផ្សាយនៅក្នុងសង្គមផងដែរ ប៉ុន្ដែចំពោះការផ្សព្វផ្សាយទាក់ទងនឹងបញ្ហាគ្រឿងស្រវឹង គឺមិនទាន់មានភាពទូលំទូលាយ ដូច្នេះហើយមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារពិសាគ្រឿងស្រវឹងតែងកើតមាន។
លោកថ្លែងថា៖ «ប៉ុន្តែហេតុអីបានមនុស្សអត់បញ្ឈប់ការទទួលទានគ្រឿងស្រវឹងនៅពេលខ្លួនបើកបរ? ដោយសារគាត់យល់ថា ខ្លួនគាត់មានកម្លាំងគ្រប់គ្រាន់។ គាត់អត់ស្រវឹង។ គាត់អាចបើកទៅផ្ទះបានត្រង់ផ្លូវ ហើយអ្នកខ្លះខំនិយាយថា អូ! បើកាន់តែស្រវឹង កាន់តែត្រង់ផ្លូវ។ ខ្ញុំមិនជឿទេ។ នេះសុទ្ធតែជាលេសដើម្បីបានទទួលទានគ្រឿងស្រវឹង»។
លោក យង់ គិមអេង ស្នើដល់អាជ្ញាធរគួរពង្រឹងវិធានការចំពោះបុគ្គលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយការពិសាគ្រឿងស្រវឹង ការពិនិត្យមើលឡើងវិញចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងពន្លឿនច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដែលនៅតែជាសេចក្ដីព្រាងច្បាប់តាំងពីឆ្នាំ ២០១៥ ដើម្បីអាចប្រើប្រាស់ជាវិធានការក្នុងការទប់ស្កាត់កំណើននៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២ ០២៤ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៨១ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាង ៣០៧នាក់ ក្នុងនោះ ៨០នាក់ បានស្លាប់។ អាជ្ញាធរកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបណ្តាលមកពីបើកបរល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែងនិងបត់គ្រោះថ្នាក់ និងស្រវឹង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ បូកទាំងករណីគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយនេះ មានគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូចំនួន ៣ករណី នៅរាជធានីភ្នំពេញដែលបង្កឡើងដោយសារការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្រោមឥទិ្ធពលជាតិស្រវឹង។ ករណីទីមួយ កើតឡើងកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយជនបង្កបុកបុរសជិះម៉ូតូម្នាក់ស្លាប់ និងករណីទីពីរ កើតឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ដែលបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់៕