ប៉ូលិសខេត្តកំពង់ឆ្នាំងឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន ខេត្តកំពង់ឆ្នាំង និងមានទំព័រហ្វេសប៊ុកឈ្មោះ «ស្ថានីយព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវបានឃាត់ខ្លួនមកសាកសួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ «រាយការណ៍បែបញុះញង់» ឲ្យប្រជាពលរដ្ឋកាន់កាប់ដីរដ្ឋ។
ការឃាត់ខ្លួនសាកសួរនេះធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់វិទ្យុល្បីឈ្មោះមួយនេះនៅខេត្តកំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និងអាជ្ញាបណ្ណគេហទំព័ររបស់វិទ្យុនេះផងដែរ។ នេះបើយោងតាមប្រកាសមួយច្បាប់ ចុះថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី បានថ្លែងប្រាប់ VOA នៅព្រឹកថ្ងៃព្រហស្បតិ៍ថា លោក សុខ ឧត្តម ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធ ហើយកំពុងបន្តនីតិវិធីសាកសួរមកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកបន្តថា លោក សុខ ឧត្តម បានផ្សព្វផ្សាយព័ត៌មានដែលលោកថា «ញុះញង់» ឲ្យប្រជាពលរដ្ឋកាន់កាប់ដីនៅតំបន់ជម្រកសត្វព្រៃឱរ៉ាល់ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកមានប្រសាសន៍ថា៖ «នាំមកសួរនាំហ្នឹង គាត់ទៅផ្សាយញុះញង់នាំឲ្យប្រជាពលរដ្ឋទៅកាន់កាប់ដីរដ្ឋ មានទោស គាត់មានបទល្មើសហើយហៅមកសួរនាំ»។ លោកមិនទាន់អាចបញ្ជាក់ចំណាត់ការបន្តនៅឡើយទេ។
នៅពេលសួរថាតើនរណាជាអ្នកដាក់ពាក្យបណ្តឹង ស្នងការរូបនោះមិនទាន់អាចបញ្ជាក់ទេ ដោយគ្រាន់តែថាទាល់តែមានអ្នកប្តឹង ទើបសមត្ថកិច្ចមានវិធានការ។
នៅពេល VOA ទាក់ទងទៅ ស្រ្តីម្នាក់ដែលស្គាល់លោក សុខ ឧត្តម លើកទូរស័ព្ទ ហើយប្រាប់ថា លោក សុខ ឧត្តម ត្រូវឃាត់ខ្លួន ហើយពេលនេះស្ថានីយវិទ្យុរបស់លោកក៏លែងមានការផ្សាយផងដែរ។
ក្នុងលិខិតមួយចុះថ្ងៃទី១២ ខែឧសភា ក្រសួងព័ត៌មានបានលុបចោលប្រកាសដែលអនុញ្ញាតឲ្យលោក សុខ ឧត្តម បើកស្ថានីយវិទ្យុ FM99.75MHz នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រឈ្មោះ «រិទ្ធិសែន» ដោយអះអាងថា ម្ចាស់អាជ្ញាបណ្ណសារព័ត៌មានមួយនេះ«បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និងចលាចលសង្គម ដែលជាការរលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ VOA នៅថ្ងៃពុធថាអាជ្ញាធរបានណែនាំសារព័ត៌មានមួយនេះជាច្រើនដងហើយ មុននឹងចាត់វិធានការចុងក្រោយនេះ។
លោកមានប្រសាសន៍ថា៖ «យើងបានពិនិត្យមើលការផ្សព្វផ្សាយរបស់គាត់រហូតដល់យើងមានការអប់រំគាត់នៅថ្នាក់ខេត្តតាមមន្ទីរព័ត៌មានហ្នឹង បានអញ្ជើញគាត់មកធ្វើការអប់រំជាច្រើនលើកច្រើនសារហើយដែរមុននឹងយើងសម្រេចចិត្តដកអាជ្ញាបណ្ណហ្នឹង»។
ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថាតើសកម្មភាពឬព័ត៌មានជាក់លាក់ណាមួយដែលសារព័ត៌មាននេះបានផ្សព្វផ្សាយ ដែលជាបុព្វហេតុនៃការដកអាជ្ញាបណ្ណនេះទេ។
នៅពេលទាក់ទងទៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងនៃការឃាត់ខ្លួននោះទេ ហើយក្រសួងក៏មិនបានស្នើ ឬដាក់ពាក្យបណ្តឹងឲ្យចាប់ខ្លួនលោក សុខ ឧត្តម ដែរ។
លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់VOAនៅថ្ងៃពុធថា កន្លងទៅ មន្រ្តីខាងមន្ទីរធ្លាប់ហៅម្ចាស់វិទ្យុនោះមកណែនាំអំពី«ការប្រើប្រាស់ពាក្យពេចន៍»ដែលលោកថា«អសីលធម៌» ដែលភាគច្រើនជាការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់វិទ្យុរិទ្ធិសែន។ ប៉ុន្តែលោកថាលោកមិនបានស្នើឲ្យបិទវិទ្យុនេះទៅក្រសួងព័ត៌មាននោះទេ។
លោកបញ្ជាក់ថា៖ «កន្លងមកយើងធ្លាប់បានហៅណែនាំដែរតើអំពីគាត់ប្រើពាក្យអសុរោះ ខ្ញុំបានហៅមកដែរ ណែនាំគាត់ដែរ នៅក្នុងគេហទំព័រ ក៏ដូចជាព័ត៌មាន យើងបានប្រាប់គាត់ដែរ។ ហើយក៏បានឲ្យជំនាញ ហៅគាត់មកណែនាំដែរ មិនមែនអត់ទេ»។
លោកមិនអាចបញ្ជាក់ប្រាប់ថាពាក្យអសីលធម៌នោះមានអ្វីខ្លះនោះទេ ដោយលោកឲ្យមើលការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់គេហទំព័រនោះ។
ទំព័រហ្វេសប៊ុករបស់សារព័ត៌មានរិទ្ធិសែន ដែលផ្សាយផ្ទាល់នៅថ្ងៃទី១៣ ខែឧសភា បង្ហាញពីការពិភាក្សាមួយនិយាយអំពី«ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងស្រាវជ្រាវឲ្យដល់ឫសគល់ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ»។
ចំណែកព័ត៌មានផ្សេងៗដែលពួកគេបានផ្សាយកន្លងទៅ ដូចជា«សំណង់ខុសច្បាប់របស់ជនជាតិវៀតណាមសង់រួច៧០% ចំកណ្ដាលក្រុងកំពង់ឆ្នាំង សង់ចំពីលើស្ពានថ្មពីផ្សារលើទៅផ្សារក្រោមស្ថិតនៅភូមិផ្សារលើឃុំផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។ អាជ្ញាធរខេត្តនិងប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងធ្វើមិនដឹង»។
សារព័ត៌មាននេះ ក៏បានផ្សព្វផ្សាយជម្លោះដីធ្លីនៅតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុសផងដែរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ជាប់រូបភាព និងការសរសេរបន្តិចបន្តួចបែបជាការបញ្ចេញមតិ និងការលើកឡើងរបស់ពលរដ្ឋមួយចំនួន។
គួរបញ្ជាក់ថា កាលពីខែមេសា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាបណ្ណដែលផ្តល់ឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រ www.tvfb.com.kh និងគេហទំព័រ www.tvfb.news ក្រោមហេតុផលថា «ម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម»។ ការដកអាជ្ញាបណ្ណពេលនោះ ធ្វើឡើងក្រោយពីលោក សុវណ្ណ រិទ្ធី ជានិពន្ធនាយក ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានដោយដកស្រង់សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕