មន្ត្រីនគរបាលឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៦ នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងការរំដោះអ្នកទោសជាជនជាតិចិនម្នាក់ ដែលត្រូវបានបញ្ជូនមកព្យាបាលធ្មេញនៅ គ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តសៀមរាបកាលពីថ្ងៃព្រហស្បតិ៍។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិតណាមួយមកកាន់អ្នកសារព័ត៌មានបាននៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន រហូតមកដល់ថ្ងៃសុក្រនេះ។
លោកថ្លែងថា៖ «ឥឡូវយើងចាប់បានមួយចំនួន តែខ្ញុំអត់អាចប្រាប់ចំនួនពិតបានទេ គ្រាន់ថា យើងចាប់បានមួយចំនួនហើយ។ យើងក៏កំពុងតាមដានបន្តស្រាវជ្រាវបន្តទៀត...អ៊ីចឹងខ្ញុំមិនអាចប្រាប់គោលដៅឱ្យច្បាស់លាស់នោះទេ កុំឱ្យមានការបែកធ្លាយ ក៏ដូចជាប៉ះពាល់ការអនុវត្តនីតិវិធីរបស់យើង»។
លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតចំពោះករណីនេះបន្តទៀត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់វីអូអេថា មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចចាប់បានក្រុមអ្នកពាក់ព័ន្ធចំនួន ៦ នាក់ ហើយសមត្ថកិច្ចកំពុងតែបន្តស៊ើបអង្កេតទៀត។
លោកថ្លែងថា៖ «ខាងកម្លាំងជំនាញអគ្គស្នងការបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៦ នាក់។ ព័ត៌មានយើងបានតែប៉ុណ្ណឹងទេ ពាក់ព័ន្ធទៅនឹងមូលហេតុអីយ៉ាងម៉េចៗហ្នឹង ខាងជំនាញយើងកំពុងតែស្រាវជ្រាវថែមទៀត ព្រោះវាមានអ្នកពាក់ព័ន្ធមួយចំនួនដែលខាងជំនាញគេត្រូវកំណត់មុខសញ្ញាតាមហ្នឹង។ គេកំពុងធ្វើការ អ៊ីចឹងខ្ញុំមិនអាចអត្ថាធិប្បាយអីលើសពីការងារហ្នឹងទេ»។
ហេតុការណ៍រំដោះអ្នកទោសជាជនជាតិចិនបានកើតឡើងនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅគ្រាដែលមន្ដ្រីពន្ធនាគារ ៤ នាក់ បានបញ្ជូនអ្នកទោសជាជនជាតិចិនឈ្មោះ Chen Hsin Han អាយុ ៤៥ឆ្នាំ ទៅគ្លីនិកធ្មេញ ហើយអង្គុយរង់ចាំការព្យាបាល។ នៅពេលកំពុងអង្គុយចាំពេទ្យព្យាបាលធ្មេញ ស្រាប់តែមានជនពាក់របាំងមុខប្រដាប់ដោយអាវុធភ្ជង់កាំភ្លើងទៅកាន់នគរបាល និងបានចងដៃមន្ត្រីប៉ូលិសផងដែរ ហើយពួកគេបានសម្រុកចូលទៅរំដោះជនជាតិចិនម្នាក់នោះ។
លោក ជុំ ចិន្តា ម្ចាស់គ្លីនិកធ្មេញដែលអ្នកទោសជនជាតិចិនត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅទីនោះ បានប្រាប់វីអូអេថា ក្រុមប្រដាប់អាវុធបានចូលទៅក្នុងគ្លីនិករបស់លោក ដើម្បីរំដោះអ្នកទោសម្នាក់ជាជនជាតិចិន ហើយលោកថាមិនមានការផ្ទុះអាវុធ និងគ្មានគ្រោះថ្នាក់អ្វីឡើយ ដោយគ្រាន់តែមានការចងដៃក្រុមប៉ូលិស ហើយក្រុមប្រដាប់អាវុធទាំងនោះក៏នាំអ្នកទោសចេញទៅបាត់។
គេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាក្រុមឧក្រិដ្ឋជនដឹងអំពីព័ត៌មានដែលអ្នកទោសត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកកំពុងតែប្រមូលព័ត៌មានជុំវិញរឿងនេះ ដូច្នេះលោកមិនទាន់អាចផ្តល់ការអត្ថាធិប្បាយអ្វីបានឡើយ។
លោកថ្លែងថា៖ «កិច្ចការងារនេះគឺខាងអគ្គពន្ធនាការគាត់បានចាត់ក្រុមការងារចុះមកធ្វើនៅពន្ធនាគារហើយ ហើយលទ្ធផលអត់ទាន់ដឹងថាយ៉ាងម៉េចៗទេ»។
បើតាមរបាយការណ៍របស់នគរបាល ជនជាតិចិនដែលត្រូវបានរំដោះនោះ មានឈ្មោះ Chen Hsin Han អាយុ ៤៥ឆ្នាំ ដែលត្រូវបានឃុំខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ ២០០៩ ពីបទជួញដូរគ្រឿងញៀន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥២ ឆ្នាំ។ ជនជាតិចិននោះត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅគ្លីនិកធ្មេញ ដោយសារឈឺចាប់មាត់ធ្មេញពិបាកបរិភោគអាហារ។ នេះបើយោងតាមលិខិតស្នើសុំបញ្ជូនជនជាប់ឃុំចុះថ្ងៃទី ១៦ ខែសីហា ដែលវីអូអេទទួលបាន៕