ប៉ូលិស​ឃាត់​ខ្លួន​ឧកញ៉ា​គិត ធាង​ក្រោយពី​លោកហ៊ុន សែន​ បញ្ជា​ឲ្យ​ចាប់​មេខ្លោង​គ្រឿង​ញៀន​នៅ​រ៉ុក

លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

លោក គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុន​​វិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

អាជ្ញាធរ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ​បាន​ឃាត់​និង​នាំ​ខ្លួន​លោក​ឧកញ៉ា​គិត ធាង ​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀនទៅតាមដីការបស់តុលាការ​ ​ឬសាលាដំបូងរាជធានីភ្នំពេញ»។ នេះ​បើតាម​ការ​បញ្ជាក់​របស់នាយ​ប៉ូលិស​កម្ពុជា​នៅថ្ងៃ​ច័ន្ទ​នេះ។​

លោក​នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ល្ងាច​មិញ​នេះ​ស្នងការ​ភ្នំពេញ​បាន​អនុវត្ត​ដីកា​នាំខ្លួន​របស់​តុលាការ​ ឧកញ៉ា ​គិត ​ធាង ហ្នឹង​មក​ដើម្បី​សាកសួរ​ នៅ​ស្នងការ​ភ្នំពេញ។ ល្ងាច​មិញ​ហ្នឹង​កំពុង​ធ្វើការ​ជាមួយ​ខាង​ស្នងការ​ភ្នំពេញ​ ជាមួយ​ខាង​តុលាការ​ខាង​ភាគី​ចៅក្រម​កំពុង​សាកសួរ»។
ការឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឱ្យសមត្ថកិច្ច​ស្វែង​រក​ចាប់​មេខ្លោង ​និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​គ្រឿង​ញៀន​ជិត​៥០​គីឡូក្រាម​ ដែល​បង្ក្រាប​បាន​កាល​ពី​ចុង​ខែកុម្ភៈ​ នៅ​ក្លឹប​កម្សាន្ត​មួយចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។​

កាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​ ​សមត្ថកិច្ច​ប៉ូលិស​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ នៅមណ្ឌល​កម្សាន្ត​រ៉ុក ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ហើយ​ដក​ហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម​ ​និង​សារធាតុ​ញៀន​ជា​ទឹក ជាង៩​គីឡូក្រាម។

ក្រោយ​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ប្រមាណ​ជា​១០​នាក់​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ស៊ើប​អង្កេត​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា លោកភ្ញាក់ផ្អើល​ចំពោះ​ការ​រក​ឃើញ​គ្រឿង​ញៀន​ដ៏ធំ​នេះ​នៅ​ក្លឹប​កម្សាន្តរ៉ុក​ ដែល​មាន​ទីតាំង​ជាប់សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)។

លោក​ហ៊ុន សែន ​បញ្ជាក់​ថា៖ «ក្បែរ​សាលា​ ស្រាប់តែ​មាន​កន្លែង​គ្រឿង​ញៀន​មិនមែន​តូច​នៅ​កន្លែង​នេះ​ ដូច្នេះ​សង្ឃឹម​ថា​ ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ចាត់​វិធានការ​លើ​បញ្ហា​នេះ​បូក​ ជាមួយ​ការ​ដំណើរ​ការ​ក្តី​របស់​តុលាការ ត្រូវ​តែ​ម៉ឺងម៉ាត់ ជាមួយ​នឹង​ការ​មិន​វិល​ត្រឡប់​នៃ​អំពើ​ពាលា​អាវ៉ា​សែ សម្រាប់​កន្លែង​មួយ​នេះ ដែល​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ ហើយ​ស្វែង​រក​ឱ្យ​ដល់​ទី​ជម្រៅ នូវ​មេខ្លោង​របស់​វា​នៅ​កន្លែង​ណា?»។

មណ្ឌល​កម្សាន្ត​រ៉ក់​ ដែល​មាន​ទីតាំង​ជាប់​សាកល​វិទ្យាល័យ​ច្បាប់​ចម្បង​នៅ​កម្ពុជា​នោះ​ បាន​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ដោយ​មានលោក គិត ធាង ​ជា​ម្ចាស់ និងមាន​ឈ្មោះ​ថា «​រ៉ុក អ៊ិន​ធើ​ធេន​មេន សិន​ធើ» ជា​ប្រភេទ​ក្រុមហ៊ុន​ឯកជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត។

លោក គិត ធាង គឺជា​បង​ប្រុសបង្កើតរបស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់​ខ្ពស់​មួយ​រូប​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បាន​បោះទុនវិនិយោគ​លើ​វិស័យ​ជាច្រើន​ មាន​ទាំង​វិស័យ​ទូរគមនាគមន៍​ ​សេវាកម្ម ​និង​អចលនទ្រព្យ។

ក្រោយ​ការ​បង្ក្រាប​បាន​តែ​ប៉ុន្មាន​ថ្ងៃ ​គេ​ឃើញ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ជាក់​ថា លោក គិត ម៉េង ​មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​រាប់​សិប​គីឡូ​នោះ​ទេ។ លោក​បាន​អះអាង​អំពី​មូលហេតុ​នៃ​ការ​បង្ហោះ​សារ​បែប​នោះ​ ថា​ដោយសារ​មាន​ការ​លើក​ឡើង​ថា ​លោក គិត ម៉េង ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ច័ន្ទនេះ​ថា សមត្ថកិច្ច​រក​ឃើញ​តម្រុយ​អំពី​មេខ្លោង​ក្នុង​ករណី​គ្រឿង​ញៀន​នោះ​ហើយ ​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ ដោយ​គ្រាន់តែ​ប្រាប់​ថា រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ត។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មាន​តម្រុយ មាន​ទាំង​ឯកសារ​អី​ដែរ ក៏​ប៉ុន្តែ​សុំ​ដោយសារ​បញ្ហា​នេះ​ជា​សមត្ថកិច្ច​របស់​អ្នក​ដែល​មាន​ភារកិច្ច​ទេ​»។

ចំណែក​លោក លី សុផាណា ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប្រាប់​អ្នកសារ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​យ៉ាង​ខ្លី​តាម​ន័យ​ដើម​ថា៖ «តុលាការ​កំពុង​បន្ត​ចំណាត់ការ​ស៊ើប​សួរ»។

បើ​តាម​មាត្រា​៣៥.២​ថ្មី​នៃ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ចែង​ថា ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​សម្រួល​ដោយ​ចេតនា​ឲ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន​ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទោះ​យក​ថ្លៃ​ក្តី​ ​មិន​យក​ថ្លៃ​ក្តី។​ ជន​នោះ​គឺជា​ម្ចាស់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន ​ដែល​រួមមាន​ម្ចាស់​ផ្ទះ​ ​ម្ចាស់​សណ្ឋាគារ ម្ចាស់​ក្លឹប​កម្សាន្ត​ជាដើម។

មាត្រា​៣៨.១ ថ្មី​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ដដែល​ចែង​ថា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២០ឆ្នាំ ​ដល់​៣០​ឆ្នាំ​ ​ឬ​អស់​មួយ​ជីវិត​ ​និង​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​សែ​សិប​លាន​រៀល​ ​ដល់​មួយ​រយ​លាន​រៀល​ ​បើ​សារធាតុ​ញៀន​សម្រាប់​ផ្សំ​គ្រឿង​ញៀន​មាន​បរិមាណ​សុទ្ធ​ចាប់​ពី​១០​គីឡូក្រាម​ឡើង​ទៅ​ ​ក្នុង​ករណី​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ដង​ ​មាន​លក្ខណៈ​ជា​មុខ​របរ។

មាត្រា​នេះ​សំដៅ​លើជន​ណា​ផលិត នាំ​ចូល​ ​នាំ​ចេញ ដឹក​ជញ្ជូន​ ផ្តល់​ឲ្យ​លក់ ជួញ​ដូរ ចែក​ចាយ ប្រគល់​ឲ្យ ទោះបី​ក្នុង​ឋានៈ​ណា​ក៏​ដោយ ផ្ញើ​ទៅ​ឲ្យ បញ្ជូន​ទិញ ឬ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ក្នុង​គោលដៅ​យក​ទៅ​ផលិត ឬ​ធ្វើ​ដោយ​ខុស​ច្បាប់ នូវ​គ្រឿង​ញៀន​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ​ឬ​គ្រឿង​ញៀន​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​មួយ​បាន​ដឹង​ថា ​សារធាតុ​ញៀន​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គោលដៅ​ខាងលើ។

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា ករណី​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នេះ​ នឹង​អាច​រក​ឃើញ​មេខ្លោង ​លុះត្រា​តែ​សមត្ថកិច្ច​មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​ខ្លួន​មេខ្លោង​ពិត​ប្រាកដ​យក​មក​ផ្តន្ទាទោស​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។

លោក​បញ្ជាក់​ថា៖ « នៅ​ពេល​ដែល​ការ​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​រួម ផល​ប្រយោជន៍​សាធារណៈ បាន​ន័យ​ថា​ជា​ការ​ជួយ​ទៅ​ដល់​សហគមន៍ ជួយ​ដល់​ក្រុម​យុវជន កុំ​ឲ្យ​ពួកគេ​ជួប​ប្រទះ​នូវ​បញ្ហា​គ្រឿង​ញៀន​នេះ​ ខ្ញុំ​យល់​ថា ​វា​នឹង​អាច​មាន​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ​បាន ហើយ​និង​រក​ឃើញ​មេខ្លោង​ពិត​ប្រាកដ​បាន ដរាប​ណា​ជា​ការ​ប្រឹងប្រែង​រួម ហើយ​និង​ជា​ការ​ចូលរួម​ចំណែក​ពី​ថ្នាក់​ដឹកនាំ​កម្រិត​នយោបាយដូចជា​សម្តេច​ ​ហ៊ុន សែន​ ហ្នឹង»។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បញ្ជាក់​ថា​ ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី រឹប​អូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម​ និង​ឃាត់​ខ្លួន​មនុស្ស​១៦,២៣២​នាក់៕