លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រៀមខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពវាយប្រហារ ដែលលោកថាកើតចេញពី«ក្រុមឧទ្ទាមក្បត់ជាតិ» នៅពេលមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំក្រោយនេះ។ នេះបើយោងតាមសាររបស់នាយករដ្ឋមន្រ្តីក្នុងទិវារំឭកខួបអនុស្សាវរីយ៍ទី៧៦នៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងសារនោះ លោក ហ៊ុន សែន បានលើកឡើងអំពីការចូលរួមរបស់កងកម្លាំងនគរបាលកម្ពុជា តាំងពីរំដោះកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងកាលៈទេសៈនៃជំងឺរាតត្បាតជាសាកល លោក ហ៊ុន សែន បានលើកឡើងថាជំងឺកូវីដ១៩នឹងនៅតែបន្ត និងពុំអាចកំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នៅឆ្នាំ២០២១និង២០២២។
លោកនាយករដ្ឋមន្រ្តី ក៏បានភ្ជាប់នឹងចំណុចសន្តិសុខក្នុងប្រទេសនិងការបោះឆ្នោតថ្នាក់មូលដ្ឋាន ដែលគ្រោងធ្វើក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយបញ្ជាឲ្យកងកម្លាំងនគរបាលជាតិត្រៀមខ្លួនប្រឆាំងនឹងសកម្មភាពមួយចំនួន ដែលលោកថាកើតចេញពី«ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្បត់ជាតិ»។ «ក្រុមឧទ្ទាមក្បត់ជាតិ»នេះ ទំនងសំដៅទៅគណបក្សសង្រ្គោះជាតិ ដែលកន្លងទៅរដ្ឋាភិបាលបានចោទថាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងចោទមេដឹកនាំបក្សនេះ គឺ លោក កឹម សុខា ថាក្បត់ជាតិ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយសំណុំរឿងដែលអូសបន្លាយនេះ កំពុងស្ថិតក្នុងដៃតុលាការ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ក្នុងខណៈពេលដូចគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជានឹងត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ»។
លោកបន្ថែមថា៖ «ដូចនេះ ស្ថានការណ៍នាពេលខាងមុខ ទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ ដែលបញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិបន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ចក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ ទប់ស្កាត់និងបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិ និងបក្សពួក ដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរិតទាំងនេះបានជាដាច់ខាត»។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចោទប្រកាន់ថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាមផែនការបដិវត្តន៍ពណ៌។
ការរំលាយបក្សប្រឆាំងដ៏ធំមួយនេះនិងមានសក្តានុពលក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នាំឲ្យសកម្មជនបក្សថ្នាក់ក្រោម ដែលមានតំណែងជាមេឃុំនិងក្រុមប្រឹក្សាជាង៥ពាន់នាក់បានបាត់បង់តំណែងរបស់ពួកគេ ហើយអ្នកខ្លះត្រូវបានដាក់គំនាបឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ពួកគេ។ សកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវបានតាមដាន រឹតត្បិតសិទ្ធិសេរីភាព និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារការបញ្ចេញមតិរបស់ពួកគេ។ នេះបើយោងតាមមន្រ្តីរបស់បក្សប្រឆាំង។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅសហរដ្ឋអាមេរិក បានថ្លែងថាការបោះឆ្នោតមួយដែលអាចទទួលយកបានពីសហគមន៍អន្តរជាតិ កាលណាមានការធានាបរិយាកាសនយោបាយល្អមួយ ដែលមិនមែនដូចសព្វថ្ងៃនោះទេ។
លោកបានអះអាងថាការបោះឆ្នោតដែលពុំមានវត្តមានរបស់គណបក្សសង្រ្គោះជាតិ ជាការបោះឆ្នោតមួយដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
លោកប្រាប់VOAនៅថ្ងៃច័ន្ទនេះថា៖ «លោក ហ៊ុន សែន គាត់ដឹងថាការរៀបចំការបោះឆ្នោតរបស់គាត់ហ្នឹង វាអត់មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ អញ្ចឹងគាត់ត្រូវបង្កើតរឿងមួយផ្សេងទៅវិញហ្នឹង»។
មន្រ្តីបក្សប្រឆាំងរូបនោះឲ្យដឹងទៀតថាការបោះឆ្នោតខាងមុខ នឹងក្លាយជា«ការបោះឆ្នោតលេងសើចនិងបង្រ្គប់កិច្ច»តែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «យើងត្រូវតែទាមទារក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ គឺយើងមិនអាចឈរឱបដៃមើលការបោះឆ្នោតបង្រ្គប់កិច្ច ការបោះឆ្នោតលេងសើចទេ។ យើងត្រូវតែនាំគ្នាទាមទារ ជំរុញឲ្យមានការបោះឆ្នោតមួយដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ ហើយបរិយាកាសនៃការបោះឆ្នោតហ្នឹង គឺត្រូវតែឲ្យមានសេរីភាព មានការប្រកួតប្រជែងគ្នាដោយស្មើភាព»។
កាលពីខែមីនា លោក អេង ឆៃអ៊ាង និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលឬ ឧបឃាតក្នុងផែនការវិលត្រឡប់ចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក អេង ឆៃអ៊ាង ថ្លែងថាលោកមានការព្រួយបារម្ភថារដ្ឋាភិបាលនឹងយកបញ្ហាជំងឺកូវីដ១៩ មកគាបសង្កត់អ្នកមានមតិផ្ទុយ ជាពិសេសសកម្មជនបក្សប្រឆាំង។ លោកបន្ថែមថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីនៅក្នុងការបោះឆ្នោតហើយដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ដើម្បីបញ្ចៀសគំនាបអន្តរជាតិនិងវិបត្តិសេដ្ឋកិច្ច។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថាការហៅ«ក្រុមឧទ្ទាមក្បត់ជាតិ»របស់លោក ហ៊ុន សែន ដែលសំដៅលើគណបក្សសង្រ្គោះជាតិ មិនត្រូវបានសហគមន៍អន្តរជាតិយល់ស្របនោះទេ ដោយសារអ្នកនយោបាយបក្សប្រឆាំងត្រូវបានផ្តល់សិទ្ធិឲ្យជ្រកកោននៅក្រៅប្រទេស។ លោកចាត់ទុកសាររបស់នាយករដ្ឋមន្រ្តី គ្រាន់តែជាការដាស់តឿនដល់មន្រ្តីក្នុងជួរបក្សរបស់ខ្លួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អញ្ចឹងបញ្ហាហ្នឹង វាអត់មានអីធំដុំ ឬដុំកំភួនទេ គ្រាន់តែសារនយោបាយ ជាការដាស់តឿនរំឭកមន្រ្តីនៅក្នុងជួរបក្សរបស់គេ ជួរថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដើម្បីពង្រឹងការងារទេ ប៉ុន្តែគ្រាន់ថាឲ្យមានឥទ្ធិពលលើសហគមន៍អន្តរជាតិ ដូចជាមិនមានទេ»។
អ្នកវិភាគរូបនោះបន្ថែមថាកម្លាំងនយោបាយរបស់បក្សប្រឆាំងនាពេលនេះ មិនអាចយកមកចរចាជាមួយបក្សកាន់អំណាចនោះទេ ហើយអ្វីដែលជាគំនាបមកលើរដ្ឋាភិបាល គឺមានតែការអន្តរាគមន៍ខ្លាំងក្លាពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
លោក ឯម សុវណ្ណារ៉ា បន្ថែមថាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិភាគច្រើនដែលមិនបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ មិនមានសិទ្ធិធ្វើនយោបាយ ដូច្នេះពួកគេមិនអាចចូលរួមការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ទេ។
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ មន្រ្តីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ ត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ គឺផុតការបោះឆ្នោតឃុំសង្កាត់រួចទៅហើយ៕