លោក ហ៊ុន សែន រំឭក​ពី​ការគាំទ្រ​របស់​អាមេរិក​ទៅ​លើក្រុមខ្មែរក្រហមនិង​រដ្ឋ​ប្រហារ លន់ នល់ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន នៅព្រឹក​ថ្ងៃអង្គារ​នេះ​ បាន​រំឭក​ម្តង​ទៀត​អំពី​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ឲ្យ​ក្រុមខ្មែរក្រហមឲ្យ​មាន​អាសនៈ​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ។​ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក​ លន់ នល់​ផង​ដែរ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ក្រោម​ប្រធានបទ​ «ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​៖​ ​សន្តិភាព​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការពឹងពាក់​គ្នា​ទៅវិញទៅមក​ ​វិបុលភាព​ទៅវិញទៅមក​ និង​គុណ​តម្លៃ​សកល» ​ដែល​បាន​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​បាន​ថ្លែង​ទៅ​កាន់​ប្រមុខរដ្ឋ​ ​រដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​ស្ថាប័ន​ផ្សេងៗ​មក​ពី​ប្រមាណ៥០ប្រទេស​ថា​ ពួកគេ​គួរតែ​សិក្សា​ពី​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​មហាអំណាច​តាមរយៈ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា។​

​ដោយ​មិនបាន​និ​យាយ​ចំៗ​ ​លោក​ហ៊ុន​ ​សែន​បាន​ ​ថ្លែង​ថា៖

«នៅពេល​ដែល​ប្រទេស​មួយចំនួន​តាំងខ្លួនជា​ប្រជាធិបតេយ្យ​ ​ប៉ុន្តែ​បែរជា​គាំទ្រ​រដ្ឋប្រហារ​យោធា​។​ ​ប្រទេស​តាំងខ្លួន​ប្រជាធិបតេយ្យ​ ​គោរព​សិទ្ធ​មនុស្ស​ ​ប៉ុន្តែ​បែរជា​គាំទ្រ​ឲ្យ​ពួក​កាប់សម្លាប់​មនុស្ស​រំលោភសិទ្ធិ​មនុស្ស​និង​ប្រល័យ​ពូជសាសន៍​ ​អង្គុយ​នៅ​អង្គការ​សហប្រជាជាតិ»។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ហ៊ុន​ ​សែន​ ​មាន​ប្រសាសន៍​បែបនេះ​ក្នុង​ខណៈ​ដែល​បណ្តា​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​រួម​ទាំង​សហរដ្ឋអាមេរិក​ផង​នោះ​កំពុង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស។​

​លោក​ ​ហ៊ុន​ ​សែន​ដែល​ជា​អតីត​ទាហាន​ខ្មែ​ក្រហម​បាន​បន្ត​ថា​៖​

​«​សង្ឃឹមថា​ ​បទពិសោធន៍​នៅ​កម្ពុជា​គឺជា​មេរៀន​មួយ​ដែល​មិនគ្រាន់​តែ​ប្រជាជន​កម្ពុជា​ខ្លួនឯង​ ​ត្រូវ​រៀនសូត្រ​ទេ​ ​ក៏ប៉ុន្តែ​កិច្ចការ​នយោបាយ​ការបរទេស​មួយចំនួន​សម្រាប់​ឥរិយាបថ​ចំពោះ​ប្រទេស​ដទៃទៀត​គួរតែ​ត្រូវ​បាន​ដកពិសោធន៍»។​

​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ដែល​ដឹកនាំ​ដោយ​អតីត​សេនាប្រមុខ​លន់​ ​នល់​ ​ដើម្បី​ទម្លាក់​ព្រះ​បាត​នរោត្តម​ ​សីហនុ។​ ​ហើយ​ប្រាំ​ឆ្នាំ​បន្ទាប់ពី​នោះ​កងទ័ព​ខ្មែរក្រហម​បាន​ ​កាន់កាប់​រាជធានី​ ​ភ្នំពេញ​និង​ប្រទេស​កម្ពុជា​ទាំងមូល​រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ​គឺ​ ​ចាប់ពី​ ​ឆ្នាំ១៩៧៥ដល់១៩៧៩​ ​ដែល​ពេលនោះ​ប្រជាជន​កម្ពុជា​ប្រមាណ​២លាន​នាក់​ត្រូវ​បាន​ស្លាប់។​ ​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​បាន​និយាយប្រាប់​ VOA ថា​ នេះ​គ្រាន់​តែ​ជា​ការ​រំឭក​ប្រវត្តិសាស្ត្រ​ដើម្បី​ឲ្យ​ដោយ​ភ្ញៀវ​អន្តរជាតិ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នេះ​បាន​ដឹង​ពី​កម្ពុជា​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា​៖​

​«អាហ្នឹង​ជា​ប្រវត្តិសាស្ត្រ​ ​អាមេរិកាំង​ជំនាន់​នេះ​ខុសពី​អាមេរិកាំង​ជំនាន់​នោះ​ ​អាមេរិកាំង​ដែល​ចង់​ពង្រឹង​ទំនាក់ទំនង​ល្អ​ជា​មួយ​កម្ពុជា»។​

ទោះ​ជា​យ៉ាង​ណា​អ្នកវិភាគ​នយោបាយ​និង​អ្នក​ប្រវត្តិសាស្ត្រ​បាន​មានការ​យល់​ឃើញ​ខុសពី​នេះ។

លោក​ ​ឡៅ​ ​ម៉ុង​ហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​បាន​ប្រាប់​វីអូអេ​ថា​ ​ការ​លើកឡើង​របស់​លោក​ហ៊ុន​ ​សែន​ ​គឺ​ដើម្បី​បន្ទាប​កេរ្តិ៍ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ដែល​នៅពេល​នោះ​ប្រទេស​នេះ​បាន​គាំទ្រ​របប​ប្រល័យ​ពូជសាសន៍។​

​«អាមេរិកាំង​ពេលនោះ​ទៅ​ជួយ​ភាវៈ​អាក្រក់​គឺ​ខ្មែរក្រហម​ហ្នឹង​ដូច្នេះ​ ​អាមេរិកាំង​នៅពេល​នោះ​គឺ​វា​អាក្រក់​ ​ព្រោះ​ចូលដៃ​ចូល​ជើងមនុស្ស​អាក្រក់»។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​អ្នកស្រី​ ​Emily​ ​Zeeberg​ ​មិនបាន​ឆ្លើយតប​នឹង​សំ​ណួ​របស់VOAទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក​ហ៊ុន​ ​សែន​ ​តាមរយៈ​សារ​អេឡិចត្រូនិក​ ​ទេរ​ហូត​មកដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។

រូបឯកសារ៖ លោកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។

អ្នកស្រី​ ​Elizabeth​ ​Becker​ ​អ្នកនិពន្ធ​សៀវភៅ ​«WHEN​ ​THE​ ​WAR​ ​WAS​ ​OVER»​អំពី​ប្រវត្តិ​សាស្រ្ត​របប​ខ្មែរក្រហម​និង​កម្ពុជា​សម័យ​ទំនើប ​និង​ជា​អ្នកសារព័ត៌មាន​មួយ​រូប​មានប្រសាសន៍​ថា​ លោក​ ហ៊ុន ​សែន ​លើកយក​រឿង​នេះ​មក​និយាយ​នៅ​ពេលនេះ​ គឺ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា។​

«លោក​ចង់​ផ្លាស់​ប្តូរ​កិច្ច​សន្ទនា​ដោយសារ​ប្រជាជន​កម្ពុជា​ជាច្រើន​មាន​កំហឹង​ចំពោះ​ឥទ្ធិពល​ដែល​ចិន​កំពុង​មាន​លើ​ប្រទេស​របស់​ពូក​គេសព្វ​ថ្ងៃ‍»។

​ទោះ​យ៉ាងណា​ ​លោក​ ​ឈាង​ ​វណ្ណា​រិទ្ធិ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ​(​Asian​ ​Vision​ ​Institute​)​ ​យល់ឃើញ​ថា​ ​សារ​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​លើកឡើង​កាលពី​ព្រឹក​នេះ​គឺ​មិន​ទាក់ទិន​នឹង​ប្រធានបទ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​មួយ​នេះ​ទេ​គឺ​លោក​ហ៊ុន​ ​សែន​គ្រាន់តែ​យក​វេទិកា​នេះ​ដើម្បី​ផ្តល់​ជា​បទពិសោធន៍​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ផ្សេង​ៗ​ក្នុង​កិច្ចប្រជុំ​នេះ​ប៉ុណ្ណោះ៕