ភាពខ្លាំងមួយរបស់ប្រទេសសិង្ហបុរី គឺការទាយទុកមុនរបស់ប្រទេសនេះ។ ប្រទេសសិង្ហបុរីស្ថិតនៅក្នុងតំបន់ដែលការធ្វើរដ្ឋប្រហារ និងវិបត្តិសេដ្ឋកិច្ចមានការកើតឡើងជាញឹកញយ ប៉ុន្តែប្រទេសនេះជាទីជម្រកដ៏សុខសាន្ត ដែលផ្ដល់ស្ថិរភាពដល់អ្នកវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។
ប៉ុន្តែ ពេលដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ប៊ិះនឹងដួលពេលដែលលោកថ្លែងសុន្ទរកថាថ្ងៃបុណ្យជាតិកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ធ្វើឲ្យគេមានការខ្វល់ខ្វាយអំពីអនាគតរបស់ប្រទេសសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់មួយនេះ។
សេដ្ឋកិច្ចប្រទេសសិង្ហបុរីបានបាត់បង់ភាពខ្លាំងរបស់ខ្លួនមួយចំនួន ដែលប្រទេសសិង្ហបុរីបានឆ្លងកាត់នៅក្រោមគោលនយោបាយផ្ដោតលើសេដ្ឋកិច្ចសេរី ដែលបង្កើតឡើងដោយបិតាស្ថាបនិកប្រទេសសិង្ហបុរីលោក Lee Kwan Yew។ មនុស្សភាគច្រើនគិតថា មរណៈភាពរបស់លោក Lee Kwan Yew កាលពីឆ្នាំមុនគឺជាសញ្ញានៃការបញ្ចប់យុគសម័យខ្លាំងក្លារបស់ប្រទេសសិង្ហបុរី។
ប្រទេសសិង្ហបុរីងាយនឹងរងគ្រោះដោយសារការវាយប្រហារដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។ គ្រាន់តែនៅក្នុងខែនេះ ជនជាតិសិង្ហបុរីពីរនាក់ត្រូវបានឃុំខ្លួនមុនពេលពួកគេចូលរួមក្នុងក្រុម ISIS ហើយករណីមួយទៀត គឺប៉ូលិសឥណ្ឌូនេស៊ីបានស៊ើបដឹងនូវគម្រោងវាយប្រហារដោយគ្រាប់រ៉ុកកែតសម្ងាត់មួយទៅលើប្រទេសសិង្ហបុរី។
ឥឡូវនេះ ការរកកល់នឹងដួលរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពេលលោកកំពុងថ្លែងសុន្ទរកថានេះ បានធ្វើឲ្យមានការខ្វល់ខ្វាយពីអ្នកឡើងកាន់តំណែងបន្តពីរូបលោក ដោយហេតុថាប្រទេសសិង្ហបុរីជាប្រទេសមួយ ដែលនយោបាយត្រូវបានចាត់ចែងដោយប្រុងប្រយ័ត្ននៅក្រោមគណបក្សដ៏មានឥទ្ធិពលតែមួយគត់ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពាក់កណ្ដាលសតវត្សកន្លងមក។
លោក Goh Chok Tong នាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Lee Kuan Yew ត្រូវបានគេដឹងទុកមុនថាលោកនឹងក្លាយជានាយករដ្ឋមន្ត្រីយ៉ាងហោចណាស់ក៏ ៥ ឆ្នាំ មុនលោកឡើងកាន់តំណែងដែរ។ រីឯលោកនាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្ន Lee Hsien Loong វិញ ត្រូវបានគេរៀបចំទុកឲ្យក្លាយជាមេដឹកនាំមុនពេលលោកបានកាន់តំណែងនៅក្នុងឆ្នាំ ២០០៤ ទៅទៀត។
លោក Inderjit Singh អតីតតំណាងប្រជាពលរដ្ឋមកពីគណបក្សសកម្មភាពប្រជាពលរដ្ឋ PAP ដែលគណបក្សនេះជាគណបក្សគ្រប់គ្រងប្រទេសសិង្ហបុរីដោយគ្មានការរំខានតាំងពីឆ្នាំ ១៩៦៥ មក បាននិយាយថា មានកាបារម្ភពាក់ព័ន្ធនឹងអ្នកឡើងកាន់តំណែងបន្តពីលោក Lee Hsien Loong ដោយហេតុថាប្រទេសសិង្ហបុរីមានភាពយឺតយ៉ាវក្នុងការត្រៀមរើសមេដឹកនាំបន្ទាប់ ដែលជាមេដឹកនាំជំនាន់ទី ៤ របស់ប្រទេសសិង្ហបុរី៕