លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកំពុងធ្វើទស្សនកិច្ចជាផ្លូវការលើកទី៦នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់អំណាចជាងបីទសវត្សរ៍មកនេះ ធ្វើឡើងស្របពេលដែលចំណងកម្ពុជានិងចិនកំពុងវិវត្តទៅមុខ និងខណៈដែលសហភាពអឺរ៉ុបកំពុងពិនិត្យមើលលទ្ធភាពនៃការដកការអនុគ្រោះពន្ធមកលើកម្ពុជា និងសម្ពាធនានាពីបស្ចិមប្រទេស។
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកក្នុង អំឡុងទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកក្នុងប្រទេសចិនថា៖
«កម្ពុជាត្រូវខិតខំបើកពង្រីកនិងពង្រឹងទីផ្សារឲ្យបានច្រើនថែមទៀតក្រៅពីទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មជ្ឈិមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងចិនក៏បានកើនឡើងដល់៥៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនីជាដើម»។
លោក ហ៊ុន សែន និងគណៈប្រតិ្តភូកម្ពុជា កំពុងស្ថិតក្នុងប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសកុម្មុយនីស្តក្នុងថ្ងៃទីពីរនេះ លោក ហ៊ុន សែន បានជួបជាមួយអ្នកជំនួញ ម្ចាស់ក្រុមហ៊ុនចិនធំៗមួយចំនួននាទីក្រុងប៉េកាំង។ លោក ហ៊ុន សែន ក៏គ្រោងជួបថ្នាក់ដឹកនាំចិនសំខាន់ផងដែរ មុនពេលចុះហត្ថលេខលើឯកសារមួយចំនួនដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាតំបន់អាស៊ីអាគ្នេយ៍ក្នុងប្រទេសសិង្ហបុរី បាននិយាយថាទំនាក់ទំនងជាមួយចិនផ្តល់ប្រយោជន៍ជាលក្ខណៈយុទ្ធសាស្រ្តដល់កម្ពុជា ហើយសម្ពាធពីបស្ចិមកាន់តែជំរុញកម្ពុជារឹតបន្តឹងទំនាក់ទំនងជាមួយចិន បន្ថែមទៀត។
«និយាយឲ្យចំទៅនេះគឺជារបត់ថ្មីមួយនៅក្នុងភូមិសាស្រ្តនយោបាយនៅក្នុងអាស៊ី។ ហើយនៅក្នុងអាស៊ីយើង យើងឃើញថា មហាអំណាចប្រទេសចិនហ្នឹងកំពុងតែគ្របដណ្តប់ជាពិសេសផ្នែកសេដ្ឋកិច្ច ហើយបន្តបន្ទាប់អាចផ្នែកសន្តិសុខនយោបាយ និងវប្បធម៌នៅក្នុងអាស៊ីយើងនេះ។ ដូច្នេះការចាប់យកចិន ឬក៏ពង្រឹងទំនាក់ទំនងល្អជាមួយចិននេះគឺជា ផលប្រយោជន៍របស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។ ហើយចំពោះសម្ពាធពីលោកខាងលិចមកលើកម្ពុជា អាហ្នឹងជាកត្តាមួយជំរុញកម្ពុជា បន្ថែមទៀតដើម្បីជំរុញផ្នែកយុទ្ធសាស្រ្តជាមួយប្រទេសចិន ដើម្បីជាការឆ្លើយតបទៅលោកខាងលិចថាប្រទេសកម្ពុជាមិនមែនជាប្រទេសឯកោទេ»។
ចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនមានការកើនឡើងជាលំដាប់ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយ ខណៈកម្ពុជាត្រូវបានប្រទេសស្រឡាញ់លទ្ធិប្រជាធិបតេយ្យបានចោទកម្ពុជាថាកំពុងដើរបញ្ច្រាស់ទិញ ពីលទ្ធិប្រជាធិបតេយ្យ។ ការបង្ក្រាបដ៏ធ្ងន់ធ្ងរលើក្រុមជំទាស់ អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងការរំលាយបក្សជំទាស់សង្គ្រោះជាតិក្នុងឆ្នាំ ២០១៧ បានធ្វើឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលជ័យជម្នះក្នុងការបោះឆ្នោតក្នុងឆ្នាំបន្ទាប់ដោយគ្មានបក្សជំទាស់។ សហរដ្ឋអាមេរិកបានប្រកាសពីទណ្ឌកម្មលើបុគ្គលមួយចំនួនដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈសហភាពអឺរ៉ុបបានព្រមានដកកិច្ចអនុគ្រោះពន្ធ EBAពីកម្ពុជា។
កាលពីសប្តាហ៍កន្លងទៅការប្រកាសយកពន្ធលើអង្ករកម្ពុជានាំចូលទីផ្សារអឺរ៉ុបក៏បានធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញពីភាពមិនសប្បាយចិត្តផងដែរ។
លោក ឈាង វណ្ណារិទ្ធ ព្យាករណ៍ថា ចំណងរវាងចិន និងកម្ពុជានឹងកាន់តែមានភាពរឹងមាំខ្លាំងជាងមុននាពេលអនាគត ប៉ុន្តែដើម្បីសម្រេចការណ៍នេះឲ្យបានគឺត្រូវមានការពង្រឹងផ្នែកពាណិជ្ជកម្មពីកម្ពុជាទៅចិននិងទំនាក់ទំនងរវាងប្រជាជន នឹងប្រជាជន។
«ខ្ញុំគិតថានិន្នាការនឹងកើនឡើងខ្លាំងពីព្រោះថាបច្ចុប្បន្ន យើងឃើញថា ចិនគឺជាដៃគូពាណិជ្ជកម្ម មានអ្នកមកវិនិយោគច្រើន។ ក៏ប៉ុន្តែបើយើងមើលជាពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត។ ចិនមិនទាន់ក្លាយជាទីផ្សារនាំចេញសំខាន់របស់កម្ពុជានៅឡើយទេ។ ដូច្នេះចំណុចខ្វះខាតនៅមានច្រើនណាស់។ ហើយទំនាក់ទំនងប្រជាជន និងប្រជាជននៅខ្វះខាតច្រើនដែរ។ ប្រជាជនកម្ពុជាភាគច្រើន គាត់មិនសូវចូលចិត្តចិនទេ ដោយសារតែមានបញ្ហានៅក្រុងព្រះសីហនុ ហើយជនជាតិចិនគាត់មកកម្ពុជា គាត់អត់គោរពច្បាប់កម្ពុជា មិនគោរពវប្បធម៌ និងប្រជាជនក្នុងមូលដ្ឋានហ្នឹង វាធ្វើឲ្យប៉ះពាល់ រឿងទំនាក់ទំនងប្រជាជន និងប្រជាជន»។
ស្តែងចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន លោក ឈាង វណ្ណារិទ្ធ បានលើកឡើងថាកម្ពុជាបានទទួលផលចំណេញផ្នែកឱកាសការងារ និងភូមិសាស្រ្តនយោបាយ។ ប៉ុន្តែចំពោះផលអវិជ្ជមានវិញ លោកបានសង្កត់ធ្ងន់ពីផលប៉ះពាល់មិនបានគ្រោងទុក ដែលកើតចេញពីកង្វះខាតការគ្រប់គ្រងឲ្យបានដិតដល់នៅតាមមូលដ្ឋាន។
ចំណែក លោក មាស នី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា បាននិយាយថា កត្តាមួយដែលធ្វើឲ្យកម្ពុជាងាកទៅរកចិនគឺ ដោយសារតែជំនួយពីបស្ចិមលោកមានជាប់លក្ខខណ្ឌស្មុគស្មាញច្រើន ហើយកញ្ចប់ថវិកាពីចិនមិនមានលក្ខខណ្ឌភ្ជាប់មកជាមួយច្រើន។
«អញ្ចឹងពេលនោះគឺ គ្រាន់តែជាការដោះបន្ទុក នៃការងាកចេញពីការទទួលជំនួយពីបស្ចឹមប្រទេស ហើយងាកទៅរកជំនួយពីចិនដោយរដ្ឋាភិបាលកម្ពុជា គាត់គិតថាលុយមកពីចិនជាលុយដែលគ្មានលក្ខខណ្ឌហើយជាលុយស្រួលចាយ»។
លោក មាស នី បានបន្តថានៅពេលដែលទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែជិតស្និទ្ធ។ ការផ្តល់ដីសម្បទាន ដែលនាំឲ្យមានការប៉ះពាល់មួយចំនួនទៅលើប្រជាពលរដ្ឋមូលដ្ឋានបានធ្វើឲ្យប្រជាប្រិយភាពរបស់រដ្ឋាភិបាលធ្លាក់ចុះ។
«ពេលដែលកម្ពុជាចាប់ផ្តើមទំនាក់ទំនងជាមួយចិនកាន់តែជិតស្និទ្ធ ពេលនោះគឺយើងឃើញមានវត្តមាននៃវិនិយោគទុនចិនហ្នឹងបណ្តើរៗ ហើយពិសេសចាប់ផ្តើមជាមួយនឹងដីសម្បទានសេដ្ឋកិច្ចពីដំបូង ក្រោយពីយើងមានច្បាប់អនុម័តរួចហើយ។ ពេលនោះហើយ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់រដ្ឋាភិបាលចាប់ផ្តើមធ្លាក់ដោយសារតែការវិនិយោគទុនទាំងអស់នោះគឺភាគច្រើនមិនសូវបានមានធ្វើការសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ ពិសេសទៅលើពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដែលធ្វើការអភិវឌ្ឍនេះ»។
លោក មាស នី បានបន្ថែមថា៖
«ហើយបន្ទាប់ពីមានការធ្លាក់នូវប្រជាប្រិយភាព សព្វថ្ងៃនេះ គឺឈានទៅរកការធ្វើអីសព្វបែបយ៉ាងទាំងអស់ គឺដើម្បីការពារអំណាច និងសុវត្ថិភាពរបស់រដ្ឋាភិបាល ដែលអាចឲ្យរដ្ឋាភិបាលឈរជើងបាននៅក្នុងកាលៈទេសៈដែលប្រជាប្រិយភាពរបស់ខ្លួនកាន់តែធ្លាក់ចុះ»។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសចិនជាដំណើរទស្សនកិច្ចផ្លូវការ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមិនចង់ឃើញសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីកម្ពុជានោះទេ ក្នុងពេលមេដឹកនាំកម្ពុជារូបនេះជួបក្រុមធុរកិច្ចអាស៊ានអឺរ៉ុបនៅមុនពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបក្នុងក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិក កាលពីខែតុលាឆ្នាំមុន។យ៉ាងណាក៏ដោយសហភាពអឺរ៉ុបបានប្រកាសពីការយកពន្ធលើអង្ករកម្ពុជាកាលពីសប្តាហ៍កន្លងទៅ ខណៈការដកកម្ពុជាពីកិច្ចអនុគ្រោះពន្ធ EBA កំពុងតែដំណើរការទៅមុខ៕