នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ប្រសិនបើមិនមានការវិវឌ្ឍ៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំមុន។
លោក ហ៊ុន សែន អះអាងបែបនេះនៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob តាមប្រព័ន្ធវីដេអូអនឡាញ។
លោក ហ៊ុន សែន ថា កម្ពុជា នឹងខិតខំធ្វើការងារជាមួយប្រទេសមីយ៉ាន់ម៉ាជាបន្តទៀតដើម្បីដោះស្រាយបញ្ហា ប៉ុន្តែស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ពិតជាមាន«ភាពស្មុគស្មាញ និង«មានការលំបាក»។ ដូច្នេះ មិនអាចដោះស្រាយក្នុងរយៈពេលខ្លីបានឡើយ។ នេះ បើតាមព័ត៌មានបង្ហោះនៅលើហ្វេសប៊ុករបស់លោក។
លោកឲ្យដឹងទៀតថា ក្រោយពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្រាប់តែមានការកាត់ទោសអ្នកស្រី Aung San Suu Kyi មេដឹកនាំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ លោកបន្ថែមថា លោកនឹងពិភាក្សាជាមួយលោក Min Aung Hlaing នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីចង់ដឹងបន្ថែមទៀតអំពីការងារទាំងអស់នេះ។
លោកបញ្ជាក់បន្ថែមថា លោកអាចអញ្ជើញលោក Min Aung Hlaing ចូលរួមកិច្ចប្រជុំអាស៊ានបាន បើមានវឌ្ឍនភាពកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានសម្រេចជាឯកច្ឆន្ទ។ បើមិនដូច្នេះទេ ប្រទេសមីយ៉ាន់ម៉ា ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ាន។
លោក ហ៊ុន សែន ថា អាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយមិនអាចក្លាយជា«ចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ា»ទេ។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំងអ្នកស្រី Aung San Suu Kyi ផងដែរ។
កាលពីពេលកន្លងទៅ លោក ហ៊ុន សែន បានអះអាងថា លោកនឹងព្យាយាមនាំប្រទេសមីយ៉ាន់ម៉ាឲ្យបានចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ដោយថា អាស៊ានត្រូវមាន១០ប្រទេស។ លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ហើយជួបជាមួយមេដឹកនាំយោធា លោក Min Aung Hlaing។ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី រិះគន់ថា ខ្វះការពិគ្រោះយោបល់ពីសមាជិកអាស៊ាន។
នៅថ្ងៃអង្គារនេះផងដែរ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន បានសរសេរនៅលើហ្វេសប៊ុកថា ដំណើរការសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។
លោកបន្ថែមថា៖ «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នឹងប្រឹងប្រែងសម្របសម្រួលដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់»៕