លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ បានអះអាងថា រដ្ឋាភិបាលរបស់លោកកំពុងតែអនុវត្តនូវអ្វីដែលលោកហៅថា«ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន រងការរិះគន់ថា ធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ចាប់តាំងពីឆ្នាំ២០១៧ ដោយមានការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនសកម្មជននយោបាយ និងការកាត់ទោសមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ជាដើម។
ក្នុងពិធីសម្ពោធអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រ នៅថ្ងៃទី៦ ខែមិថុនា លោក ហ៊ុន សែន បានការពារថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវតែដើរទៅទន្ទឹមគ្នា ដែលទាំងពីរនេះមិនអាចមានមួយ អត់មួយឡើយ។ ក្នុងន័យនេះ លោក ហ៊ុន សែន ថា ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដើម្បីធានាថា វាមិនមានភាពអនាធិបតេយ្យក្នុងប្រទេស។
លោកថ្លែងថា៖ «ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់គឺអនាធិបតេយ្យ។ បើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺវាផ្តាច់ការ។ អ៊ីចឹងវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ។ នៅលើពិភពលោក ក៏គេកំពុងតែធ្វើអាហ្នឹងដែរ! ត្រូវឱ្យមានការគោរពច្បាប់។ ពិភពលោក គឺគោរពច្បាប់ ផ្អែកលើច្បាប់។ បើមិនផ្អែកលើច្បាប់ ផ្អែកលើកម្លាំង វាមិនវ៉ៃគ្នាពេញពិភពលោកហើយ!»
ទោះជាយ៉ាងណា គណបក្សជំទាស់នៅកម្ពុជាបង្ហាញការយល់ឃើញខុសពីអ្វីដែលលោក ហ៊ុន សែន បានលើកឡើង។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន កត់សម្គាល់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ពេញលេញនៅឡើយទេ។ លោកបន្ថែមថា ប្រជាធិបតេយ្យនៅកម្ពុជាមានតែចំពោះមនុស្សមួយក្រុមតូចប៉ុណ្ណោះ មិនមែនសម្រាប់ប្រជាពលរដ្ឋភាគច្រើនឡើយ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងគ្រាន់តែមាននៅក្នុងចំណោមមនុស្សមួយក្រុមតូចដែលទទួលបានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន អ្នកនយោបាយមួយចំនួន មិនទទួលបាននូវនីតិរដ្ឋ និងប្រជាធិបតេយ្យទេ។ ហើយការបោះឆ្នោតនាពេលខាងមុខ នៅថ្ងៃ២៣ កក្កដា ដែលអវត្តមានគណបក្សភ្លើងទៀនបង្ហាញឱ្យឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានដើរថយក្រោយ ថយក្រោយមែនទែន»។
ក្រោយស្ថាប័នរៀបចំការបោះឆ្នោតមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំជាងគេនៅកម្ពុជាចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ អង្គការសង្គមស៊ីវិល និងស្ថានទូតបរទេសមួយចំនួន ក៏ដូចជាសហគមន៍អន្តរជាតិ បានរិះគន់ការសម្រេចមួយនេះ ដែលពួកគេចាត់ទុកថា វាមិនអនុវត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារថាការលើកឡើងរបស់លោក ហ៊ុន សែន គឺស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ប៉ុន្តែការអនុវត្តជាក់ស្តែង កម្ពុជារងនូវការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ។
បើតាមអ្នកវិភាគរូបនេះ កម្ពុជាគួរតែយកការរិះគន់ទាំងនោះមកពិចារណាដើម្បីបញ្ចៀសការខាតបង់ប្រយោជន៍ជាតិ ឬក៏ធ្វើឱ្យទំនាក់ទំនងមានភាពរកាំរកូសជាមួយបណ្តាប្រទេសលោកខាងលិចទាំងនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ឯម សុណ្ណារ៉ា សម្តែងការព្រួយបារម្ភពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកនយោបាយដែលថា កម្ពុជាកំពុងតែអនុវត្តលទ្ធិប្រជាធិបតេយ្យបែបស្តង់ដារកម្ពុជា។
លោកបញ្ជាក់ថា៖ «អ្វីដែលអ្នកនយោបាយថ្លែងខុសពីគោលការណ៍ច្បាប់ ខុសពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខុសពីធម្មនុញ្ញអង្គការសហប្រជាជាតិ ខុសពីធម្មនុញ្ញកម្ពុជា ហើយលើកហេតុផលផ្សេង។ អាហ្នឹងគ្រាន់តែឡប់ឡែ ជាលេសនៃការមិនអនុវត្តតាមការបារម្ភ ឬក៏ការលើកឡើងពីមិត្តភក្តិបរទេស ដែលជារដ្ឋហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងទេ»។
ចំណែកលោក វ៉ន ចាន់ឡូត អ្នកជំនាញច្បាប់នៃអង្គការសង់ត្រាល់ យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានមូលដ្ឋានច្បាស់លាស់។ លោកថា ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា នីតិរដ្ឋនៅកម្ពុជាស្ថិតនៅចំណាត់ថ្នាក់មួយដ៏គួរឱ្យព្រួយបារម្ភ។
បើតាមអ្នកជំនាញច្បាប់រូបនេះ កម្ពុជាត្រូវធ្វើកំណែទម្រង់ជាច្រើនបន្ថែមទៀតដើម្បីឱ្យនីតិរដ្ឋកាន់តែមានភាពល្អប្រសើរ។
លោកបន្តថា៖ «ថ្វីដ្បិតតែកម្ពុជាមិនមាននូវបញ្ហាសង្គ្រាម តែខ្ញុំសូមបញ្ជាក់ថា បញ្ហាអយុត្តិធម៌ក្នុងសង្គមក៏កើតមានច្រើន ហើយរឿងខ្លះបានអូសបន្លាយពេលយូរ ហើយក្នុងនោះយើងឃើញថា ជនរងគ្រោះដែលជាសហគមន៍ដីធ្លី ឬក៏ជាសហគមន៍ផ្សេងៗ ជាអ្នកការពារសិទ្ធិមនុស្សអីផ្សេងៗហ្នឹង គឺពិបាកជឿទុកចិត្តទៅដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាសតែងតែកើតមាន នៅពេលនិយាយពីបញ្ហានីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ខ្លួនប្រើប្រាស់ច្បាប់ទៅលើអ្នកនយោបាយណាដែលប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ ដែលនេះមិនមែនជាការរំលោភសិទ្ធិមនុស្សឡើយ។ ទាក់ទងនឹងអវត្តមានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្រសួងការបរទេសកម្ពុជាធ្លាប់បានបញ្ជាក់ថា វាមិនប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរីនូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន១៨»។
ទោះជាយ៉ាងណា អវត្តមានរបស់គណបក្សភ្លើងទៀនបាននាំឱ្យអ្នកតាមដានលើកឡើងថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឈ្នះអាសនៈរដ្ឋសភាទាំង១២៥ ហើយកម្ពុជានឹងបន្តដឹកនាំដោយឯកបក្សរយៈពេល៥ឆ្នាំទៀត បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧ ដែលធ្វើឱ្យគណបក្សជំទាស់មួយនេះមិនអាចចូលរួមការបោះឆ្នោតកាលពីឆ្នាំ ២០១៨៕