លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបដិសេធថា មិនមានការជជែកជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ទៅលើការស្នើដោះលែងមេធាវីខ្មែរសញ្ជាតិអាមេរិកាំង កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារក្នុងខេត្តព្រះវិហារឡើយ។
ប៉ុន្តែការអះអាងរបស់លោក ហ៊ុន សែន ដែលជួបលោក Biden កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះផ្ទុយពីសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានស្តីពីជំនួបរវាងលោក ហ៊ុន សែន និងលោក Biden ដែលនិយាយចំៗឈ្មោះកញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំពីបទរួមគំនិតក្បត់។
ក្រោយជំនួបទ្វេភាគីរបស់លោក ហ៊ុន សែន និងលោក Biden សេតវិមានបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «លោកប្រធានាធិបតី Biden ក៏បានជំរុញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលម្ហសេរីភាពស៊ីវិល និងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣។ លោកក៏អំពាវនាវឱ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកាំង»។
ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានហៅកញ្ញា សេង ធារីថា ជា«អប្សរាក្បាលត្រងោល» ដោយសារកញ្ញាធ្លាប់បង្ហាញមុខនៅតុលាការ ដោយស្លៀកពាក់ជាអប្សរា ហើយកោរសក់ផងដែរ។ លោកបញ្ជាក់ថា នៅក្នុងកំណត់ហេតុនៃជំនួបមិនមាននិយាយឈ្មោះកញ្ញា សេង ធារី ឡើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែដល់តែរឿងថា អីណាអប្សរាក្បាលត្រងោលត្រូវតែដោះលែង អ្នកនេះត្រូវតែដោះលែង ដោះអី ខ្ញុំអត់ដឹង ព្រោះអីខ្ញុំអត់បានស្តាប់ ខ្ញុំអត់ ឮសម្តី Joe Biden និយាយអ៊ីចឹងផង»។
បើតាមលោក ហ៊ុន សែន ភាគីទាំងពីរបានពិភាក្សាអំពីលម្ហសេរីភាពនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។
អ្នកស្រី Lisa Larson អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បញ្ជាក់ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា នៅពេលមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោក Biden បានជំរុញឱ្យកម្ពុជាដោះលែងសកម្មជនដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ ដែលក្នុងនោះរួមមានកញ្ញា សេង ធារី ផងដែរ។ ប៉ុន្តែមន្ត្រីស្ថានទូតរូបនេះមិនបានបញ្ជាក់ថា តើលោក Biden ពិតជាបានលើកឈ្មោះកញ្ញា សេង ធារីចំៗ នៅពេលជួបជាមួយលោក ហ៊ុន សែន ឬយ៉ាងណានោះទេ។
អ្នកស្រីបញ្ជាក់តាមសារអ៊ីម៉ែលថា៖ «សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិករស់នៅប្រទេស គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Biden បានអំពាវនាវឱ្យដោះលែងសកម្មជនដែលជាប់ឃុំ [ក្នុងពន្ធនាគារ] ទាក់ទងការចោទប្រកាន់មូលដោយហេតុនយោបាយ ដែលរួមមានកញ្ញា សេង ធារី សញ្ញាតិខ្មែរ-អាមេរិកាំង។ សហរដ្ឋអាមេរិកអំពាវនាវឱ្យដោះលែងជាបន្ទាន់នូវសកម្មជនដែលជាប់ឃុំយ៉ាងអយុត្តិធម៌។ យើងជំរុញអាជ្ញាធរឱ្យបញ្ឈប់ការកាត់ទោសក្រោមមូលហេតុនយោបាយប្រឆាំងនឹងប្រជាជនកម្ពុជា ដែលអនុវត្តនូវសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការឆ្លើយឆ្លងគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិកទាក់ទងលម្ហសេរីភាពនៅកម្ពុជានេះ គឺធ្វើឱ្យសាធារណជន និងអន្តរជាតិពិបាកជឿជាក់លើកម្ពុជា និងថែមទាំងប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាថែមទៀតផង។
លោកថ្លែងថា៖ «ការលើកឡើងទាំងអស់នេះ ប្រសិនជាមិនឆ្លុះបញ្ចាំងពីការណ៍ពិតនោះ គឺផលប៉ះពាល់នឹងធ្លាក់មកលើប្រមុខរដ្ឋាភិបាលខ្លួនឯង ដោយសារថា ការដែលលើកឡើងនោះ ទាំងដែលមិនដោះស្រាយផង ហើយថែមទាំងមានការនិយាយថ្លែងផ្ទុយគ្នាអំពីព័ត៌មាននេះទៅវិញទៅទៀត»។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
បន្ទាប់ពីត្រូវបានឃុំខ្លួន កាលពីខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី និងមេធាវីលោក ជូង ជូងី បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ៕