លោក ហ៊ុន សែន ផ្លាស់​ប្តូរ​ចិត្ត​សម្រួល​ឱ្យ​​ដោះ​លែង​សកម្មជន​នយោបាយ លោក យឹម ស៊ីណន

រូបឯកសារ៖ លោក​ យឹម​ ស៊ីណន​ អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ប្រទេស​​កូរ៉េខាង​ត្បូង ផ្តល់បទ​សម្ភាសន៍​ដល់​វីអូអេនៅ​ការិយាល័យ​របស់វីអូអេ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៥ ខែ​កញ្ញា​ ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

មួយ​សប្តាហ៍​ក្រោយ​បញ្ជា​ឱ្យចាប់​ខ្លួន​សកម្មជន​នយោបាយ​គណបក្ស​ជំទាស់ គឺ​លោក យឹម ស៊ីណន លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ផ្លាស់​ប្តូរ​ចិត្ត​ពី​ការ​ខឹង​សម្បា ដោយ​ជួយ​សម្រួល​ឱ្យមាន​ការ​ដោះ​លែង​សកម្មជន​រូប​នេះ។

ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​នាយករដ្ឋមន្រ្តី​ពី​ការ​ប្រកាស​មិន​អធ្យាស្រ័យ​ទៅ​ជា​ការ​សម្រួល​ឱ្យដោះលែង​នេះ ក្រោយ​មាន​ការ​ទទូច​សុំ​របស់​ភរិយា និង​ការ​ចេញ​មុខ​សុំ​ទោស​របស់​លោក យឹម ស៊ីណន ដោយ​ផ្ទាល់ តាម​រយៈ​វីដេអូ​ដែល​ថត​ចេញ​ពី​ពន្ធនា​គារ ដែល​មន្រ្តី​ពន្ធនាគារ​អះអាង​ថា​នេះ​ជា​ការ​អនុញ្ញាត​ពិសេស​មួយ​សម្រាប់​សកម្មជន​រូប​នេះ ដែល​អាច​ថត​វីដេអូ​ពី​មណ្ឌល​ឃុំ​ឃាំង​បាន។

ភ្ជាប់​នឹង​វីដេអូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​៣​នាទី​កន្លះ និង​លិខិត​សុំទោស​មួយ​ច្បាប់​សំដៅ​ថ្វាយ​ព្រះមហាក្សត្រ និង​ទៅ​កាន់​លោក ហ៊ុន សែន ​លោក យឹម ស៊ីណន បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​លោក កាល​ពី​កន្លង​ទៅ ដែល​លោក ហ៊ុន សែន ថា​ប្រមាថ​ព្រះមហាក្សត្រ និង​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​មិន​គោរព​ព្រះ​មហាក្សត្រ។ សារ​ដែល​លោក យឹម ស៊ីណន បង្ហោះ​នោះ ទាក់ទង​នឹង​ការ​ចោទ​សួរ​ថា​តើ​អ្នក​ណា​ជា​ស្តេច​ពិត​ប្រាកដ នៅ​ពេល​លោក ហ៊ុន សែន ឈរ និង​អង្គុយ​អម​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​សៀមរាប។

សារ​របស់​លោក យឹម ស៊ីណន ដែល​លោក​បាន​លុប​ចោល​វិញ មាន​អត្ថន័យ​ដើម​ថា៖ «បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ ថ្ងៃ​នេះ​យើង​អាច​ឃើញ​ច្បាស់​ថា​នរណា​ជា​ស្តេច​ផែន​ដី​ពិត​ប្រាកដ»។

ក្នុង​សម្លៀក​បំពាក់​ជា​អ្នក​ជាប់​ឃុំ លោក យឹម ស៊ីណន ថ្លែង​ថា៖ «ក្នុង​ឱកាស​នេះ​ផង​ដែរ ខ្ញុំ​បាទ​សូម​ជម្រាប​ជូន​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ផង​ដែរ​ថា​សម្រាប់​ការ​ចេញ​មុខ​មក​សុំទោស​ជា​សាធារណៈ​របស់​ខ្ញុំ​បាទ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ក៏​ដូច​ជា​សម្តេច​តេជោនាយករដ្ឋ​មន្រ្តី ហ៊ុន សែន គឺ​ស្តែង​ចេញ​ពី​ឆន្ទៈ​របស់​ខ្ញុំ​ពិតៗ​មិន​មាន​ជន​ណា​មួយ​មក​បង្ខិត​បង្ខំ ឬ​ជំរុញ​នោះ​ទេ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​ជន​រួម​ជាតិ​ទាំង​អស់ មេត្តា​ជ្រាប​ និង​អនុគ្រោះ​សម្រាប់​ខ្ញុំ​បាទ​នា​ឱកាស​នេះ»។

ភរិយា​របស់​លោក យឹម ស៊ីណន អ្នកស្រី​សុផាត មករា ក៏​បាន​សុំ​អន្តរាគមន៍ និង​ការ​លើក​លែង​ពី​លោក​នាយក​រដ្ឋមន្រ្តី។ បន្ទាប់​មាន​ការ​ដោះ​លែង​ស្វាមី អ្នកស្រី​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​អ្នកស្រី ដោយ​បង្ហាញ​ការ​គោរព​អរគុណ​ដល់នាយករដ្ឋ​មន្ត្រី។

អ្នកស្រីសរសេរ​រៀប​រាប់​ថា៖ «សូម​គោរព​សម្តេច​ពុក​ជា​ទី​គោរព ប្តី​របស់​កូន​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ។ ពេល​នេះ​គាត់​បាន​ជួប​កូនៗ គាត់​វិញ​ហើយ កូន​សូម​ថ្វាយ​បង្គំ​ថ្លែង​អំណរគុណ​ដល់​សម្តេច​ពុក​ដែល​លោក​បាន​សណ្តោស​ប្រណី អាណិត​អាសូរ​ដល់​គ្រួសារ​ដ៏​កម្សត់​មួយ​នេះ កូន​ស្រី​និង​ក្រុម​គ្រួសារ​ទាំង​អស់​សូម​ថ្លែង​អំណរគុណ​ដល់​សម្តេច​ពុក និង​ជូន​ពរ​សម្តេច​ពុក​ទទួល​បាន​សុខភាព​ល្អ រឹង​មាំ គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូន​ចៅ»។

​នៅ​ក្នុង​ការ​បង្ហោះ​សារ​របស់​អ្នកស្រី លោក ហ៊ុន សែន ក៏​បាន​តប​ទៅ​កាន់​សារ​នោះ​ថា​លោក យឹម ស៊ីណន សំណាង​ហើយ​ដែល​មាន​ភរិយា​ល្អ ហើយ​មិន​ទៅ​ពឹង​បរទេស ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឱ្យជួយ ក្រៅ​ពី​អំពាវនាវ​រក​ជំនួយ​ពី​នាយក​រដ្ឋមន្រ្តី។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ពុក​ជា​មនុស្ស​ចិត្ត​រឹង​ជា​មួយ​មនុស្ស​អាក្រក់ តែ​ក៏​ជា​មនុស្ស​ចិត្ត​ទន់​ជា​មួយ​មនុស្ស​ល្អ។ ជា​សំណាង​កូន​ហើយ​ដែល​ភរិយា​កូន​មិន​បាន​ទៅ​ពឹង​ជន​បរទេស​ ឬ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ប្រឆាំង​ឱ្យ​មក​គាប​សង្កត់​រាជ​រដ្ឋាភិបាល ដើម្បីដោះ​លែង​កូន។ ពុក​ជា​មនុស្ស​ក្បាល​រឹង​ជា​មួយ​ការ​គាប​សង្កត់​ពី​បរទេស»។

ការ​ដែល​លោក យឹម ស៊ីណន អាច​ចេញ​វីដេអូ​ពី​បន្ទប់​ឃុំ​ឃាំង​នៃ​ពន្ធនាគារ​ព្រៃស ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​លោក​ទទួល​បាន​ការ​អនុញ្ញាត​ពិសេស​មួយ។

លោក នុត សវនា អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ករណី​ជន​ជាប់​ទោស​លោក​ យឹម ស៊ីណន​ អាច​ប្រើ​ប្រាស់​ឧបករណ៍​ថត​ជា​វីដេអូ​នៅ​ក្នុង​ពន្ធនាគារ​បាន គឺ​មិន​មែន​ជា​ករណី​ទូទៅ​ទេ វា​ជា​ករណី​កម្រ​មួយ​ដែល​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការស្នើ​សុំ​ពី​ខាង​ក្រុម​គ្រួសារ និង​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ។

លោក​ថ្លែង​ថា៖ «ករណី​ហ្នឹង ទើប​តែ​កើត​មាន​ម្តង​ហ្នឹង​ទេ​ វា​មិន​ដែល​មាន​ករណី​ហ្នឹង​ទេ ប៉ុន្តែ​អាហ្នឹង​វា​ជា​ករណី​កម្រ​ដែល​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ យើង​អត់​មាន​អី​មាន​យោបល់​អី​លើស​ពី​ហ្នឹង​ទេ ដែល​យើង​ត្រូវ​អនុវត្ត​តាម​តែ​ប៉ុណ្ណឹង»។

លោក​បន្ថែម​ថា​ជា​ទូទៅ អាជ្ញាធរ​ពន្ធនា​គារ​មិន​អនុញ្ញាត​ឱ្យ​មាន​ការថត​ឬ​ថ្លែង​ជា​សុន្ទរកថា​នៅ​ក្នុង​ពន្ធនាគារ​ឡើយ។

ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី តាម​រយៈ​ការ​សម្រប​សម្រួល​ពី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ តុលា​ការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​លោក យឹម ស៊ីណន ដែល​ត្រូវ​បាន​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​នេះ​ជា​នីតិ​វិធី​ផ្លូវ​ច្បាប់​មួយ ដែល​លោក​ថា​ចៅ​ក្រម​អាច​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ក្នុង​ករណី​ជន​ជាប់​ចោទ​ដឹង​កំហុស និង​ចូល​រួម​សហការ​ក្នុង​ដំណើរ​នីតិ​វិធី​របស់​តុលាការ។

លោក​បញ្ជាក់​ថា៖ «និយាយ​រួម​នីតិ​វិធី​ច្បាប់ អត់​មាន​ទាស់​ខុស​អី​ទេ ចំពោះ​បទ​ល្មើស​ស្រាល​ដូច​ជា បរិហារ​កេរ្តិ៍​អី​ជា​ដើម​-ល- កាល​ណា​ដឹង​កំហុស​ហើយ​ចូល​រួម​សហការ​ជា​មួយ​តុលាការ សមត្ថកិច្ច អាហ្នឹង​ចៅ​ក្រម​គាត់​អាច​ផ្តល់​នូវ​ការ​សម្រាល ដោយ​ឱ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ឱ្យ​ចូល​រួម​ដំណើរ​ការ​របស់​តុលាការ​តទៀត​បាន អាហ្នឹង​ជា​នីតិ​វិធី​ច្បាប់​អត់​មាន​ទាស់​ខុស​អី​ទេ»។

ទោះ​ជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ថា​តើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​លោក យឹម ស៊ីណន ឬ​យ៉ាងណា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ប្លង់ សុផល អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​កាល​ពី​សប្តាហ៍​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​នយោបាយ​គណបក្ស​ប្រឆាំង​២​នាក់ គឺ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ក្រោម​បទ​ចោទ​ប្រកាន់​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។ លោក ហ៊ុន កុសល នៅ​បន្ត​ជាប់​ឃុំ​នៅ​ឡើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ៕