លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានផ្តល់អនុសាសន៍ដល់សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF-27)រួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ។
ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ដែលធ្វើឡើងក្នុងក្រុងអង្គរខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងថា ក្រោមនយោបាយ ឈ្នះ-ឈ្នះរបស់លោក កម្ពុជាមានសុខសន្តិភាពពេញលេញក្នុងរយៈពេល២០ឆ្នាំនេះ និងបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ជាបន្តបន្ទាប់។ លោកបានបន្ថែមដោយផ្តល់ជាអនុសាសន៍សំខាន់ចំនួន៥ចំណុចដល់អ្នកចូលរួម ដែលអ្នកជាតំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិកប្រមាណជាជិត៣០ប្រទេសនោះ។ លោកនិយាយថា ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីអង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចចំនួន៣៤ឆ្នាំមកហើយនោះ បញ្ជាក់ពីចំណុចទី២នៃអនុសាសន៍នោះថា៖
«ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក»។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ដល់១៧ខែមករា ឆ្នាំ២០១៩។ វេទិកាក្រោមប្រធានបទ«ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»នេះមានការចូលរួមពីសមាជិកសភានិងថ្នាក់ដឹកនាំមួយចំនួនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបន្ថែមក្នុងវេទិកានោះថា ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើង តាមរយៈការចរចាដោយសន្តិវិធី ឬដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឲ្យភាគីជម្លោះទាំងសងខាងឈ្នះ-ឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នា ដោយសុខសន្តិភាព។ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរ ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សទាំងនៅក្នុងតំបន់ និងលើពិភពលោក ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យបានប្រាប់ VOA ថា ការថ្លែងផ្តល់អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនគ្រាន់តែជាការបិទបាំងការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលអន្តរជាតិចាត់ទុកថា ជាប្រជាធិបតេយ្យដែលខ្ទេចខ្ទីប៉ុណ្ណោះ។ លោកបន្ថែមថា រដ្ឋបាលរបស់លោកហ៊ុន សែនគួរតែអនុវត្តការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យពេញលេញ ដើម្បីជាគំរូពិតប្រាកដជាមុនសិន។
លោកបញ្ជាក់ថា៖
«បើសិនជារដ្ឋាភិបាលកម្ពុជាបានធ្វើនូវអ្វីដែលបានថានោះ អានេះវាជាទិដ្ឋភាពមួយប្រសើរបំផុតសម្រាប់ប្រទេសខ្លួនឯងផង សម្រាប់ប្រទេសដទៃដែលបានចូលរួមប្រជុំផង។ ប៉ុន្តែបើសិនជាយើងមិនបានធ្វើអាហ្នឹងទេ ហើយយើងដើរប្រដៅគេ អាហ្នឹងដូចខ្មែរយើងហៅថាគីង្គក់លក់ថ្នាំស្រែង។ រឿងផ្ទះឯងដោះស្រាយមិនរួច ទៅផ្តល់យោបល់ឲ្យគេអ៊ីចឹង»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីទៅកាន់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនោះធ្វើឡើងខណៈដែលកម្ពុជាកំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន ដោយសារការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើក្រុមសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ។ ក្រោយការឈ្នះឆ្នោតដោយមិនមានការចូលរួមពីគណបក្សប្រឆាំង គណបក្សកាន់អំណាចរបស់លោកហ៊ុន សែនបាននិងកំពុងដឹកនាំប្រទេសដោយឯកបក្ស។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ វេទិកានេះបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន២៧ប្រទេស ដែលផ្តល់ឱកាសដល់សមាជិកសភានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗខាងផ្នែកនយោបាយ សង្គម និងវប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច៕