លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការនៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ចាកចេញ​ពី​វេទិកា​បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

តប​តាម​ការ​អញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ចិន ​គឺ​លោក ​លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ លោក ហ៊ុន ម៉ាណែត​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃទី​១៤ ដល់១៦ ខែកញ្ញា​ ឆ្នាំ​២០២៣​។ នេះ​បើ​តាមអ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ អ្នក​ស្រី​ Mao Ning ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​ទី​១១ ខែកញ្ញា​។

បើ​តាម​អ្នកនាំពាក្យ​រូបនោះ លោក ហ៊ុន ម៉ាណែត​ នឹង​ជួបជាមួយ​បណ្តា​មេដឹកនាំ​កំពូលៗ​របស់ចិន​រួមមាន​ លោកស៊ី ជិនពីង​ ​(Xi Jinping) ប្រ​ធា​នា​ធិបតី​ចិន​ លោក លី ឈាង​ នាយក​រដ្ឋមន្ត្រី​ចិន​ និង​មេដឹកនាំ​ផ្សេងៗ​ទៀត​។

អ្នកស្រីបន្ថែម​ថា​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មក​កាន់ប្រទេស​ចិន​បន្ទាប់ពី​លោក ហ៊ុន​ ម៉ាណែត​ ក្លាយ​ជានាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី​២២ ខែសីហា​ ឆ្នាំ​២០២៣ និង​ថា​នេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នៅ​ក្នុង​ទំនា​ក់ទំ​នង​ជាមួយ​ចិន។

អ្នកស្រី​បញ្ជាក់ថា​៖«តាម​រយៈដំណើរ​ទស្សនកិច្ច​នេះ​ ចិនរង់​ចាំ​ដាក់ផែនការ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និងចិន​នៅថ្ងៃ​អនាគត​ ជាពិ​សេស​ពង្រឹង​គំនិត​ផ្តួច​ផ្តើម​កិច្ច​សហ​ប្រតិ​បត្តិ​ការរួម​មាន«ច្រក​ទ្វារ​អភិវ​ឌ្ឍន៍​ឧស្សា​ហ​កម្ម និង​ច្រកទ្វារត្រី​និង​ស្រូវ​» ឱ្យលឿន​តាម​ដែល​អាចធ្វើទៅ​បាន​»។

កម្ពុជា​ត្រូវ​បាន​អ្នកវិភាគ​ខ្លះ​មើល​ឃើញថា​ នៅរក្សា​ចំណង​ទាក់​ទង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ដែល​កំពុង​ប្រកួត​ប្រជែង​ជាមួយនឹងសហរដ្ឋអាមេរិក​ លើ​បញ្ហា​ជាច្រើន​ ដែល​មាន​ទាំង​ក្នុងការ​ដណ្តើម​ឧត្តម​ភាព​ភូមិ​សាស្ត្រ​នយោបាយ​ យោធា និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ នៅ​ផ្នែកខ្លះ​ទៀត​របស់​សាកល​លោក​។

​អ្នក​វិភាគ​នយោបាយ​ លោក ​សេង សារី​ ប្រាប់​វីអូអេ​ថា​ ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ចិន​និង​អាមេរិក​គឺ​កំពុង​តែ​កើន​កម្តៅ​នៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍។

អ្នក​វិភាគ​រូបនេះ​ចោទ​សួរ​ពី​ភាព​វ័យ​ឆ្លាត​នៅ​ក្នុង​ការ​រក្សា​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​នេះ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ហើយ​ពិភពលោក​កំពុង​ឃើញ​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ស្រួច​ស្រាល់​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​។​

លោក​ថ្លែង​ថា​៖ «​តើ​កម្ពុជា​ហ្នឹង​ position ​(ជំហរ) ​ដាក់​ទី​តាំង​ កំណត់​ទី​តាំង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​បច្ចុប្បន្ន​នេះដោយ​របៀប​ណា​ដើម្បី​ធ្វើ​ម៉េច​អាច​ទាញផល​ប្រយោជន៍​ឱ្យ​ច្រើន​បំផុត​ពី​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​របស់​មហា​អំណាច​ទាំង​ពីរ​ហ្នឹង»។

ដោយឡែក​ អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក ​លឹម ឆាយ ​យល់​ថា កម្ពុជា​ និង​ចិន​បន្ត​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ​ព្រោះ​ប្រទេស​ទាំង​ពីរ​ត្រូវ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​របៀប​វារៈជាក់​លាក់​ក្នុង​វិស័យ​នយោបាយ និង​ការ​ទូត​។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«វា​ច្បាស់​ណាស់​ថា​ កម្ពុជា​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​ហើយ​កម្ពុជា​ចាត់ទុក​ករណី​នៅ ​Xinjiang ​ ហុងកុង ​និង​តៃវ៉ាន់​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន ​ដោយ​មិន​ជ្រៀតជ្រែក។ ​ត្រឡប់​មក​វិញ ​ចិន​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា»។​

ទោះ​ជា​យ៉ាងណា ​លោក​ព្រមាន​ថា​ កម្ពុជា​មិន​គួរ​ដើរ​តែតាម​ដានជើង​របស់​ចិន​នោះ​ទេ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​លើអធិប​តេយ្យភាព​និង​ឯករាជ្យ​ភាព​នៃ​គោល​នយោបាយ​ការ​បរទេស​និយម​កណ្តាល​របស់​កម្ពុជា​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ប៉ែន​ បូណា​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះ​ថា​ ក្រោម​ការដឹកនាំ​របស់​លោកហ៊ុន ម៉ាណែត​ កម្ពុជា​បន្ត​រក្សា​គោលនយោបាយ​ការបរទេស​ស្រប​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ ​ដែល​ចែង​អំពី​ការ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលជំហរអព្យា​ក្រឹត អចិន្ត្រៃយ៍ ​និង​មិន​ចូល​បក្ស​សម្ព័ន្ធ។

លោកថ្លែង​ថា​៖«បើសិន​ជាទំនាក់ទំនង​មួយមើល​ទៅឃើញ​ថា​វា​រាង​ជិត​ស្និទ្ធជា​មួយ​គ្នា​ខ្លាំង​ ដោយសារតែ​មាន​ផល​ប្រយោជន៍​ឱ្យគ្នា​ទៅវិញ​ទៅមក មាន​សកម្មភាព​ច្រើន​ មាន​គម្រោង​ច្រើន​ ដែលត្រូវ​ធ្វើការ​ជាមួយគ្នា​។អ៊ីចឹង​មើល​ទៅ​ហាក់បី​ដូច​ជាឃើញ​ថា​រាងស្និទ្ធ ប៉ុន្តែ​ជារឿង​ធម្មតា​ទេនេះ​។សំខាន់​នៅត្រង់​បន្ទាត់​គោល​នយោបាយ​កម្ពុជា​គឺ​រាប់​អាន​មិត្តភក្តិ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ហ្នឹង។​ មិនថា​ប្រទេស​តូច​ ប្រទេស​ធំទេ​គឺស្មើភាពគ្នា​»។

លោក​ ហ៊ុន ម៉ាណែត ធ្លាប់​បានបាន​បញ្ជាក់​នៅក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​កាល​ពីកន្លង​ទៅ​ថា ​កម្ពុជា​នៅតែ​រក្សា​គោល​«ជំហរ​ឥត​ប្រែប្រួល»​ របស់​រដ្ឋាភិបាល​ថ្មី​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន។​លោក ​ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ថា ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ។​

នៅក្នុង​ដំណើរ​មកកាន់​កម្ពុជា​រយៈពេល​២ថ្ងៃកាល​ពីកន្លង​ទៅ​ លោក​ វ៉ាង យី​ រដ្ឋ​មន្ត្រី​ការ​បរទេសចិន​ក៏​ធ្លាប់បាន​លើកឡើង​ដែរថា​ប្រទេស​ចិន​គាំទ្រ​យ៉ាង​រឹងមាំ​ដល់​ប្រទេស​កម្ពុជា​ និង​«មាន​ទំនុក​ចិត្ត​យ៉ាង​ស៊ី​ជម្រៅ» ចំពោះ​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា៕