ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារតែការសេពគ្រឿងស្រវឹង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមានការពង្រឹងនូវការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ឡើងវិញ។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នៅសណ្ឋាគារសុខា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤។
បើតាមលោក ហ៊ុន ម៉ាណែត គ្រោះថ្នាក់ធំជាងគេគឺគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ត្រូវតែចាត់វិធានការ ដើម្បីកុំឱ្យមានសោកនាដកម្ម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ទី ១ អារឿងស្រវឹងហ្នឹង ដូចច្រើន បុកអីនេះ។ ខ្ញុំសុំឱ្យឯកឧត្តម ស ថេត [អគ្គស្នងការនគរបាលជាតិ] ឱ្យពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុល ជាតិអីឡើងវិញ ព្រោះអាហ្នឹងសោកនាដកម្មណាស់។ ឧទាហរណ៍អារឿងអីថ្ងៃមុននេះ យើងមើលទៅដឹងហើយ អត់មាននរណាចង់ទេ សូម្បីតែអ្នកបើកក៏មិនចង់ដែរ ប៉ុន្តែអាហ្នឹង(ស្រា) វានៅក្នុងខ្លួន។ អ៊ីចឹងត្រូវធ្វើម៉េចទប់អាហ្នឹងកុំឱ្យវាចូលខ្លួន ហើយត្រូវបើកបរដោយប្រយ័ត្នប្រយែង។ ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ អាហ្នឹង។ មហាជនត្រូវចូលរួម សាមីខ្លួនតែម្តង»។
លោក ហ៊ុន ម៉ាណែត អះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះមិនមែនកើតឡើងតែនៅក្នុងទីក្រុងភ្នំពេញទេ ប៉ុន្តែនៅតាមបណ្តាខេត្តក៏មានច្រើនដែរ។
តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី លោក ស សុខា លើកឡើងថា នៅក្នុងឆ្នាំ ២០២៣ ជនរងគ្រោះជាង ១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ហើយមូលហេតុចម្បង គឺដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ លោកបន្ថែមថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹងមិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតកគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។
លោកបញ្ជាក់ថា៖ «ខ្ញុំមានសេចក្ដីសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទម្លាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…»។
អ្នកតាមដានកត់សម្គាល់ឃើញថា មិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងស្រវឹង ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានប្រាប់វីអូអេថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនដោយសារតែគ្រឿងស្រវឹង ប៉ុន្តែលោកថាមានការជជែកច្រើនពីគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិននិយាយច្រើនអំពីវិធានការ និងការគ្រប់គ្រងគ្រឿងស្រវឹងនោះឡើយ។
បើតាមអ្នកតាមដានរូបនេះ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ជាពិសេសហាមឃាត់ការផ្សាយពាណិជ្ជកម្មពេញផ្ទៃប្រទេស គឺជាវិធានការដ៏មានឥទ្ធិពលមួយផងដែរ។
លោកថ្លែងថា៖ «រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាគ្រឿងស្រវឹងនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ ទី ១ គឺត្រូវតែអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវពាក់ព័ន្ធជាមួយនឹងល្បឿន ពាក់ព័ន្ធនឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព័ន្ធនឹងការដាក់ទោសទណ្ឌ។ អ្នកដែលបង្កត្រូវតែដាក់ទោសទណ្ឌឱ្យបានសមស្របទៅតាមច្បាប់ មិនអាចលើកលែង ដើម្បីមានការរាងចាល។ បើគាត់បើកក្នុងស្ថានភាពគ្រឿងស្រវឹងទៀត ត្រូវតែដាក់ទៅតាមហ្នឹងដែរ»។
លោក យង់ គិមអេង ថា ចំណាត់ការត្រឹមតែពន្យល់ ដោយមិនមានវិធានការថ្មី គឺមិនអាចទប់ស្កាត់បានឡើយ ហេតុនេះត្រូវតែមានវិធានការដើម្បីប្តូរឥរិយាបទរបស់អ្នកស្រវឹង និងអ្នកបើកបរ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គិតពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៨១ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាង ៣០៧នាក់ ក្នុងនោះ ៨០នាក់បានស្លាប់។ អាជ្ញាធរកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបណ្តាលមកពីបើកបរល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែង និងបត់គ្រោះថ្នាក់ និងស្រវឹង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូចំនួន ៣ករណី នៅរាជធានីភ្នំពេញដែលបង្កឡើងដោយសារការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្រោមឥទិ្ធពលជាតិស្រវឹង។ ករណីទី ១ កើតឡើងកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយជនបង្កបុកបុរសជិះម៉ូតូម្នាក់ស្លាប់។ ករណីទី ២ កើតឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ដែលបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។ ចំណែកករណីទី ៣ កើតឡើងកាលពីថ្ងៃទី ២០ ខែមករា ដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួស ៤នាក់៕